ស្ត្រី​ឆ្លងទន្លេ​កណ្តាល​ព្រៃ​ក្បែរ​ប្តី​កំសត់ សុខភាព​ល្អ​ទាំង​ម្តាយ​និង​កូនស្រី

ស្ត្រី​ឆ្លងទន្លេ​កណ្តាល​ព្រៃ​ក្បែរ​ប្តី​កំសត់ សុខភាព​ល្អ​ទាំង​ម្តាយ​និង​កូនស្រី



រាជធានី​ភ្នំពេញ ៖ បើ​តាម​គ្រួ​ពេទ្យមន្ទីរ​បង្អែក​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ ​ទី​១៤ ឧសភា ២០១៦ នេះ​ថា ២​នាក់​ម្ដាយ​ និង​កូនស្រីដែល​ទើប​សម្រាល​នោះ មាន​សុខភាព​ល្អ​ប្រសើរ​ទេ និង​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ ។ ក្រុម​គ្រួ​ពេទ្យ​ប្រាប់​ថា បច្ចុប្បន្ន​ម្ដាយ និង​កូនស្រី​ដ៏​កំសត់​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់ ​បំផុត ពី​សំណាក់​ក្រុម​គ្រួ​ពេទ្យ​បង្អែក​ស្រុក ។

សូម​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១២ ឧសភា ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់ បាន​សម្រាលកូន​នៅ​ក្នុង​ព្រៃ​យ៉ាង​កំសត់​បំផុត​ក្បែរ​ព្រំដែន​ខ្មែរ​-​ថៃ ក្នុងភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក គ្រា​ដែល​ធ្វើ​ចំណាកស្រុក​ជាមួយ​ប្ដី​ដើម្បី​ស្វែងរក​ការងារ​ធ្វើ នៅ​តាម​តំបន់​ព្រំដែន ទើបបាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។

បើ​តាម​ មន្ត្រី​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​ឈ្មោះ​ឆួ​យ វន អាយុ​៣៣​ឆ្នាំ តែ​មិន​ទាន់​ស្គាល់ឈ្មោះ​ប្ដី​ទេ រស់នៅ​ស្រុក​សំឡូត ។ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​រូប​នេះ​និង​ប្ដី បាន​ធ្វើ​ចំណាកស្រុក មក​កាន់​ស្រុក​ភ្នំព្រឹក​ជាប់​ព្រំដែន​ថៃ ដើម្បី​ស្វែងរក​ការងារ​ធ្វើ ទើប​មក​ដល់​បាន​ប៉ុន្មាន​ថ្ងៃ មិន​ទាន់​រក​ការងារ​បាន​ធ្វើ​ផង ស្រាប់តែ​ប្រពន្ធ​ឈឺពោះ​សម្រាលកូន​នៅ​ក្នុង​ព្រៃ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ពេល​ភរិយា​ដែលសម្រាលកូន គឺ​មាន​តែ​ប្ដី​ម្នាក់ឯង​ប៉ុណ្ណោះ ដែល​មើល​ការ​ខុស​ត្រូវ រត់​ឆ្លេឆ្លា​ស្រែក​រក​អ្នក​ភូមិ​ឲ្យ​ជួយ ។ អ្នក​ភូមិ​ក៏​បាន​ផ្អើល​ទៅ​មើល និង​ជួយ​ទំនាក់ទំនង​ហៅ​គ្រួ​ពេទ្យ ហើយ​គ្រួ​ពេទ្យ​ក៏​បាន​ចុះ​ទៅ​ដល់​ភ្លាម​ៗ​ដែរ ដើម្បី​ជួយ​សង្គ្រោះ តែ​ទារិកា​បាន​កើត​មុន​គ្រួ​ពេទ្យ​ទៅ​ដល់​បន្តិច ពោល​គឺ​ក្រុម​គ្រួ​ពេទ្យ​ចំនួន​៣​នាក់ បាន​ចុះ​ទៅ​ជួយ​អន្តរា​គម​ន៏​ដល់​កន្លែង​កើតហេតុ​ភ្លាម បើ​ទោះជា​ស្ត្រី​កំសត់​នោះ បាន​សម្រាលកូន​រួច​មុន​ពេល​ប្រហែល​១០​នាទី​ក្ដី ។

