ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​រាប់សិប​កន្លែង​របស់​ជនជាតិ​យួន​ក្នុង​ក្រុង​បាន​លុង នៅតែ​អាច​ដំណើរការ​យ៉ាង​រលូន​

​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ដោយសារតែ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​បក្ខពួក គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ទើប​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាង​៧០​កន្លែង​នៅ​ក្រុង​បាន​លុង អាច​ដំណើរការ​ដោយ​រលូន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ក្នុងចំណោម​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាង​៧០​កន្លែង គឺ​ភាគច្រើន​មាន​ម្ចាស់​ជា​ជនជាតិ​យួន ហើយ​ជនជាតិ​យួន​ទាំងនោះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ ហេតុនេះហើយ​ទើប​ឈ្មួញ​យួន​អាច​បន្ត​ដំណើរការ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​យ៉ាង​រលូន ព្រោះ​ពុំមាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។

មន្ត្រីរាជការ​ក្នុង​ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ដែល​ភាគច្រើន​ជា​ជនជាតិ​យួន ពួកគេ​ប្រមូល​ទិញ​ឈើ​ប្រណីត​ដូចជា បេង ធ្នង់ គ្រញូង សុ​ក្រំ និង​ស្រឡៅ​ជាដើម យកមក​បម្រើ​សេចក្ដីត្រូវការ​របស់ខ្លួន​ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​។ ជាងនេះទៅទៀត​ម្ចាស់​សិប្បកម្ម​មួយចំនួន​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ជា​ជនជាតិ​យួន​ដូចគ្នា ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ហើយ​មានការ​បែងចែក​ផលប្រយោជន៍​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​។ លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នោះទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​នានា​ក្នុង​ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា ម្ចាស់​សិប្បកម្ម​ភាគច្រើន​ដែលជា​ជនជាតិ​យួន ហើយ​មាន​ខ្នងបង្អែក​ចាំ​ការពារ​បាន​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​គ្រប់​ប្រភេទ​ទៅ​លក់​នៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មាន​ឈ្មួញ​ខ្មែរ​ខ្លះ​បាន​ស៊ីឈ្នួល​ដឹកជញ្ជូន​ឈើ​ប្រណីត​ឲ្យ​ឈ្មួញ​យួន​យកទៅលក់​នៅតាម​ព្រំដែន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​ឡើយ​។ ដោយសារតែ​នៅក្នុង​ក្រុង​បាន​លុង មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាង​៧០​កន្លែង ហើយ​ភាគច្រើន​មាន​ម្ចាស់​ជា​ជនជាតិ​យួន ទើប​បទល្មើស​កាប់​ឈើ​នៅ​ស្រុក​លំផាត់ ស្រុក​កូន​មុំ ស្រុក​វ៉ើ​ន​សៃ ស្រុក​អណ្ដូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ ជាដើម​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល ហើយ​ចៀស​មិន​ផុតពី​វិនាស​សាបសូន្យ​នោះទេ​។ ប្រការនេះ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម លោក វេ​ង សាខុន មិនគួរ​មើលរំលង​តទៅទៀត​ឡើយ ព្រោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តរតនគិរី ចេញទៅ​ស្រុក​យួន​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​ដូច​មុន​ដដែល​៕

13219913_1026492254111031_260343633_n 13224309_1026492244111032_14818823_o 13225271_1026492274111029_1542579982_o dsds-321លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី