ផ្លូវ​រួច​រាល់​ស្អាត​​១០០% សង្ឃឹម​មិន​ខូច​វិញ​ចុះ

រាជធានី​ភ្នំពេញ​ ៖ ផ្លូវ​ព្រៃ​.ស ដែល​ឆ្លងកាត់​សង្កាត់​២​ គឺ​​សង្កាត់​ព្រៃ.​ស និង​សង្កាត់​ដង្កោ​ ​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ ធ្វើការ​ស្ថាបនា​​រួច​១០០%​ហើយ​ និង​បាន​​ក្លាយជា​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​​ដ៏​សំ​ខាន់​មួយ​ នៅ​ប៉ែក​ខាង​ត្បួ​ង​ និង​ខាងលិច​ ​រាជធានី​ភ្នំពេញ​។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​​ឱ្យ​​ដឹង​ថា​ ​ផ្លូវ​ព្រៃ.​សមាន​ប្រវែង​សរុប​១១Km២០០ ទទឹង​១១​ម៉ែត្រ ​ជា​ប្រភេទ​ផ្លូវ​​បេតុង​អា​មេ ដែល​ទទួល​ម៉ៅ​ការ​​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ STR និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន ​រាជធានី​ភ្នំពេញ​ ។​ ផ្លូវ​នេះ លាតសន្ធឹង ​ចាប់ពី​ផ្លូវបំបែក​ចំការ​ដូង​ ដល់​ផ្លូវជាតិ​លេខ​៣​ ។​

កាល​ដើម​ឡើយ​ ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវកៅស៊ូ​ DBST មាន​ទទឹង​តែ​​៧​ម៉ែត្រ​ប៉ុណ្ណោះ​ ដោយសារ​តែ​ជំនន់​ទឹកភ្លៀង និង​ទទួល​រង​នូវ​​រថ យន្ត​ដឹក​ធ្ងន់​ ឆ្លងកាត់​កាលពី​ពេល​កន្លង​ទៅ បណ្តាល​ឱ្យ​​ផ្លូវ​ព្រៃ​ស​នេះ​​​ខូចខា​ត​យ៉ាង​ដំណំ​ ។​ ដោយ​មើលឃើញ​ចំណុច​នេះ សាលា​រាជធានី​ភ្នំពេញ ​បាន​សំរេច​ស្ថាបនា​ផ្លូវ​នេះឡើង​វិញ​ ដោយ​ប្តូរ​ពី​ផ្លូវ​កៅស៊ូ​ទៅ​ជា​ផ្លូវ​បេតុង ​ដែល​អាច​ធានា​ការ​ប្រើប្រាស់​បាន​យូ​រជាង​ផ្លូវកៅស៊ូ​ ។ ​ផ្លូវ​ព្រៃ.​សអាច​ជួយ​រំដោះ​ចរាចរកាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ ក្នុង​ក្រុង​បាន​មួយ​ចំណែ​ក ជា​ពិសេស​រថយន្ត​ធុន​ធំ​ ។

​​ទោះបីជា​​យ៉ាងណា ប្រជាពលរដ្ឋ​បានសម្តែង​ការបារម្ភ ​ក្នុង​ពេល​រថយន្ត​ធុន​ធំ​​ដឹក​ធ្ងន់​ហូ​ស​កំណត់ ​ដែល​អាច​ធ្វើ​ឱ្យ​​ផ្លូវ​នេះ​ ឆាប់​ខូច​ទៅ​វិញ និង​សុំ​ឱ្យ​សមត្ថកិច្ច ក៏​ដូច​អាជ្ញាធរ​ដែនដី​ ជួយ​ទប់ស្កាត់​រថយន្ត​ដឹក​ធ្ងន់​​លើស​កំណត់​ឆ្លងកាត់​ផ្លូវ​នេះ និង​មាន​វិធានការ​ក្តៅ​ចំពោះ​ម្ចាស់​រថយន្ត ឬ​ក្រុមហ៊ុន​ណា​ ដែល​នៅ​តែ​ចចេស​ដឹក​ធ្ងន់​ឆ្លងកាត់​ផ្លូវ​នេះ​ផង​ដែរ​ ។