តាម ​ការ​ស្រង់​សំដី​ស្វាមី​ស្ត្រី​កំសត់​នោះ បាន​ប្រាប់​អ្នក​ភូមិ​ថា ដោយសារ​តែ​ភាព​ក្រីក្រ​ពេក និង​មានកូន​ច្រើន​ក្នុង​បន្ទុក​ផង ទើប​គាត់​សម្រេច​ធ្វើ​ចំណាកស្រុក ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​តាម​ព្រំដែន ។ បុរស​នេះ​បាន​បន្ត​ថា ភរិយា​គាត់​ដែល​ពពោះ​ជិត​គ្រប់​ខែ​បាន​សុំ​ទៅ​តាម ដោយ​ទុក​កូន​ៗ​ចំនួន​៥​នាក់​ឲ្យ​នៅ​ចាំផ្ទះ ។ ពេល​ចេញពីផ្ទះ​ទៅ​ដល់​ស្រុក​ភ្នំព្រឹក​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង និង​ខណៈ​ដែល​គាត់​កំពុង​ស្វែងរក​ការងារ​មិន​ទាន់​បាន​ធ្វើ​ផង ក៏​ស្រាប់តែ​ប្រពន្ធ​គាត់​ឈឺពោះ​សម្រាលកូន​ភ្លាម​ៗ នៅ​ក្នុង​ព្រៃ​តែ​ម្ដង ។

បុរស ​កំសត់​រូប​នេះ​បាន​បញ្ជាក់​ថា គ្រានោះ​គ្មាន​មនុស្ស​ដទៃ​នៅ​ក្បែរ​ទេ មាន​តែ​២​នាក់​ប្ដី​ប្រពន្ធ​ប៉ុណ្ណោះ ។ គាត់​អាណិត​ប្រពន្ធ​ខ្លោចចិត្ត​នូវ​ពេល​ឮ​ប្រពន្ធ​ស្រែក​ឈឺពោះ​រមូល​ខ្លួន សម្រាលកូន​នៅ​ក្នុង​ព្រៃ​បែប​នេះ ។ គាត់​បាន​ព្យាយាម​ជួយ​ទប់ខ្លួន​ប្រពន្ធ​ផង ស្រែកហៅ​អ្នក​ភូមិ​ឲ្យ​ជួយ​ផង រហូត​ប្រពន្ធ​សម្រាលកូន​រួចរាល់ ហើយ​អ្នក​ភូមិ​ក៏​បាន​មក​ដល់​ជួយ​អន្តរា​គម​ន៏​ភ្លាម​ៗ ថែម​ទាំង​បាន​ជួយ​ទាក់ទង​ហៅ​គ្រួ​ពេទ្យ​មក​ជួយ​ប្រពន្ធ​គាត់​ទៀត​ផង ។ គាត់​ប្រាប់​ថា នេះ​ជា​កូន​ទី​៦​របស់​គាត់ ខណៈ​កូនប្រុស ស្រី​តូច​ៗ​ចំនួន​៥​នាក់​ទៀត កំពុង​រង់ចាំ​ស្បៀងអាហារ​ពី​គាត់ នៅ​ឯ​ស្រុក​សំឡូត ។

បើ​តាម​ប្រភព​ព័​ត៏​មាន​ថា ដោយ​មានការ​អាណិតអាសូរ និង​បន្ទាប់​ពី​ឃើញ​គ្រួសារ​ដ៏​កំសត់​នេះ ជួប​គ្រោះអាសន្ន​បែប​នេះ ប្រជាពលរដ្ឋ​បាន​រៃ​អង្គាសប្រាក់​គ្នា បាន​ចំនួន​ជាង​៣៤​ម៉ឺន​រៀល ជួយ​ឧ​ប​ត្ថ​ម​ដល់​គ្រួសារ​ក្រីក្រ​នេះ ដើម្បី​ជា​ការ​ជួយ​សម្រាល​បន្ទុក ឬ​ក៏​អាច​ជួយ​ដល់​គ្រួសារ​ដ៏​អភ័ព្វ​នេះ ដើម្បី​ដោះ​ទាល់​បាន​មួយ​គ្រា​ដែរ ៕

(ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព)