រកឃើញ​កន្លែង​ឧស្សាហកម្ម​ដែក​ធំ​បំផុត​មុន​សម័យអង្គរ​

6 Videos


អស់ពេលជាយូរឆ្នាំមកហើយដែលប្រទេសយើងរកមិនទាន់ឃើញនូវការធ្វើឧស្សាហកម្មដែកសម័យបុរាណដើម្បីបម្រើជីវភាពប្រចាំថ្ងៃនិងធ្វើអាវុធយុទ្ធភណ្ឌសម្រាប់សង្គ្រាមឬយកដែកធ្វើឧបករណ៍សង់ប្រាសាទជា ដើម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះនិងជាពិសេសនៅពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាបានធ្វើកំណាយរកឃើញកន្លែងឧស្សាហកម្មដែកយ៉ាងធំជាងគេនៅប្រទេសកម្ពុជាយើង ។

រកឃើញ​កន្លែង​ឧស្សាហកម្ម​ដែក​ធំ​បំផុត​មុន​សម័យអង្គរ​

លោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន អ្នកជំនាញផ្នែកបុរាណវិទ្យាជាអនុប្រធានវិទ្យាស្ថាន វប្បធម៌ និង វិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាអ្នកចុះទៅស្រាវជ្រាវដោយផ្ទាល់នៅទីនោះបានឱ្យដឹងថា យើង បានស្រាវជ្រាវរកឃើញបដិវត្តឧស្សាហកម្មដែកសម័យបុរាណដ៏ធំបំផុតរបស់កម្ពុជាយើងនាសម័យមុនអង្គរ សម័យអង្គរនិងរហូតដល់សម័យក្រោយអង្គរ ។ ពេលនេះយើងកំពុងធ្វើកំណាយនៅជិតភ្នំដែកនៃភូមិបឹង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ។

នៅចំណុចនោះយើងទើបរកឃើញស្ថានីយថ្មីមួយផ្សេងទៀតដែលនិយាយពីបច្ចេកទេសយករ៉ែដែករបស់ខ្មែរសម័យបុរាណ ដែលពេលនោះយើងរកឃើញថាបុព្វបុរសយើងជីកយកដែកដោយវិធីគាស់កកាយយ៉ាងម៉េចយកទៅស្លយ៉ាងម៉េចដើម្បីបានជាដែកយកមកប្រើប្រាស់ ។ បដិវត្តដែកជាបដិវត្តដ៏ធំបំផុតរបស់អាណា ចក្រខ្មែរសម័យបុរាណគឺតាំងពីឆ្នាំ ៦៣៧ នៃ គ្រិស្តសករាជ ។

រកឃើញ​កន្លែង​ឧស្សាហកម្ម​ដែក​ធំ​បំផុត​មុន​សម័យអង្គរ​

ការយកដែកនៅតំបន់នោះគឺនៅលើផ្ទៃដីខាងលើតែម្តងដោយមិនបាច់ជីកដីចុះទៅក្រោមដីឡើយ ។ ការស្រាវជ្រាវគឺចាប់ផ្តើមនៅដើមខែមីនា ឆ្នាំ ២០១៤ និង បន្តរហូតដល់សព្វថ្ងៃនេះយើងបានជីកជម្រៅ ៤ ម៉ែត្រចុះទៅក្រោមក្រៅពីបានឃើញរ៉ែដែកយើងបានរកឃើញវត្ថុតាងដែលនិយាយពីសកម្មភាព និង ជីវភាពរបស់ ប្រជាជនមុនសម័យអង្គររហូតមកដល់សម័យ អង្គរ និង ក្រោយសម័យអង្គរ គឺមានន័យថាយើងរកឃើញបាតក្រោមនៅសម័យចេនឡា រហូតមកដល់សម័យអង្គរ ។ ទោះជាយ៉ាងណាក៏ដោយក៏យើងមិនទាន់បានធ្វើកាលបរិច្ឆេទឱ្យបានប្រាកដឱ្យអស់នៅឡើយទេពោលគឺយើងបានធ្វើកាលបរិច្ឆេទតែស្រទាប់ជ្រៅជាងគេ ហើយស្រទាប់ខាងលើយើងមិនទាន់បានធ្វើនៅឡើយដោយសារយើងខ្វះថវិកា ។

ការរកឃើញរបស់មនុស្សសម័យដើមនោះគឺជាការរកឃើញរបៀបយកដែក របៀបស្លដែក ចម្រាញ់ដែក ដើម្បីយកមកប្រើប្រាស់របស់មនុស្សសម័យដើម ។ ដែកហ្នឹង ហើយជាបដិវត្ត ទ្រទ្រង់សម័យអង្គរដ៏ធំ និង ទ្រទ្រង់ក្នុងសង្គម ខ្មែរយ៉ាងធំ គឺតាំងពីបុរេអង្គររហូតដល់អង្គរ និងរហូតដល់ក្រោយអង្គរ ។ការធ្វើសង្គ្រាមជាមួយបរទេសពិសេសគឺថៃនៅសម័យមុនគេវាយយកទឹកដីយើងនៅភាគខាងជើងប្រទេសដូចជាខេត្ត ពោធិ៍សាត់ បាត់ដំបង កំពង់ធំ ព្រះវិហារ ពោលគឺគេវាយយើងដើម្បីកាន់កាប់រ៉ែដែកតែម្តងព្រោះរ៉ែដែកទាំង នោះយើងយកធ្វើជា សព្វាវុធដើម្បីធ្វើសង្គ្រាម និង ធ្វើអ្វីៗបានទាំងអស់ ។ សង្គ្រាមនៅសម័យដើមគេត្រូវការផ្តាច់ កន្លែងធនធានដែករបស់យើងដើម្បីផលិតអាវុធកាលណាគេផ្តាច់ធនធានដែកផលិតអាវុធរួចហើយគេនឹងងាយស្រួលក្នុងការវាយយើងហើយយើងក៏បរាជ័យតែម្តង ។

រកឃើញ​កន្លែង​ឧស្សាហកម្ម​ដែក​ធំ​បំផុត​មុន​សម័យអង្គរ​

លើកនេះយើងធ្វើកំណាយចំនួនបីរណ្តៅផ្សេងៗគ្នារណ្តៅទីមួយមានទំហំ ៤ គុណ ៧ ម៉ែត្រ ជម្រៅ ៤ ម៉ែត្រ និង រណ្តៅពីរទៀត មានទំហំ ២ ម៉ែត្រគុណ ២ ម៉ែត្រ ជម្រៅ ១,៥០ ម៉ែត្រ ៕ នឿន