លោក អ៊ុត សំអន ចែក​អំណោយ​ជូន​ពលរដ្ឋ​ដែល​ជួប​ប្រទះ​នឹង​ខ្យល់​កន្ត្រាក់​​

លោក អ៊ុត សំអន ចែក​អំណោយ​ជូន​ពលរដ្ឋ​ដែល​ជួប​ប្រទះ​នឹង​ខ្យល់​កន្ត្រាក់​​



កំពង់ធំ ៖ ឯកឧត្ដម អ៊ុត សំអន អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ និង​ជា​ប្រធាន​គណៈកម្មការ​កាកបាទក្រហម​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​យក​អំណោយ​កាកបាទក្រហម​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ជួប​ប្រទះ​នឹង​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ របើក​ដំបូល​ចំនួន​៣៤​គ្រួសារ​ នៅ​ក្នុង​ស្រុក​សណ្ដាន់​ចំនួន​៣​ឃុំ ដោយមាន​ការចូលរួម​អភិបាលស្រុក មេភូមិ មេឃុំ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​៣ ​នៅ​ក្នុង​មូល​ដ្ឋាន កាលពី​ព្រឹក​ថ្ងៃ​ទី១៣ ​ខែ​សភា ​ឆ្នាំ​២០១៦។​

តាម​របាយការណ៍ ​របស់​អាជ្ញាធរ​ស្រុក ​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​នឹង​គ្រោះធម្មជាតិ​ គឺ​មាន​ការ​​ទទួល​រង​នឹង​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​របើក​ដំបូល កាលពី​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០១៦ ចំនួន​៣៤​គ្រួសារ ក្នុង​៣​ឃុំ​លើ​៩​ភូមិ ក្នុង​នោះ​មាន​ឃុំ​ក្លែង​២២​គ្រួសារ ឃុំ​សណ្ដាន់​៣​គ្រួសារ ឃុំ​ឈើទាល​៦​គ្រួសារ ឃុំ​មានជ័យ​៣​គ្រួសារ ត្រូវ​បាន​ទទួល​អំណោយ​កាកបាទក្រហម​ពី​ឯកឧត្ដម អភិបាលខេត្ត ព្រមទាំង​ក្រុមការងារ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ឧសភា ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ក​២៥​គីឡូក្រាម តង់​១ កន្ទេល​១ មុង​១ ភួយ​១ ក្រមា​១ សារុង​១ និង​ឆ្នាំង​១ ព្រមទាំង​ថែម​ថវិកា​៣០​ម៉ឺន​រៀល​ដល់​គ្រួសារ​អ្នក​ស្លាប់​ដោយ​រន្ទះបាញ់​ម្នាក់។

ក្នុង​ឱកាស​នៃ​ពិធី​ចែក​អំណោយ ឯកឧត្ដម អ៊ុត សំអន​ បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​លោក​យាយ លោកតា និង​ប្រជាពលរដ្ឋ​ទាំងអស់​ ឲ្យ​មានការ​ការប្រុងប្រយ័ត្ន នៅ​ពេល​មាន​ភ្លៀង ផ្គរ រន្ទះ ក្នុង​រដូវភ្លៀង​នេះ ព្រោះថា ​ឆ្នាំនេះ​មាន​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ភ្លៀង​ផ្គរ រន្ទះបាញ់​ជាច្រើន​ទៀត​ ដូច្នេះ​ត្រូវ​មាន​វិធាន​ការ​ទប់ស្កាត់​ការពារ កុំ​ឲ្យ​ផ្ទះ​រលំ​ ឬ​របើក​ដំបូល​ ដើម្បី​កាត់បន្ថយ​ការ​ខាតបង់​ទ្រព្យ​សម្បត្តិ​រៀងៗខ្លួន។

ចំណែក​កូនចៅ និង​ចាស់ជរា​ ត្រូវ​រក​កន្លែង​មាន​សុវត្ថិភាព​ជូន​ពួកគាត់ ពេល​មាន​ភ្លៀង​ផ្គរ​ ដើម្បី​ជៀស​ផុត​ពី​រន្ទះ​ និង​កុំ​ជ្រក​ក្រោម​ដើមឈើ ព្រោះ​បាតុភូត​ធម្មជាតិ​កើតមាន​គ្រប់​ជំនាន់​រួចមកហើយ​ ពុំ​អាចមាន​នរណាម្នាក់​បញ្ឈប់​បានឡើយ ដូច្នេះ​ត្រូវ​ចេះ​រក​កន្លែង​មាន​សុវត្ថិភាព​​ការពារ​អាយុជីវិត​ឲ្យ​បាន​គ្រប់គ្នា​៕លោក អ៊ុត សំអន ចែក​អំណោយ​ជូន​ពលរដ្ឋ​ដែល​ជួប​ប្រទះ​នឹង​ខ្យល់​កន្ត្រាក់​​

លោក អ៊ុត សំអន ចែក​អំណោយ​ជូន​ពលរដ្ឋ​ដែល​ជួប​ប្រទះ​នឹង​ខ្យល់​កន្ត្រាក់​​
លោក អ៊ុត សំអន ចែក​អំណោយ​ជូន​ពលរដ្ឋ​ដែល​ជួប​ប្រទះ​នឹង​ខ្យល់​កន្ត្រាក់​​

លោក អ៊ុត សំអន ចែក​អំណោយ​ជូន​ពលរដ្ឋ​ដែល​ជួប​ប្រទះ​នឹង​ខ្យល់​កន្ត្រាក់​​