ហេតុអ្វី​អាជ្ញាធរ​ខេត្តក្រចេះ បណ្ដោយ​ឲ្យ​មាន​កុងត្រូលជជុះ​យ៉ាង​អនាធិបតេយ្យ​?

​ករណី​កុងត្រូលជជុះ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ស្រុក​សំបូរ ស្រុក​ចិត្រ​បុរី និង​ស្រុក​ស្នួល ខេត្តក្រចេះ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំងក្លា​ទៅលើ​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​នេះ ដែល​មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​លុបបំបាត់​កុងត្រូលជជុះ​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​សំបូរ ស្រុក​ចិត្រ​បុរី និង​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​មាន​មនុស្ស​ជាច្រើន​ក្រុម​បាន​បង្កើត​កុងត្រូលជជុះ ហើយ​មាន​រថយន្ត​សម្រាប់​ប្រដេញ​រថយន្ត​ដឹកឈើ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​ញឹកញាប់​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​ទាំង​៣​នេះ​បាន​អំពាវនាវ​ឲ្យ​លោក សរ ចំ​រ៉ុង ជា​អភិបាលខេត្ត និង​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្ត ចាត់វិធានការ​លុបបំបាត់​កុងត្រូលជជុះ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ មាន​រថយន្ត​កាមរី​គូថ​ប៉ោង​១​គ្រឿង​ដែលជា​រថយន្ត​របស់​ម​ន្ត្រី​អង្គការ​ឃ្លាំមើល ការពារ​សត្វព្រៃ និង​ព្រៃឈើ បានធ្វើ​សកម្មភាព​ប្រដេញ​រថយន្ត​ដឹកឈើ​ម៉ាក​សាំ​យ៉ុង​១​គ្រឿង​ដែលមាន​ដឹកឈើ​ក្ដារ​តិចតួច​។ ការ​ប្រដេញ​នោះ​ចាប់តាំងពី​ចំណុច​ផ្លូវបំបែក​កែង​សណ្ដាន់ ក្នុងស្រុក​សំបូរ រហូតដល់​ចំណុច​ប្រាសាទប្រាំ ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ហើយ​រថយន្ត​ទាំង​២​បាន​ប៉ះ​គៀរ​គ្នា​រួច​ជ្រុល​ទៅបុក​រថយន្ត​សាំ​យ៉ុង​១​គ្រឿង​ទៀត​ដែល​កំពុងបើក​បញ្ច្រាសទិស​គ្នា​។ ករណី​រថយន្ត​ម៉ាក​កាមរី​គូថ​ប៉ោង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ បានធ្វើ​ឲ្យ​រថយន្ត​៣​គ្រឿង​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​និង​មាន​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​។

ក្រោយ​កើតហេតុ​រួចមក​ប្រជាពលរដ្ឋ​ក្នុងស្រុក​សំបូរ ស្រុក​ចិត្រ​បុរី និង​ស្រុក​ស្នួល បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តក្រចេះ លុបបំបាត់​កុងត្រូលជជុះ​របស់​អង្គការ​ឃ្លាំមើល​ការពារ​សត្វព្រៃ និង​ព្រៃឈើ​ជាបន្ទាន់​។ ដោយហេតុថា អង្គការ​នេះ​គ្មាន​ធ្វើ​ការងារ​អ្វី​ដើម្បី​ការពារ​សត្វព្រៃ និង​ព្រៃឈើ​នោះទេ ហើយ​បែរជា​បង្កើត​កុងត្រូលជជុះ​មាន​រថយន្ត​ចាំ​ប្រដេញ​តាម​រថយន្ត​ដឹកឈើ ដើម្បី​ជំរិត​យកលុយ​តាម​អំពើ​ចិត្ត​រហូត​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​។ ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក សរ ចំ​រ៉ុង ជា​អភិបាលខេត្ត ក៏ដូចជា​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ចាត់វិធានកា​លើ​មន្ត្រី​អង្គការ​ឃ្លាំមើល​ការពារ​សត្វព្រៃ និង​ព្រៃឈើ ដែល​បើករថយន្ត​ប្រដេញ​រថយន្ត​ដឹកឈើ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​តាមច្បាប់ ដើម្បី​ជាការ​ព្រមាន​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

12822170_1531777843784459_2119981317_nលោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ Untitled-18 Untitled-17 Untitled-16