​ករណី​អ្នក​ប្រឌិត​រឿង​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​លោក អេង ឆៃអ៊ាង ស្នើ​ឲ្យ​អ្នកច្បាប់​ចាត់ការ​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បានបញ្ជាក់​នៅ​នៅ​ចុង​សប្តាហ៍​នេះ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែនជា​អ្នក​នៅ​ពីក្រោយ​ករណី​អ្នក​ប្រឌិត​រឿង​លោក ហ៊ុន ម៉ា​ណែ​ត មិនមែនជា​កូនលោក ហ៊ុន សែន នោះទេ ហើយ​ថាបើ​អ្នក​ប្រឌិត​នោះ​ពិតជា​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​ឲ្យ​រួចខ្លួន​ឡើយ ពោលគឺ​នឹងមាន​វិធានការ​ដាក់វិន័យ​មិន​ខាន​។​

លោក អេង ឆៃអ៊ាង បាន​ពន្យល់ថា​ដោយសារតែ​អ្នក​ប្រឌិត​រឿង​លោក ហ៊ុន ម៉ា​ណែ​ត មិនមែនជា​កូនលោក ហ៊ុន សែន មិនមែនជា​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ វា​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​ដាក់វិន័យ​លើ​ពួកគេ​បានឡើយ ព្រោះ​វា​គ្មាន​សមត្ថកិច្ច​។ ចំពោះមុខ​បញ្ហា​នេះ លោក អេង ឆៃអ៊ាង ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​មានការ​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​បុគ្គល ឬក៏​ក្រុម​ដែល​ប្រឌិត​រឿង​លោក ហ៊ុន ម៉ា​ណែ​ត មិនមែនជា​កូនលោក ហ៊ុន សែន ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់​។​

គួរ​បញ្ជាក់ថា ក្នុង​សប្តាហ៍​នេះ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រតិកម្ម​ទៅនឹង​អ្នក​ដែល​បាន​ប្រឌិត​ករណី​រឿង​លោក ហ៊ុន ម៉ា​ណែ​ត មិនមែនជា​កូន​របស់លោក ហើយ​លោក​ចាត់ទុក​សកម្មភាព​ប្រឌិត​រឿងអាស្រូវ​នោះ​ថា​ជាការ​ប្រមាថ​មកលើ​ក្រុមគ្រួសារ​របស់លោក និង​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ជា​សាធារណៈ​ពី​សំណាក់​សាធារណជន​។​

ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ជា​បន្តបន្ទាប់​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​គោលនយោបាយ​ឲ្យ​សកម្មជន និង​អ្នកគាំទ្រ​របស់ខ្លួន​ធ្វើ​សកម្មភាព​ឃោសនា​ខុសសីលធម៌​ផ្ទុយ​ពី​ការពិត និង​ផ្ទុយ​ច្បាប់​របស់​រដ្ឋ​នោះទេ ព្រោះ​វា​មិនបាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​រីកចម្រើន ហើយ​ថែមទាំង​អាចធ្វើ​ឲ្យ​បែកបាក់​ជាតិ​។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា គណបក្ស​ង្គ្រោះ​ជាតិ​មិនមែនជា​គណបក្ស​មាន​គោលនយោបាយ​លាប​ពណ៌​ទៅលើ​គណបក្ស​ផ្សេង ឬ​បុគ្គល​ណា​ទេ តែ​ផ្ទុយទៅវិញ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ជនរងគ្រោះ​ពី​ការ​លាប​ពណ៌​៕

68b661e9-6bfb-46b1-8fec-395261eb8976