អ្នក​ទោស​ម្នាក់ ​ធ្វើ​ឱ្យ​ផ្អើល​​ទាំង​ព្រឹក​

ក្រុងប៉ោយប៉ែត ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា ​មាន​ការភ្ញាក់​ផ្អើល​ទាំងព្រឹក​ នៅថ្ងៃទី​១៤ ឧសភា ២០១៦ នេះ ស្ថិតនៅក្នុង​មន្ទីរ​​ឃុំ​ឃាំង​របស់​ប៉េអឹមខេត្ត​ប៉ុស្តិ៍​៥៦៨ ចំណុច​ព្រៃដីថ្មី ភូមិប្រជាធម្ម​ខាងលិច សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយប៉ែត ខណៈ​ជន​សង្ស័យ​ម្នាក់ ​បាន​យក​ខ្សែភ្លើង​មក​ចង.ក​សម្លាប់ខ្លួន​​បានសម្រេច ទាំងមាន​​ច្រវាក់ជើងជាប់និងគ្រែដែក​​ ។

ប្រភពឱ្យ​ដឹងថា ជនសង្ស័យខាងលើ​ឈ្មោះ​សុខ ហេង អាយុ​៣៤ឆ្នាំ គឺជាមុខសញ្ញា​​ចោរ​លួច​​ម្នាក់ ដែល​ត្រូវ​កម្លាំងចាប់ខ្លួន​បាន​កាល​ពីវេលាម៉ោង២យប់​ថ្ងៃទី១៤ ឧសភា ស្ថិត​នៅចំណុច​កាស៊ីណូ ក្នុងករណី​លួចកាត់​សោ.កម៉ូតូ​ ។ ទោះបីជាយ៉ាងណា ករណី​ជន​សង្ស័យ​​ធ្វើអត្តឃាត​នេះ គេមិនដឹង​ពី​មូលហេតុ​នោះទេ ។

គួរបញ្ជាក់ថា នេះជា​ករណី​ភ្ញាក់​ផ្អើល​ទី២ ដែល​ជនសង្ស័យធ្វើអត្តឃាត​ខ្លួនឯងនេះ នៅ​ក្នុង​កន្លែងកើតហេតុខាងលើ ដោយត្រូវ​ប្រជា​ពល​រដ្ឋ​​​​ដាក់​ការ​សង្ស័យថា ​ប្រហែល​ជា​ធ្វើ​ទណ្ឌ​កម្ម​ខ្លាំងពេកហើយមើល​ទៅ? ។​