ជនល្មើស​ម្នាក់​ច.ក​សម្លាប់​ខ្លួន​​ក្នុង​មន្ទីរ​ឃុំឃាំង ​សង្ស័យ​រង​ទារុណកម្ម​ខ្លាំង​ពេក

ជនល្មើស​ម្នាក់​ច.ក​សម្លាប់​ខ្លួន​​ក្នុង​មន្ទីរ​ឃុំឃាំង ​សង្ស័យ​រង​ទារុណកម្ម​ខ្លាំង​ពេក



ប៉ោយប៉ែត ​៖ ​​ជនល្មើស​​​ម្នាក់​ ​បាន​ចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុង​ទ្រុង​ដែក​មួយ​កន្លែង ​​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ​​​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦​ នៅ​ចំណុច​ប៉ុស្តិ៍​៥៦៨​ ស្ថិតនៅ​ក្នុង​ភូមិ ប្រជាធម្ម​លិច សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ។

ហេតុការណ៍​ខាង​លើ​នេះ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ ទំនងជា​អស់លោក​ប៉េអឹម​ ដែល​នៅ​ទីនោះ​ប្រើ​ធម៌​ក្ដៅ​ហួសហេតុ​ពេក​ទេ​ដឹង​ ទើប​ធ្វើ​ឲ្យ​​ជនសង្ស័យ​ទ្រាំ​មិន​បាន​រហូត​ឈាន​ទៅ​ដល់​ការ​ធ្វើ​អត្តឃាត​បែបនេះ។

ជន​សង្ស័យ​ ម្នាក់(សព) ​ក្នុង​ចំណោម​២​នាក់​​​ ត្រូវ​បាន​​​​​ចាប់​ខ្លួន​​ពាក់ព័ន្ធ​ករណី​​​លួច​កាច់.ក​សោ​ម៉ូតូ កន្លង​ទៅ​នៅ​ក្រុង​ប៉ោយប៉ែត ​ហើយ​ត្រូវ​យក​មក​ឃុំឃាំង​នៅ​ក្នុង​ប៉ុស្តិ៍​ប៉េអឹម​ខាង​លើ​នោះ។ ស្រាប់តែ​ភ្លឺ​ឡើង​ ក៏​មាន​ការ​ភ្ញាក់ផ្អើល​ថា​មាន​អ្នកទោស ចង.ក​ស្លាប់​នៅ​ទីនោះ​តែ​ម្ដង។

ប្រភព​​ព័ត៌មាន​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​មាន​អ្នកទោស​ចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុង​អង្គភាព​ប៉េអឹម​ក្រុង​ប៉ោយប៉ែត។ ករណី​ទី​១​ ​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​ស្រវឹង​ស្រា​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត ​​ត្រូវ​​បាន​ក្រុម​គ្រួសារ ​​ប្ដឹង​ពី​បទ​ ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​ហើយ​ក្រុម​សាច់ញាតិ​នោះ​បាន​មក​ប្តឹង​ទីបញ្ជាការ​ប៉េអឹម​ក្រុង​ប៉ោយប៉ែត។ ក្រោយ​មក​មន្ត្រី​ប៉េអឹម​ ក៏បាន​ទៅ​ចាប់​ជន​ប្រមឹក​នោះ​យក​មក​ឃុំ​ក្នុង​អង្គភាព​របស់​ខ្លួន ស្រាប់តែ​ឮ​ថា​ជន​ប្រមឹក​នោះ​​​បាន​ចង.ក​ស្លាប់​នៅ​ក្នុង​ទ្រុង ​ហើយ​គេ​បាន​បញ្ជូន​​​សព​ទៅ​កាន់​ខេត្ត​បាត់ដំបង​ទាំង​យប់។ ករណី​ទី​២​ ទាក់ទិន​នឹង​ការ​ចាប់​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​​​លួច​កាច់​.ក​ម៉ូតូ បាន​ចំនួន​២​នាក់​នៅ​ខាងក្រោយ​កាស៊ីណូ​១ នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ក៏​លេច​ឮ​​ថា ​​អ្នកទោស​ម្នាក់​ក្នុង​ចំណោម​២​នាក់​នោះ បាន​​ចង.ក​ស្លាប់​នៅ​ក្នុង​ទ្រុង​ដែក​នោះ​តែ​ម្ដង។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គេ​សង្ស័យ​ថា ​មាន​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ ពី​សំណាក់​មន្ត្រី​ប៉េអឹម​ខាង​លើ​នោះ​ ទើប​ធ្វើ​ឲ្យ​ជនរងគ្រោះ ទ្រាំ​មិនបាន ​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​ទៅ។

លោក​ជា ដា​​ មេបញ្ជាការ​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​ បាន​ប្រាប់​កម្ពុ​ជា​ថ្មី​តាម​ទូរស័ព្ទ​ថា ពិត​ជា​មាន​ហេតុ​ការណ៍​ខាង​លើ​នោះ​កើតឡើង​មែន។ ជន​សង្ស័យ​រូប​នោះ ​ត្រូវ​បាន​កម្លាំង​របស់​លោក​​​​​ចាប់​ខ្លួន​ពាក់ព័ន្ធ ​នឹង​ករណី​លួច​កាច់​សោ​​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​​​​ ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ​ហើយ​ទើប​តែ​រក​ឃើញ​​ ​ចាប់​ខ្លួន​ប៉ុស្តិ៍​មក​តែ​ម្ដង។

លោក​ជា ដា បាន​បន្ត​ទៀត​ថា ជន​សង្ស័យ​ទាំង​២​នោះ​ មួយ​ដាក់​ក្នុង​ទ្រុង ​មួយ​ដាក់​ខាងក្រៅ​​ដើម្បី​រង់ចាំ​ពេលព្រឹក​​​នឹង​សួរចម្លើយ​បន្ត ស្រាប់​តែ​មាន​ហេតុ​ការណ៍​ចង.ក​តែ​ម្ដង។ ជន​សង្ស័យ​ចង.ក​សម្លាប់​ខ្លួន​ឯង​នោះ​ មាន​ឈ្មោះ​ថា សុខ ហេង ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ ​មាន​ទីលំនៅ​ក្នុង​ក្រុង​ប៉ោយប៉ែត។ បច្ចុប្បន្ន​សព​កំពុងតែ​តម្កល់ទុក​នៅ​វត្ត​ស្ទឹង​បត់ រង់ចាំ​​​គ្រួសារ​មក​ទទួលយក ឯ​នីតិ​វិធី​ផ្សេងៗ​ទៀត​ មន្ត្រី​ជំនាញ​កំពុង​តែ​ធ្វើ​ការ​ពិនិត្យ​​​សព និង​ដោះស្រាយ​ទៅ​តាម​នីតិ​វិធី​ច្បាប់​ហើយ៕