ភាព​ខុសគ្នា​រវាង​មនុស្ស​ប្រុស និង មនុស្សស្រី​ លើ​ទស្សនៈ​ស្នេហា

ក្រុម​យុវវ័យ​បាន​លើក​ឡើង​ថា មនុស្ស​ប្រុស​ផ្ដើម​សេចក្ដី​ស្នេហា​តាម​ចិត្ត​ចង់ តែ​មនុស្ស​ស្រី​ស្រឡាញ់​មនុស្ស​ប្រុស​មិនមែន​តាម​ចិត្ត​ចង់​នោះ​ទេ គេ​គិត​ថា គេ​ស្រឡាញ់​ទើប​គេ​ស្រឡាញ់។

 

យុវជន​ ហ៊ុន សេរ័ត្ន និស្សិត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​បញ្ចេញ​យោបល់​ថា “ខ្ញុំ​ទទួល​ស្គាល់​ថា មនុស្ស​ប្រុស​ស្រឡាញ់​មនុស្ស​ស្រី​ គឺ​តាម​ចិត្ត​ចង់”។

 

យុវជន​រូប​នេះ បាន​លើក​ឡើង​ទៀត​ថា ជួន​កាល​មនុស្ស​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ក៏​មាន​ ដោយ​មិន​បាន​ពិចារណា​អ្វី​ទាំង​អស់ ឲ្យ​តែ​ឃើញ​ស្អាត​ គឺ​ស្រឡាញ់​ហើយ។

 

ភាព​ខុសគ្នា​រវាង​មនុស្ស​ប្រុស និង មនុស្សស្រី​ លើ​ទស្សនៈ​ស្នេហា

 

ចំពោះ​ការ​ស្រឡាញ់​របស់​មនុស្ស​ស្រី​វិញ កញ្ញា លីណា បុគ្គលិក​ក្រុម​ហ៊ុន​មួយ​បាន​បញ្ចេញ​យោបល់​ថា “មនុស្ស​ស្រី​មិន​ចេះ​តែ​ស្រឡាញ់​នោះ​ទេ ខ្ញុំ​ជឿថា ស្រីៗ​គ្រប់​រូប​តែងតោង​គិត​ដល់​មនុស្ស​ប្រុស​ណា​ម្នាក់​ដែល​ជាទី​ពឹង​ទៅ​អនាគត​បាន​ មិន​មែន​មើល​សម្រាប់​តែ​ថ្ងៃ​នេះ​នោះទេ”។

 

លីណា និយាយ​បន្ដថា មនុស្ស​ប្រុស​ស្រឡាញ់​ដោយ​មើល​ពី​បច្ចុប្បន្ន​ភាព​របស់​មនុស្ស​ស្រី តែ​មនុស្ស​ស្រី​វិញ តែង​មើល​ពី​អនាគត​របស់​មនុស្ស​ប្រុស។

 

ដូច្នេះ ប្រសិន​បើ​មនុស្ស​ប្រុស​ចង់​តាម​ស្រឡាញ់​មនុស្ស​ស្រី​ឲ្យ​បាន​ជោគជ័យ​ គឺ​មនុស្ស​ប្រុស​នោះ​ត្រូវ​ធ្វើ​ខ្លួន​យ៉ាង​ណា​ឲ្យ​មនុស្ស​ស្រី​ជឿជាក់​ថា ខ្លួន​អាច​ផ្ដល់​សុភមង្គល​​ពិត​ប្រាកដ​ដល់​មនុស្ស​ស្រី។ ទន្ទឹម​នឹង​នេះ ការ​បង្ហាញ​ពី​ភាព​រឹងមាំ ស្មោះត្រង់​ និង សេដ្ឋកិច្ច​សម​ល្មម​នោះ គឺ​មនុស្ស​ស្រី​អាច​នឹង​ពិចារណា​ជា​គូ​អនាគត​ហើយ។

 

ចំពោះ​មនុស្ស​ស្រី​វិញ ត្រូវ​បង្ហាញ​អំពី​អត្តចរិត​សមរម្យ ភាព​ស្មោះត្រង់​ ចេះ​លៃលក​ និង ភាព​ជា​មេផ្ទះ​ដ៏​ល្អ ព្រម​ទាំង​ការ​រៀប​ចំ​តុបតែង​ខ្លួន​ឲ្យ​សមរម្យ​ចូល​ចំណោម​គេ​ គឺ​ប្រាកដ​ណាស់​មនុស្ស​ប្រុស​នឹង​អាច​ងាក​មក​គិតគូរ​ជា​អនាគត​ពិតប្រាកដ មិនមែន​ជា​មនោសញ្ចេតនា លេង​សើច។

 

 

ចុះ​ប្រិយមិត្ត​វិញ មាន​យោបល់​ដូច​ម្ដេច​ដែរ​ ជុំវិញ​បញ្ហា​នេះ?

 

អត្ថបទ៖ វិបុត្រ