​លោក ប៉ុល ហំ​ម បញ្ជាក់ថា​មិន​ខ្វល់​នឹង​យុទ្ធនា​ការរំខាន​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​តាកែវ លោក ប៉ុល ហំ​ម ថ្មីៗ​នេះ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ជាន់ថ្នាក់​មាន​កិច្ចការ​ច្រើនណាស់​ដើម្បី​បម្រើ​ជាតិ​មាតុភូមិ​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខ្វល់​ទៅនឹង​រឿង​អត់​ប្រយោជន៍​ដែល​លោក ប៉ុល ហំ​ម ចាត់ទុកថា​វា​ជា​យុទ្ធនា​ការរំខាន​មកលើ​ការរីក​ច្រើន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ចេតនា​មិនល្អ​ទាំងនោះ​នឹងមិន​សម​ដូច​បំណង​របស់​ពួកគេ​ឡើយ​។​

ការលើកឡើង​របស់លោក ប៉ុល ហំ​ម ខាងលើនេះ ត្រូវគេ​សង្កេតឃើញថា​ធ្វើឡើង​ស្របពេល​ដែលមាន​មនុស្ស​មួយក្រុម​តូច​អះអាងថា​ពួកគេ​នឹងធ្វើ​យុទ្ធនាការ​ស្វែងរក​ការគាំទ្រ​ឲ្យ​បាន​១​លាន​មេដៃ ដើម្បី​ទាមទារ​ឲ្យ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចុះ​ចេញពី​តំណែង​។ ក្រុមអ្នកតវ៉ា​បានបញ្ជាក់​ថា ពួកគេ​នឹង​ចាប់ផ្តើម​ពិភាក្សាគ្នា​ត្រៀម​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ឲ្យ​បាន​១​លាន​នាក់ ហើយ​ប្រគល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​ដកតំណែង​លោក កឹម សុខា ចេញពី​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​តាកែវ លោក ប៉ុល ហំ​ម បាន​សង្កត់ធ្ងន់ថា នៅក្នុង​លក្ខន្ដិកៈ​គណបក្ស​សង្គ្រោះ​ជាតិ​មានតែ​សមាជ​ទេ​ដែល​អាច​ដក​ប្រធាន និង​អនុប្រធាន​គណបក្ស​បាន​។ ដូច្នេះ​ការតវ៉ា​ដែល​គ្មាន​មូលដ្ឋាន​គ្រប់គ្រាន់ និង​រឹងមាំ គឺ​ពុំមាន​ប្រសិទ្ធភាព​ទេ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​ចាប់អារម្មណ៍​ដែរ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ទុកពេល​វេលា និង​ធនធាន​ដើម្បី​ធ្វើ​កិច្ចការ​ផ្សេងៗ​ដែលមាន​ប្រយោជន៍​ជាង​នេះ​។​

គួរ​បញ្ជាក់ថា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ក្រុម​ដឹកនាំ​សង្គ្រោះ​ជាតិ ដែល​យល់​យ៉ាងច្បាស់​ពី​បញ្ហា​ដែលមាន និង​ខិតខំ​ពង្រឹងសមត្ថភាព វិន័យ​ការងារ យកចិត្តទុកដាក់​នឹង​ប្រជាពលរដ្ឋ ដែលជា​ការ​មួយ​បង្ហាញ​នូវ​ការគិតគូរ​ក្នុងការ​រៀបចំ​សង្គម ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប រស់នៅ​ដោយ​គ្មាន​ការរើសអើង ការ​ធ្វើទុក្ខបុកម្នេញ ស្របតាម​គោលការណ៍​ខ្មែរ​តែមួយ អហិង្សា សន្តិវិធី មិន​គុំកួន សងសឹក មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​៕

12195950_776108712535425_6622138619971247520_n