អគ្គិភ័យ បំផ្លាញ​ផ្ទះ​ជួល​បង្រៀន​ភាសា​អង់គ្លេស​អស់​១​ខ្នង​ទាំង​យប់ នៅ​ព្រះវិហារ​

អគ្គិភ័យ បំផ្លាញ​ផ្ទះ​ជួល​បង្រៀន​ភាសា​អង់គ្លេស​អស់​១​ខ្នង​ទាំង​យប់ នៅ​ព្រះវិហារ​



ព្រះវិហារ ៖ អគ្គិភ័យ​ បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​ ដែល​បាន​ជួល​បើក​សាលាបង្រៀន​ភាសា​អង់គ្លេស​ និង​កុំព្យូទ័រ​យ៉ាង​សន្ធោសន្ធៅ បំផ្លាញ​ទ្រព្យសម្បត្តិ​ និង​របស់របរ​ខ្ទេច​គ្មាន​សល់ ​កាលពី​វេលា​ម៉ោង​០៩​និង​០៥​នាទី​យប់​ ថ្ងៃ​ទី​១៣​ ខែ​ឧសភា​ ឆ្នាំ​២០១៦ ​ស្ថិតនៅ​ភូមិ​កណ្តាល​ សង្កាត់​កំពង់​ប្រណាក ​ក្រុង​ព្រះវិហារ។

សេចក្ដីរាយការណ៍​បានឲ្យដឹងថា​ ហេតុការណ៍​ឆេះ​ផ្ទះមួយ​ខ្នង​នេះ​តែមួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ទោះបី​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ក៏​មក​បាញ់​ទឹក​ពន្លត់​មិនទាន់​ដែរ​ បាន​ត្រឹម​ជួយ​បាញ់​ទឹក​ពន្លត់​សំណល់​អណ្តាតភ្លើង​អស់​ចំនួន​០៦​រថយន្ត​តែប៉ុណ្ណោះ​។​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ឧសភា​ថា ​នាយក​សាលា​ឯកជន​ខាង​លើ​ឈ្មោះ ​ភោគ​ រ៉ា​ឌី​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​។​ ផ្ទះមួយ​ខ្នង​ដែល​ភ្លើង​ឆេះ​បំផ្លាញ​អស់​គ្មាន​សល់​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ​មាន​ទំហំ​១២​ម៉ែត្រ​ គុណ​នឹង​១២​ម៉ែត្រ។​

នគរបាល​បញ្ជាក់​ថា ​លោកនាយក​សាលា​បាន​បាត់បង់​លុយ​អស់​ចំនួន​៦​ពាន់​ដុល្លារ​អាមេរិក​និង​លុយ​ខ្មែរ​៨០​ម៉ឺន​រៀល​ថែមទៀត​ក្នុង​ហេតុការណ៍​ឆេះ​ផ្ទះ​ដ៏​អាក្រក់​នេះ ហើយ​របស់របរ​មួយចំនួន​ធំ​ក៏បាន​ឆេះ​ខ្ទេច​អស់​ផងដែរ ​ប៉ុន្តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ស្លាប់ ​និង​របួស​នោះ​ទេ​។​ ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង ​ហើយ​បាន​ឆេះ​រាលដាល​ផ្ទះ​រងគ្រោះ ​តែ​ម្តង​ នេះ​បើតាម​ការអះអាង​របស់​អ្នក​នៅ​ជិតខាង​ទីតាំង​កើតហេតុ​ការណ៍​អគ្គិភ័យ​។​

រហូតមកដល់​ព្រឹក​ថ្ងៃ​ទី​១៤​ឧសភា​នេះ ​មិនទាន់​ដឹង​ថា​ម្ចាស់ផ្ទះ​រងគ្រោះ ​និង​អ្នក​ជួល​ផ្ទះ​ ត្រូវ​ជជែក​ដោះស្រាយ​សំណង​ជាមួយគ្នា​យ៉ាងណា​នោះ​ទេ​ បើ​អគ្គិភ័យ​កើត​ឡើង​ជាយថាហេតុ​យ៉ាង​ដូច្នេះ​៕