ទូក​អួន​២​គ្រឿង​ធ្វើ​សកម្មភាព ក្នុង​តំបន់​អភិរក្ស​ឡូត៍​លេខ​១២ ត្រូវ​សមត្ថកិច្ច​បង្ក្រាប

ទូក​អួន​២​គ្រឿង​ធ្វើ​សកម្មភាព ក្នុង​តំបន់​អភិរក្ស​ឡូត៍​លេខ​១២ ត្រូវ​សមត្ថកិច្ច​បង្ក្រាប



​កំពង់ឆ្នាំង ៖ ទូក​នេសាទ​វាយ​អួន​ចំនួន​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ក្នុង​តំបន់​អភិរក្ស​ឡូត៍​លេខ​១២ ក្នុង​ភូមិ​ថ្មី ឃុំ​កំពង់​អុស ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង កាលពី​វេលា​យប់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦។ ក្រោយ​មាន​សេចក្ដីរាយការណ៍​ពី​អ្នក​សារព័ត៌មាន​ទៅ​ជំនាញ​រដ្ឋបាល​ជលផល និង​ប៉ូលិស​សេដ្ឋកិច្ច ត្រូវ​បាន​ លោក ឃីម ឡុង នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​កំពង់​ប្រាសាទ​ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បាន​នៅ​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ដដែល ដោយ​ចាប់បាន​ទូក​នេសាទ​ឧបករណ៍​អួន​ចំនួន​២​គ្រឿង ​កំពុង​ធ្វើ​សកម្មភាព។ ក្រោយពី​សមត្ថកិច្ច​ទៅដល់​ជនល្មើស​ទាំងអស់​បាន​នាំ​គ្នា​រត់​គេចខ្លួន​អស់​បន្សល់ទុក​តែ​វត្ថុ​បទល្មើស​ប៉ុណ្ណោះ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា ទូក​ទាំង​២​គ្រឿង​ ដែល​សមត្ថកិច្ច​ចាប់បាន មាន​ម្ចាស់​ ឈ្មោះ ម៉ាត់ យ៉ើ និង ឈ្មោះ ហូ នោ ជា​ជនជាតិ​ខ្មែរឥស្លាម រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

​ពាក់ព័ន្ធ​ករណី​បទល្មើស​នេសាទ​ខាង​លើ​នេះ​ផង​ដែរ ​ខណៈ​អ្នក​សារព័ត៌មាន​ទូរស័ព្ទ​រាយការណ៍​ជូន លោក សុង សារឿន នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ជល​គិរី ពេល​កំពុង​មាន​បទល្មើស​ជាក់ស្តែង ទូរស័​ព្ទ​របស់​លោក​បាន​បិទ​មិនអាច​ទាក់ទង​បាន។ គេ​តែង​សម្គាល់​ឃើញថា រាល់ពេល​ដែល​មាន​បទ​ល្មើ​ស​នេសាទ​កើតឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក លោក សុង សារឿន នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ជល​គិរី លោក​តែងតែ​និយាយ​ដោះសា​ចុះឡើង ឬ​ទូរស័ព្ទ​មិន​ដំណើរ​​ការ​ជាហេតុ​នាំ​ឲ្យ​គេ​ដាក់​ការ​សង្ស័យ​ថា ​មាន​ភាព​ត្រូវរ៉ូវ​គ្នា បើកដៃ​ឲ្យ​ធ្វើ​ការ​នេសាទ​ល្មើសច្បាប់។

​បច្ចុប្បន្ន ទូក​អួន​ទាំង​២​គ្រឿង រួម​នឹង​សាច់​អួន​ខាង​លើ​នេះ ត្រូវ​បាន​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ជល​ផ​ល​កំពង់ប្រាសាទ​ ដើម្បី​កសាង​សំណើ​រឿង​ដោះស្រាយ​តាម​នីតិវិធី៕

ទូក​អួន​២​គ្រឿង​ធ្វើ​សកម្មភាព ក្នុង​តំបន់​អភិរក្ស​ឡូត៍​លេខ​១២ ត្រូវ​សមត្ថកិច្ច​បង្ក្រាប