ទុក្ខជាន់ទុក្ខ! ចង់ជិះ​គេច​​ បែរ​ជា​​​​​បុក​​ប៉ូលិស

ខេត្តកំពង់ចាម ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ក្នុង​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​រៀងរាល់ថ្ងៃ​ កម្លាំងនគរបាល​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ចេញ​ត្រួតពិនិត្យ ដើម្បី​ឱ្យ​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ ត្រូវ​គោរព​​​ច្បាប់​ទាំងអស់​​គ្នា ។

ជាកស្តែង កាលពី​វេលា​ម៉ោង​០៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ២០១៦ ម៉ូតូ​១​គ្រឿង​ម៉ាក​C125 គ្មាន​ស្លាក​លេខ ជិះ
បញ្ច្រាសទិស ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ស្រប​ពេល​ដែល​នគរបាល​ចរាចរណ៍​ហៅ​ឈប់ដើម្បី​ផាកពិន័យ បែរជា​អ្នក​ជិះ​នោះ បាន​បត់​ត្រឡប់​ក្រោយ​គេច ហើយ​ត្រូវ​នគរបាល​ប្រចាំការ​នៅ​មុខ​វិទ្យាល័យ​ព្រះ​សីហ​នុ​ហៅ​ឱ្យ​ឈប់ តែ​មិន​ព្រម​ឈប់​ទៀត គឺ​រឹត​បន្ថែម​ល្បឿន ក៏​ជ្រុល​ទៅ​បុក​មន្ត្រី​នគរបាល​ម្នាក់ បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់ ។ រីឯ​អ្នក​ជិះ​ម៉ូតូ​៣​នាក់​នោះ បាន​ដួល​រង​របួស​ផង​ដែរ ។

លោក​អនុសេនីយ៍ឯក ស៊ា​ម យូ​សេង  អធិការរង​នគរបាល​ក្រុង​កំពង់ចាម ទទួល​ផែន​សណ្តាប់ធ្នាប់​បានឱ្យ​ដឹង​ទៀត​ថា នៅ​ត្រង់​ជ្រុង​ខាងជើង​សាលាខេត្ត កម្លាំង​មន្ត្រី​របស់​លោក​បាន​ដាក់​យាម​ប្រចាំការ ដើម្បី​ត្រួតពិនិត្យ​ម៉ូតូ មិន​មាន​បំពាក់​កញ្ចក់ ស្លាក​លេខ​និង​ជិះ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព ។ ដោយ​ត្រូវ​បាន​ធ្វើ​ឡើងជា​ច្រើន​គោលដៅ​ក្នុង​ក្រុង​កំពង់ចាម ប្រយោជន៍​ដើម្បី​កាត់​បន្ថយ   គ្រោះ​ថ្នាក់​ចរាចរណ៍ ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ថមថយ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ ។

លោក​អនុសេនីយ៍ឯក​ស៊ា​ម យូ​សេង  អធិការរង​នគរបាល​ក្រុង​កំពង់ចាម​បាន​ប្រាប់​បន្ត​ថា តាម​ការ​សង្កេត​គឺ​មាន​ពលរដ្ឋ មន្ត្រីរាជ​ការ​ភាគច្រើន នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ស្ទើរ​គ្រប់​ៗ​គ្នា តែ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ឧសភា នេះ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​៣​នាក់​នេះ ដែល​អ្នក​បើក​ឈ្មោះ​អៀង វិ​ន  ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ជំរៅ ឃុំ​តាំង​យ៉ាប ស្រុក​ព្រែក​កប្បាស ខេត្ត​តាកែវ ជិះ​ម៉ូតូឌុប​គូ​ដណ្តឹង រួម​និង​ក្មួយ​ស្រី​ម្នាក់​ជិះ​ខុសច្បាប់​ចរាចរណ៍​ទៅ​វិញ  ។