បាញ់​ផង​! ចាក់​ផង​! ​ញាក់សាច់​​ក្នុង​ហាង​«​ឡាយ​ឡាយ​»

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​​ថា មាន​​ករណី​ផ្ទុះអាវុធ និង​កាប់​ចាក់​​គ្នាយ៉ាងសាហាវនៅ​​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង​​​យីហោ «​ឡាយ​ឡាយ​» ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​០៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ឧសភា ២០១៦ ដោយ​​ត្រូវ​គេ​​សង្ស័យ​​ថា បណ្តាល​មក​ពី​ទំនាស់​ឌឺដង​គ្នា​​រឿងស្រី ។

ទោះបីជា​យ៉ាងណា គេ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ទាំង​២​ក្រុម​នោះ​ទេ ដោយ​ក្នុង​មួយ​ក្រុម​មាន​គ្នា​​ពី​៦-៧​នាក់​​ដូច​គ្នា និង​​ដឹង​​ថា ភាគី​ម្ខាង​​មាន​កាំភ្លើងខ្លី ​គឺជា​មន្ត្រី​នគរបាល ។ ចំណែកឯ​ភាគី​ដាវ​សា​មូ​រ៉ៃ គឺ​មានបក្សពួក​ប្រហែលគ្នា ក្នុងនោះ​មាន​​​ស្រី​៤​នាក់ ​ហើយ​​​​ក្នុងចំណោមនោះយុវជន​ម្នាក់​ ត្រូវ​គេ​​បាញ់​ចំ​ពោះ​​រង​របួសធ្ងន់​​ឈ្មោះ​សម ប័​រ​រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​វត្ត​គ ឃុំ​វត្ត​គ ក្រុង​បាត់ដំបង បច្ចុប្បន្ន​ កំពុង​សង្គ្រោះ​នៅ​មន្ទីរ​ឯកជន ។

បើ​តាម​ប្រភព​ឱ្យ​ដឹង​​ថា មុន​ដំបូង​​គេ​​ឃើញ​ទាំង​២​ភាគី ​បាន​ចូល​មក​ផឹកស៊ី​នៅ​ក្នុង​ហាង​ខាង​លើតាំងពី​ក្បាល​ព្រលប់​មក​ម្ល៉េះ ដោយ​ផឹក​រហូត​ដល់​វេលា​កើតហេតុនៅ​ម៉ោង​៤​ជិត​ភ្លឺ​នោះ ក៏​កើត​ទំនាស់​ពាក្យ​សម្តី​ឌឺដង​ដាក់​គ្នា​ចុះឡើងៗ ក៏​ត្រូវ​ខាង​ភាគី​ដាវ​សា​មូ​រ៉ៃស្ទុះ​​ឡើង​ ទៅ​វាយ​ខាង​ភាគី​កាំភ្លើង​​មុន ។ បន្ទាប់​មក​ខាង​ភាគី​ដែល​ត្រូវ​គេ​វាយ​នោះ​ ដក​កាំភ្លើង​បាញ់​១​គ្រាប់​ត្រូវចំពោះ​របួស​ ហើយ​ខាង​ដា​វសា​មូ​រ៉ៃឡើង​មក​ចាក់​វិញ ​ត្រូវ​ខាង​ភាគី​កាំភ្លើង​រង​របួស​២​នាក់​ផង​ដែរ ។ រួច​ក៏​នាំ​គ្នា​រត់​ចេញ​មក​ក្រៅ​​ហាងចែក​ជើង​គ្នា​អស់ ដោយ​ខាង​កាំភ្លើង ​បាន​បាញ់​គំរាម​បន្ថែម​ទៀត ។

គួរ​​បញ្ជាក់​ថា ភាគី​ខាង​កាំភ្លើង​បន្ទាប់ពី​កើតហេតុ​ស្ងាត់​ ក៏​បាន​​មក​រើស​សំបក​គ្រាប់​កា​ទុ​ស្ស​ទៅ​អស់​ មិន​ឱ្យ​សល់​១​គ្រាប់​ទេ តែ​ត្រូវ​កម្លាំង​​ប៉េអឹម​រក​ឃើញ​ស្បែកជើង​១​គូ តែ​មិនដឹង​ជា​ថា ជា​របស់​ខាង​ណា​ទេ ដោយពេល​នេះកម្លាំងកំពុង​​ស៊ើបអង្កេត​រកមុខ​សញ្ញា​ទាំង​នោះហើយ​ ។