លោក កែវ សាវឿន នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ​រាល់​សប្ដាហ៍​

លោក កែវ សាវឿន នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ​រាល់​សប្ដាហ៍​



ភ្នំពេញ ៖ លោក កែវ សាវឿន​ ចៅសង្កាត់​ចាក់អង្រែលើ ជា​រៀងរាល់​សប្ដាហ៍​ លោក​តែង​ចុះ​សាកសួរ​សុខទុក្ខ​ ព្រមទាំង​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​ខ្វះខាត​ជីវភាព​ ឬ​មាន​ជំងឺ​។​

លោក កែវ សាវឿន បាន​មានប្រសាសន៍ថា​ នៅ​រាល់​ចុង​សប្ដាហ៍ ​លោក​បាន​សហការ​​ជាមួយ​លោក​មេ​ភូមិ​ តែង​ចុះ​សាកសួរ​សុខទុក្ខ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដើម្បី​ចង់​ដឹង​ពី​សុខទុក្ខ​ និង​ការ​ប្រកបរបរ​រក​ស៊ី​របស់​ពួក​គាត់​ តើ​មាន​ផល​លំបាក​ ឬ​យ៉ាងណា​នោះ​។​

លោក​ចៅសង្កាត់​បាន​បញ្ជាក់​ថា ​ពេល​ចុះ​ទៅដល់​លំនៅ​ដ្ឋាន​ពួកគាត់​គឺ​លោក​តែង​សាកសួរ​ពី​សៀវ​ភៅ​ស្នាក់នៅ​ ឬ​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ខ្លួន​ បើ​ពុំ​ទាន់​មាន​នោះ​ លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​នគរបាល​មណ្ឌល​ចុះ​មក​ធ្វើ​ជូន​ដល់​ផ្ទះ ​ធ្វើ​យ៉ាង​ត្រូវ​មាន​ឯកសារ​ទាំងនេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

លោក កែវ សាវឿន បាន​មានប្រសាសន៍​ទៀត​ថា ​អ្វី​​ដែល​សំខាន់​នោះ​គឺ​លោក​មានបំណង​យក​អំ​ណោយ​ទៅ​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​ខ្វះខាត​ជីវភាព​ ឬ​មាន​ជំងឺ​គឺ​លោក​តែង​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​ ដើម្បី​ធ្វើការ​ព្យាបាល​កុំ​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ ​ចំពោះ​អំណោយ​ដែល​យក​ទៅ​ផ្តល់​ជូន​​គឺ​មាន​គ្រឿង​ឧបភោគបរិភោគ​ សំភារៈ​ប្រើប្រាស់​ និង​ថវិកា​ក្នុង​១​គ្រួសារ​ចំនួន​១០​ម៉ឺន​រៀល​៕​
​​