ខឹង​មក​គោះទ្វារ​ហៅ​ច្រើនដង​ពេក​ ទាញ​កាំបិត​កាប់​​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ​

ខឹង​មក​គោះទ្វារ​ហៅ​ច្រើនដង​ពេក​ ទាញ​កាំបិត​កាប់​​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ​



ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ព្រួត​គ្នា​កាប់​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ព្រោះតែ​ជន​ដៃដល់​ខឹង​មក​គោះទ្វារ​ផ្ទះ​ជួល​ហៅ​រំខាន​ច្រើនដង​ពេក​។ ​ហេតុការណ៍​កាប់​ចាក់​គ្នា​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣​ ខែឧសភា ​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ទី​៣​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ដែល​ត្រូវ​គេ​កាប់​របួសធ្ងន់​នោះ​ឈ្មោះ ​គឹម លឹម​ហ៊ាន​ហៅ​តក់ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​កម្មករ​ដឹក​ដំឡូង​ស្នាក់នៅ​ភូមិ​ចំ​ពើ​ម​ ឃុំ​ឃ្នេ​ស្រុក​ចំការលើ​ខេត្ត​កំពង់​ចាម​បាន​រង​របួស​កញ្ចឹងក​ខាងឆ្វេង​ និង​គុម្ពត្រចៀក​ខាងឆ្វេង​។ ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់​ទី​១​ឈ្មោះ​អា ស្ពៃ អាយុ​ប្រហែល​២៧​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ​អា ស្យា អាយុ​ប្រហែល​គ្នា​ស្នាក់នៅ​ផ្ទះ​ជួល​កើតហេតុ​បាន​គេច​ខ្លួន​បាត់។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រវាង​ជនរងគ្រោះ​និង​ក្រុម​ជន​ដៃដល់​ជា​អ្នក​ស្គាល់​គ្នា​ពេលនោះ​មិន​ដឹង​ថា ​មាន​បញ្ហា​អ្វី​នោះ​ទេ​ដោយ​ជនរងគ្រោះ​បាន​មក​គោះទ្វារ​ផ្ទះ​ជួល​ហៅ​ជនសង្ស័យ​ច្រើន​មក​ព្រម​បើកទ្វារ​ក៏​មាន​ការ​ឈ្លោះប្រកែក​គ្នា​ពេលនោះ ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​បាន​ចេញ​ពី​ក្នុង​ផ្ទះ​ព្រមទាំង​កាន់​ដាវ​ម្នាក់​មួយ​មក​កាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​របួសធ្ងន់​ហើយក៏​គេច​ខ្លួន​បាត់​តែម្តង។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ជនរងគ្រោះ​ក្រោយពី​របួស​ធ្ងន់ធ្ងរ​ហើយ​ ក៏​ត្រូវ​បាន​អ្នកជិតខាង​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​ដែរ។

ដោយឡែក​ហេតុ​ការ​ណ៍កាប់ចាក់​គ្នា​មួយ​ករណី​ទៀត​បាន​កើតឡើង​ កាលពី​ព្រឹក​ថ្ងៃទី​១៣ ​ខែឧសភា ​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្បែរ​មន្ទីរពេទ្យ​កាល់ម៉ែត​ដែល​បុរស​ម្នាក់​ ត្រូវ​គេ​តាម​កាប់​បណ្ដាល​ឲ្យ​របួសធ្ងន់​ដេក​ក្នុង​ថ្លុក​ឈាម រួច​ក្រុម​ជនល្មើស​ក៏​គេចខ្លួន​បាត់​អស់​។ ចំណែក​ជនរងគ្រោះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

ពាក់ព័ន្ធ​និង​ការ​កាប់​២​ករណី​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ស្រះចក​ នា​ព្រឹក​នោះ​ដែរ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​បើក​ការស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជន​ដៃដល់​ទាំងនោះ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​៕​