ត្រូវតែដុត​ចោល កុំ​ឱ្យប៉ះពាល់​សុខភាព​

ខេត្ត​បន្ទាយ​​មាន​​ជ័យ ​៖ ​សាច់​មាន់​,​ គ្រឿងក្នុង​មាន់​ និង​សត្វ​ក្រួច​​ ដែល​ខូចគុណភាព​ជិត​កន្លះ​តោន​ ត្រូវ​​សមត្ថកិច្ច​ចម្រុះ​ ​យក​​ទៅ​ដុត​កម្ទេច​ចោល​ កាលពី​​ម៉ោង​១២​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា​ ២០១៦ ​បន្ទាប់​ពី​បង្ក្រាប​​បាន​ជា​បន្តបន្ទាប់​ ​​នៅ​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​​ប៉ែ​ត ​។

លោក​ហុង ​លាង​ អនុប្រធាន​ទទួល​បន្ទុក​ស្តិ​តិ​ទីផ្សារ​នៃ​សាខា​កាំកុងត្រូល​ខេត្ត​ បាន​ប្រាប់​កោះសន្តិភាព​ថា ​សត្វ​ក្រួច ​និង​សាច់​មាន់​ចម្រុះ​ខូច​គុណភាព​ខាងលើ​ សរុប​៤១០​គីឡូក្រាម​ ហើយ​​សត្វ ​និង​សាច់​ទាំងនេះ​ ត្រូវ​ឈ្មួញ​​​លួច​នាំ​ចូល​បង្កប់​តាម​រទេះអូ​ស​ចេញពី​ទឹកដី​ថៃ​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ប្រុង​នាំ​ចូល​ទៅ​លក់​តា​ម​ទីផ្សារ ​តែ​ដោយសារ​មន្ត្រី​ជំនាញ​របស់​លោក​​ ចុះ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​តឹង​រឹង ​តាម​បទបញ្ជា​នោះ ​​ទើប​ឈាន​ដល់​ការ​ឆែកឆេរ​រក​ឃើញ​ និង​ចាប់​បានជា​បន្តបន្ទាប់​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ និង១៤ ​ឧសភា​ រួច​នាំ​យក​ទៅ​ដុត​កម្ទេច​ចោល​តែ​ម្តង​។