លោក អ៊ុយ ប៉ាង ថៅកែ​រោងចក្រ​ទុយោ​ខេ​អេ​ភី ចាក់ដី​លុប​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១​តាម​អំពើ​ចិត្ត​

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា បឹង​ទឹកជោរ​ដែលជា​អតីត​ដែន​ឡូត៍​នេសាទ​លេខ​១​កំពុង​ត្រូវ​ឈ្មួញ​ចាក់ដី​លុប​តាម​អំពើ​ចិត្ត​ដោយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មិនអាច​ទប់ស្កាត់បាន​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែល​ចាក់ដី​លុប​បឹង​ទឹកជោរ​អតីត​ឡូត៍​នេសាទ​លេខ​១​នោះ គឺ​លោក អ៊ុយ ប៉ាង ថៅកែ​រោងចក្រ​ទុយោ​ខេ​អេ​ភី ដែលមាន​លុយ​និង​មានអំណាច​ខ្លាំង​។ ការដែល​ឈ្មួញ​ឈ្មោះ អ៊ុយ ប៉ាង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ជាមួយ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល អភិបាលស្រុក​ស្អាង និង​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ស្អាង​ផងដែរ​។

មន្ត្រី​អាជ្ញាធរ​តូចតាច​នៅក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ថៅកែ​ដឹក​អាចម៍ដី​ទៅ​ចាក់​លុប​បឹង​ទឹកជោរ​ឲ្យ​ឈ្មួញ​ឈ្មោះ អ៊ុយ ប៉ាង នោះ​គឺ​លោក អ៊ុក រ៉ា​ឌី​ន ដែលជា​ឈ្មួញ​ជីក​អាចម៍ដី​លក់​នៅក្នុង​ស្រុក​ស្អាង​ល្បីឈ្មោះ​ជា​យូរ​មកហើយ​។ ឈ្មោះ អ៊ុក រ៉ា​ឌី​ន បាន​ជីករណ្ដៅ​ដី​នៅក្នុង​ភូមិ​របស់​ប្រជាពលរដ្ឋ​ដែលមាន​ជម្រៅ​យ៉ាងជ្រៅ ហើយ​ដឹកជញ្ជូន​ទៅ​ចាក់​លុប​បឹង​ទឹកជោរ ដោយមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​ជំនាញ និង​មន្ទីរ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ផងដែរ​។ ហេតុនេះហើយ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន បើទោះបី​បឹង​ទឹកជោរ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​យ៉ាងណាក៏ដោយ​។

មន្ត្រីរាជការ​សាលាខេត្ត​កណ្ដាល បាន​បង្ហើប​ឲ្យ​ដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​អភិបាលខេត្ត​កណ្ដាល និង​អភិបាលស្រុក​ស្អាង​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ អ៊ុយ ប៉ាង មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ប៉ុន្តែ​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ដូចជា មន្ត្រីរដ្ឋបាល​ជលផល និង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ទើប​ឈ្មួញ​ឈ្មោះ អ៊ុយ ប៉ាង និង​ឈ្មួញ​រកស៊ី​ដឹក​អាចម៍ដី​លក់​ឈ្មោះ អ៊ុក រ៉ា​ឌី​ន អាចធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បឹង​ទឹកជោរ​អតីត​ដែន​ឡូត៍​នេសាទ​លេខ​១​ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង កំពុង​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​លោក អ៊ុយ ប៉ាង ហើយ​ព្រោះ​ឈ្មួញ​រូបនេះ​កំពុង​ចាក់ដី​លុប​យ៉ាង​សុខ​ស្រួល​៕

13210950_1026491867444403_1506802160_o 13241713_1026491874111069_2012970416_o 13230879_1026491847444405_647276295_o 13241429_1026491887444401_1368401527_o