ពុទ្ធោ!៧គ្រាប់ផង បើផ្ទុះវិញ​ ខ្ទេច​យ៉ាងណា​

ខេត្តឧត្ត​រ​មានជ័យ ៖ ​គ្រាប់​ធុន​៦០​​មី​លី​ម៉ែត្រចំនួន​៧​គ្រាប់ ​ដែល​​សេសសល់​​កប់​​ក្នុង​ដី​​កាលពី​​សម័យ​ស​ង្គ្រាម ​ត្រូវ​​​ប្រជាពលរដ្ឋ​​ប្រទះ​ឃើញ​ ខណៈ​កំពុង​ភ្ជួ​រដីចំការ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី១៣​ ឧសភា​ ២០១៦​ ​បង្កឱ្យភ្ញាក់​ផ្អើល​នៅ​ក្នុងភូមិ​បុ​ស្បូវ សង្កាត់​កូន​គ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ​ ។

​ពលរដ្ឋ​​ដែល​ប្រទះ​ឃើញ​គ្រាប់​ឈ្មោះ​សែ​វ សិន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​-សង្កាត់​ខាងលើ​ បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ ​រូប​គាត់​នៅ​ពេល​​ព្រឹក ​បាន​បើក​ត្រាក់ទ័​រ​ទៅ​ភ្ជួ​រដីចំការ​​ដាំដំឡូង​មី ក៏​​ប្រទះ​ឃើញ​​​ចំនួន​៧​គ្រាប់ ។ បន្ទាប់​មក ​រូប​គាត់​បាន​ទៅ​រាយការណ៍​ទៅ​ប៉ូ​លិសប៉ុ​ស្តិ៍​​សង្កា​ត់បុ​ស្បូវ​ មក​​ធ្វើការ​ចុះពិនិត្យ ​និង​យក​ទៅ​រក្សាទុក​ ។

បើតាម​មន្ត្រិ​​ប៉ូ​លិ​​សប៉ុ​ស្គិ៍​​​ឱ្យ​​ដឹង​ថា ​លោក​បានចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ប្រមូល​គ្រាប់កាំភ្លើង​ធុន​៦០​មី​ល្លិ​ម៉ែត្រ​ ដែល​សេស​សល់​ ​កាលពី​សម័យ​សង្គ្រាម​ស៊ីវិល ​រវាង​កងទ័ព​ខ្មែរក្រហម​ប៉ា​រ៉ា និង​​កង​ទ័ព​របស់​រាជ​រដ្ឋាភិបា​ល កាលពី​អំឡុង​ទសវត្ស​​​​ឆ្នាំ​១៩៧៩​រហូត​មក​ទល់​ក្នុង​ឆ្នាំ​១៩៩៨ ​ទើប​បញ្ចប់​​ស​ង្គ្រាម​ ។

គួ​ររំ​លឹក​ថា កន្លង​មក ​គ្រាប់​គ្រប់​ប្រភេទ ​ដែល​សេល​សល់​កាលពី​សម័យ​សង្គ្រាម​ ត្រូវ​​ប្រជា​ពលរដ្ឋ​ តែងតែ​​​ប្រទះ​ឃើញ​​ជា​ច្រើន​លើក​​មក​ហើយ  ខណៈនោះ​ក៏​បាន​​ឆក់​យក​ជីវិតពលរដ្ឋ​ចាស់​ ក្មេង ​ប្រុស ​ស្រី ​អស់​ជា​ច្រើន​នាក់​ផង​​ដែរ ជាក់ស្តែង​ កាលពី​ពេល​ថ្មី​ៗ​នេះ ក្មេង​ប្រុស២​នាក់ ​ដែល​រើស​យក​គ្រាប់ធុន​D៨០​គប់​លេង​ បណ្តាល​ឱ្យ​ផ្ទុះ​​​ស្លាប់តែម្តង​ ។