គណបក្ស​សង្គ្រោះ​ជាតិ​ មិន​មាន​ការ​ចាប់​អារម្មណ៍​នឹង​ការ​ប្រមូល​ស្នាម​មេដៃ​ទាមទារ​ទម្លាក់ ​លោក កឹម សុខា

គណបក្ស​សង្គ្រោះ​ជាតិ​ មិន​មាន​ការ​ចាប់​អារម្មណ៍​នឹង​ការ​ប្រមូល​ស្នាម​មេដៃ​ទាមទារ​ទម្លាក់ ​លោក កឹម សុខា



ភ្នំពេញ ​៖ ប្រធាន​គណៈកម្មាធិការ​នាយក និង​ជា​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ដែល​គ្រប់គ្រង​លើ​ផ្នែក​វិនិយោគ​កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធានទឹក របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះ​អាង​ថា លោក​មិន​ការ​ចាប់​អារម្មណ៍​ចំពោះ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​របស់​ក្រុម​យុវជន ឬ​កញ្ញា ធី សុវណ្ណ​ថា នោះ​ទេ​។​

លោក ប៉ុល ហំ​ម មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​បែបនេះ បន្ទាប់ពី​ក្រុម​យុវជន និង​និស្សិ​ត​ជាច្រើន​បាន​ប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ ថា នឹង​ស្វែងរក​ស្នាម​មេដៃ​ចំនួន​១ លាន​នាក់ ដើម្បី​ទាមទារ​ទំលាក់​លោក កឹម សុខា ពី​សមាជិក​រដ្ឋសភា និង​ពី​អនុប្រធាន​គណបក្ស​គណ​បក្ស​សង្គ្រោះ​ជាតិ​។​

លោក ប៉ុល ហំ​ម ថ្លែង​ថា ចំពោះ​ការ​ទាមទារ​ដក​តំណែង​ លោក កឹម សុខា នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ការ​ចាប់​អារម្មណ៍​ទេ​ ពីព្រោះ​នៅក្នុង​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មានតែ​សមាជ​ទេ ដែល​អាច​ដក​ប្រធាន និង​អនុប្រធាន​គណបក្ស​បាន​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់អារម្មណ៍​ពី​ទង្វើ​ណាមួយ ដែល​ផ្ទុយ​ពី​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ លោក​បញ្ជាក់​ថា សូម្បីតែ​សមាជិក​គណបក្ស ក៏​អត់​មាន​ចែងថា សមាជិក​គណបក្ស​អាច​មក​ផ្ដិត​មេដៃ​ទម្លាក់​ប្រធាន​បក្ស​បានទេ​។​

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ កញ្ញា ធី សុវណ្ណ​ថា និង​ក្រុម​យុវជន និស្សិត​របស់​ លោក ស្រី ចំរើន បាន​លើក​ឡើង​នៅក្នុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នា​សណ្ឋាគារ​សាន់វ៉េ ថា នឹង​ស្វែងរក​ស្នាម​មេដៃ​ចំនួន​១ លាន​នាក់ ដើម្បី​ទាមទារ​ទម្លាក់​ លោក កឹម សុខា​។ កញ្ញា ធី សុវណ្ណ​ថា បាន​លើក​ឡើង​ថា លោក កឹម សុខា មិន​មែន​ជា​បុគ្គល​គំរូ​ទេ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​ពិចារណា​ប្ដូរ​ លោក កឹម សុខា​ចេញ ពីព្រោះ​គោលដៅ​របស់​គណបក្ស​ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ ចង់​ប្ដូរ​រដ្ឋាភិបាល ប៉ុន្តែ​បើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​អត់​បាន​ផ្លាស់ប្ដូរ​ខ្លួនឯង​ផង មិនអាច​ទៅ​ប្ដូរ​រដ្ឋាភិបាល​បានទេ​។​

នៅ​លើ​សេចក្ដីថ្លែងការណ៍​ស្ដីពី​វេទិកា​ពិភាក្សា​នោះ​បាន​បញ្ជាក់​ដែរ​ថា ក្នុងនាម​ជា​យុវជន​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ នឹង​បើក​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ឲ្យ​បាន​១​លាន​នាក់ ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា លាលែង​តំណែង និង​ស្នើ​បក្ស​សង្គ្រោះ​ជាតិ ដក​តំណែង​ លោក ​កឹម សុខា ហើយ​ស្នើសុំ​ឲ្យ​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ពិចារណា កុំ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ លោក ​កឹម សុខា ជា​ថ្នាក់ដឹកនាំ​។ បើ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ន័យ​ថា គាំទ្រ​ឲ្យ​មនុស្ស​ថោកទាប​ល្មោភកាម​ គាំទ្រ​អំពើ​សហាយ​ស្មន់​៕