ជិះ​ម៉ូតូ​ហោះ​ចូល​ក្រោម​កង់​ឡាន​ធំ

ខេត្តកំពង់ចាម ​៖ ក្រុម​យុវជន​​​​ជិះ​ម៉ូតូ​​​មាន​​គ្នា​៣​នាក់ ​ដោយ​ឃើញ​​​​មិន​មាន​​ពាក់មួក​​​សុវត្ថិភាពនោះ​​ទេ​ បាន​​បើកយ៉ាងលឿន​ ទៅ​​បុក​ជាមួយ​​រថ​យន្ត​ធុន​ធំ ​​ម៉ាក​អ៊ី​ហ្ស៊ុ​ស៊ុ​យ​​​យ៉ាង​ពេញទំហឹង​​ បណ្តាល​​ឱ្យ​​មនុស្ស​​ម្នាក់​​ចូល​ក្រោម​​កង់​​រថយន្ត​កិន​ស្លាប់ភ្លាមៗ និង​២​នាក់​ទៀត​​​បាន​រងរបួស​ ដែលហេតុការណ៍​នេះ​កើតឡើង​​កាលពី​វេលា​​ម៉ោង​១១ ​និង​២២​នាទី​យប់​ថ្ងៃ​ទី​១៣ ឧសភា ២០១៦ ស្ថិតនៅ​ចំណុច​​មុខ​ស្ថា​នី​យ​ប្រេង​​មួយកន្លែងក្នុងភូមិ​ទី​៥ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

ប្រភព​ឱ្យ​ដឹងថា ​ជនរងគ្រោះ​​ម្នាក់​​អង្គុយ​ពីក្រោយ​គេ​ ឈ្មោះឃី ចិត្ត អាយុ​២០​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ទីឡូត៍ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃ​ឈរ ​(​ស្លាប់​កៀប​ជាប់​នឹង​កង់​រថយន្ត), ​​អ្នកបើក​​ម៉ូតូ​ឈ្មោះនេ​ត ​អាយុ​២៥​ឆ្នាំ និង​អ្នក​អង្គុយ​កណ្តាល​​ឈ្មោះសុង ភារ​ម្យ ភេទ​ប្រុស អាយុ១៧​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ​ជាមួយ​​គ្នា​​រង​របួស​ ត្រូវ​​គេ​បញ្ជូនតាម​​រថយន្ត​​យក​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ខេត្ត​។ ចំណែក​ម្ចាស់​រថយន្ត​ធំ​បានរត់គេចខ្លួនបាត់ បន្សល់​រថយន្ត​នៅកន្លែង​កើតហេតុ​ ។

រថយន្ត​ខាងលើ​​ត្រូវ​​​លោកស្នងការ​នគរបាល​ខេត្ត បញ្ជា​​ឱ្យ​​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុងបរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជា​បណ្តោះ​អា​សន្ន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត  ។