ម៉ូទ័រ​បូម​ទឹក​ឆក់​ស្ត្រី​ម្នាក់, ​២​នាក់​ទៀត​​ចូល​ទៅ​ជួយ​​​ ​ត្រូវ​ឆក់​​​ទាំង​អស់​គ្នា

ម៉ូទ័រ​បូម​ទឹក​ឆក់​ស្ត្រី​ម្នាក់, ​២​នាក់​ទៀត​​ចូល​ទៅ​ជួយ​​​ ​ត្រូវ​ឆក់​​​ទាំង​អស់​គ្នា



កំពង់ចាម​ ៖ ​មនុស្ស​៣​នាក់ ​បាន​រង​របួស​​​​បន្តបន្ទាប់​គ្នា​ ដោយសារ​ឆក់​ចរន្ត​អគ្គិសនី​នៅ​ពេល​ដាក់​​ម៉ូទ័រ​បូម​ទឹក​ បង្ក​​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៦​និង​៤៥​នាទី​​រសៀល ​ថ្ងៃ​ទី​១៣ ខែ​​ឧសភា​ ឆ្នាំ​២០១៦ ​នៅ​ភូមិ​តាម៉ូត​ ឃុំ​គរ ​ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម។

ប្រភព​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​កើតហេតុ​ស្ត្រី​ឈ្មោះ​ខែម ចាន់​ធា អាយុ​៣៧​ឆ្នាំ ​ជា​ម្ចាស់ផ្ទះ​បាន​យក​​ម៉ូទ័រ​ដាក់​ក្នុង​អណ្ដូង​ដើម្បី​បូម​ទឹក ​តែ​នៅ​ពេល​កាន់​ចំ​ខ្សែ​​ម៉ូទ័រ​ស្រាប់តែ​ឆក់​ញ័រ​ខ្លួន​ទទ្រើក។ ពេលនោះ​មាន​ឈ្មោះ​សូលី​តា​ អាយុ​១២​​ឆ្នាំ​ ជា​កូនស្រី​ បាន​ស្ទុះ​ទៅ​ជួយ​ទាញ​ម្ដាយ​ក៏​ត្រូវ​ឆក់​ជាប់​​ជាមួយ​ម្ដាយ​នៅ​ទីនោះ។

ប្រភព​បន្ត​ថា​ បន្ទាប់មក​​​ឈ្មោះ​ស៊ា ​ស្រី​និ​ច​ អាយុ​១៥​ឆ្នាំ​ ភេទ​ស្រី​ ជា​អ្នក​រស់នៅ​ជិត​ខាង​ឃើញ​ហេតុការណ៍​អាក្រក់​បែបនេះ​ ក៏​ស្ទុះ​ចូល​ទៅ​ជួយ​ទាញ​ជនរងគ្រោះ​ ​តែ​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​បន្ត​ទៀត។

ប្រភព​ដដែល​បន្ត​ថា​ ខណៈ​នោះ​ដែរ​ ​​​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ខាង​ បាន​ឃើញ​ដូច្នេះ​ក៏​រត់​ទៅ​ដក​ឌុយ​ខ្សែ​ភ្លើង​ចេញពី​ព្រី​ ទើប​អាច​ជួយ​សង្គ្រោះ​អ្នក​ទាំង​៣​បាន។

លោក​កែវ ស៊ា​ង​ហ័ន អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​មក​ក្រុម​គ្រួសារ​ និង​ញាតិ​ជិត​ខាង​ បាន​យក​ជនរងគ្រោះ​ទាំង​៣​នាក់​ ទៅ​កប់​ខ្សាច់ ​រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

លោក​កែវ​ ស៊ា​ង​ហ័ន បាន​បញ្ជាក់​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ ​ជនរងគ្រោះ​ទាំង​៣​នាក់​បាន​ដឹង​ខ្លួន​ និង​មាន​សុខភាព​ធម្មតា​វិញ​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​យក​មក​លំនៅឋាន​វិញ​ផង​ដែរ។

លោក​អធិការ​កែវ​ ស៊ា​ង​ហ័ន​ បាន​បញ្ជាក់​ទៀត​ថា ​តាម​ការពិនិត្យ​ ការ​ឆក់​ចរន្ត​អគ្គិសនី​នេះ​គឺ​បណ្តាលមកពី​រលាត់​សម្បក​ខ្សែ​​ម៉ូ​ទ័​រ​ ដោយមាន​ស្នាម​ខាំ​កកេរ​របស់​សត្វ​កណ្តុរ៕

ម៉ូទ័រ​បូម​ទឹក​ឆក់​ស្ត្រី​ម្នាក់, ​២​នាក់​ទៀត​​ចូល​ទៅ​ជួយ​​​ ​ត្រូវ​ឆក់​​​ទាំង​អស់​គ្នា