យុទ្ធនាការ«​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»ប្រកាស​ផ្អាក​បណ្តោះអាសន្ន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​សង្គម​ស៊ី​វិល​មួយ​រូប​បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​ពាក់អាវ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ គ្រោងនឹង​ផ្អាក​នៅ​ស​ប្តា​ហ៍​ក្រោយ​ជា​បណ្តោះអាសន្ន ។​ លោក អ៊ី សា​រ៉ុ​ម នាយក​ប្រតិបត្តិ​អង្គការ សមាគម​ធាងត្នោត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ឧសភា ថា យុទ្ធនាការ​អាវ​ខ្មៅ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ខាង​មុខ នឹង​ផ្អាក​ជា​បណ្ដោះអាសន្ន​ ។ ការ​ផ្អាក​នេះ​បន្ទាប់​ពី​ក្រុម​អង្គការ​សង្គម​ស៊ី​វិល NGOs ធ្លាប់​បាន​អះអាង​ថា នឹង​រៀបចំ​យុទ្ធនាការ​អាវ​ខ្មៅ​ជា​រៀង​រាល់​ស​ប្តា​ហ៍​នៅ​ថ្ងៃ​ចន្ទ ក្នុង​គោលបំណង​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​៤​រូប និង​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​រវាង​លោក កឹ​ម សុខា និង​នាង​ខុ​ម ចាន់​ដា​រ៉ា​ទី ហៅ​ស្រី​មុំ ។

លោក អ៊ី សា​រ៉ុ​ម បាន​គូសបញ្ជាក់​ថា «​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​មាន​គម្រោង​ធ្វើ​ទេ ព្រោះថា​ដូច​ជា​មាន​សញ្ញា​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដូច​ជា​មានការ​លើកលែងទោស​ដល់​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំងនោះ​» ។

គួរ​រឭក​ថា កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ក្រុម​សង្គម​ស៊ី​វិល​បាន​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជា​៣០០​នាក់ បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ទៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​និង​លោក នី ចរិយា​។ ក្នុង​យុទ្ធនាការ​នោះ ក៏​មានការ​ឃាត់ខ្លួន​៨​នាក់​ដែល​ជា​មន្ត្រី​សិទ្ធិ​មនុស្ស និង​សកម្មជន​មក​ពី​អង្គការ​ផ្សេង​ៗ និង​សកម្មជន​ដីធ្លី ព្រមទាំង​ជនបរទេស​២​នាក់​ផង ប៉ុន្តែ​ក្រោយ​ពី​ពួក​គេ​ធ្វើ​កិច្ចសន្យា​ហើយ​អប់រំ សមត្ថកិច្ច​ក៏​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ។

សកម្មជន​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​រួម​មាន លោក អ៊ី សា​រ៉ុ​ម នាយក​ប្រតិបត្តិ​អង្គការ​ធាងត្នោត លោក ថាវ គឹ​ម​សាន មន្ត្រីជាន់ខ្ពស់​អង្គការ​លី​កាដូ អ្នកស្រី សរ ស៊ន តំណាង​ប្រជាពលរដ្ឋ​បុរី​កីឡា កញ្ញា ស៊ង ស្រី​លាភ តំណាង​ប្រជាពលរដ្ឋ​បឹង​កក់ អ្នកស្រី គង់ ច​ន្ថា តំណាង​ប្រជាពលរដ្ឋ​បឹង​កក់ និង​អ្នកស្រី ប៉ូវ សោភា តំណាង​ប្រជាពលរដ្ឋ​បឹង​កក់ និង​ជនបរទេស​២​នាក់ ដែល​ជាទី​ប្រឹក្សា​អង្គការ​លី​កាដូ ។

ទាក់ទង​នឹង​ការ​ធ្វើ​យុទ្ធនាការ​ពាក់អាវ​ខ្មៅ​នេះ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​នេះ​ៗ​ថា មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​សម្រាប់​ផ្តល់​ថវិកា​ធ្វើ​យុទ្ធនាការ​នេះ​។ ជាង​នេះ​ទៀត សម្តេច​តេ​ជោ បាន​បន្លុយ​ថា ឲ្យ​រក​មេធាវី​ពូកែ​សម្រាប់​ដោះ​បន្ទុក​ចំពោះ​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​ជាប់​ពន្ធនាគារ​នោះ​ផង​ដែរ ។

បញ្ហា​បើក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នេះ ក្រុម​មន្ត្រី​រាជរដ្ឋាភិបាល​មួយ​ចំនួន​បាន​ចោទប្រកាន់​ទៅ​លើ​មន្ត្រី​ទូត​សហរដ្ឋអាមេរិក​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ។ ការ​ចោទប្រកាន់​បែប​នេះ គឺ​បន្ទាប់​ពី​មានការ​ជួបជុំ​ក្រុម​គ្រួសារ​បុគ្គលិក​អា​ដ​ហុ​ក​ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ ។ ទោះបីជា​បែប​ណា លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក្នុង​ឱកាស​ចូល​ជួប​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ពី​កាសែត​ក្នុងស្រុក​ខ្លះ ដែល​ថា​លោក​ជាប់​ទាក់ទិន​នឹង​យុទ្ធនាការ​ពណ៌​ខ្មៅ​នេះ ៕