ផ្ទុះ​អាវុធ​ក្នុង​ពេល​ផឹកស៊ី បណ្តាល​ឲ្យ​ធ្លាយ​ពោះ​ម្នាក់​

ផ្ទុះ​អាវុធ​ក្នុង​ពេល​ផឹកស៊ី បណ្តាល​ឲ្យ​ធ្លាយ​ពោះ​ម្នាក់​



បាត់ដំបង ៖ យ៉ាងហោចណាស់​ ក៏មាន​ភាគី​ម្ខាង​បាន​រងរបួស​ដៃ​ចំនួន២​នាក់ ដោយសារ​ផ្លែដាវ​សាំ​ម៉ូ​រ៉ៃ និង​ភាគី​ម្ខាង​ទៀត​បាន​រង​របួស​ត្រង់​ពោះ នៃ​កម្លាំង​ក្បាល​គ្រាប់​កាំភ្លើងខ្លី ដែល​បច្ចុប្បន្ន​កំពុង​ធ្វើកា​រ​សង្គ្រោះ​បន្ទាន់ បន្ទាប់ពី​ពួកគេ​បាន​ផ្ទុះ​នូវ​ជម្លោះ​ ដែល​សង្ស័យ​បណ្តាលមកពី​រឿង​ស្រី ទើប​ឈាន​ដល់​ការបង្ហូរ​ឈាម​គ្នា​បែបនេះ។

ករណី​នេះ​ត្រូវ​បាន​ម្ចាស់​ហាង​ព្យាយាម​បិទបាំង ​ព្រមទាំង​បាន​បំផ្លាញ​វត្ថុតាង​ចោល​ស្ទើរតែ​ទាំងស្រុង​ផង​ដែរ ដែល​ជម្លោះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀបភ្លឺ​ នា​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្នុង​អាហារដ្ឋាន​យីហោ ឡាយ ឡាយ​ ស្ថិត​ក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

តាម​ការ​រៀបរាប់​ពី​ម្ចាស់​ហាង​ឈ្មោះ ហែម កុសល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ត្រង់​ចំណុច​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពេលនោះ ​គឺ​មាន​ភ្ញៀវ​ចំនួន​២​តុ​ ដោយ​ភាគី​ម្ខាង​ប្រហែល​៥​ទៅ​៦​នាក់​ដូចគ្នា ដោយ​គ្រាន់តែ​ភាគី​ម្ខាង ​មាន​នារី​៤​នាក់ និង​ម្ខាង​ទៀត​គឺ​ប្រុស​ទាំងអស់ ដែល​មិន​ទាន់​ចាក​ចេញពី​ក្នុង​ហាង​នោះ​ទេ ហើយ​ពេល​មាន​ទំនាស់​ គឺ​លោក​មិន​បាន​ដឹង​ទាល់តែសោះ។​

គេ​មិនបាន​ដឹង​ថា​ ពួកគេ​មាន​ទំនាស់​អ្វី​នោះ​ទេ ព្រោះ​ទីកន្លែង​ដែល​ពួកគេ​អង្គុយ​ផឹក​គឺ​នៅ​លើ​សាឡុង​ជាប់​គ្នា ហើយ​ភាគី​ដែលមាន​ស្រី​បាន​ទាញ​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​ស្ទុះ​ទៅ​កាប់​លើ​ភាគី​ម្ខាង​ទៀត​បណ្តាល​ឲ្យ​ម្នាក់​រង​របួស​ដៃ​យ៉ាង​ធ្ងន់ធ្ងរ គឺ​នៅពេលនោះ​ហើយ​ ដែល​ភាគី​ម្ខាង​ទៀត​​ស្លៀកពាក់​ឯកសណ្ឋាន​ស៊ីវិល បាន​ដក​កាំភ្លើងខ្លី​បាញ់​ទៅលើ​ពួក​នោះ​វិញ​ចំនួន​១​គ្រាប់​ត្រូវ​ចំ​ក្បាលពោះ​នោះ។​ ប្រភព​ពី​ម្ចាស់​ហាង​បាន​បន្ត​ថា នៅ​ពេល​នោះ ​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​ភ្លាម ​ដោយ​ភាគី​ទាំងពីរ​បាន​រត់​ដេញ​គ្នា​ទៅ​ខាង​ក្រៅ​ហាង ហើយ​ក្រុម​ដែល​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​បាន​ព្យាយាម​កាប់​ទៅលើ​ភាគី​ម្ខាង​ទៀត​ គឺ​សរុប​រង​របួស​ចំនួន​២​នាក់ ប៉ុន្តែ​មុននឹង​រត់​បែកផ្លូវ​គ្នា​ គឺ​ជន​ដែល​មាន​អាវុធ​បាន​បាញ់​បន្ថែមចំនួន​២​គ្រាប់​ទៀត​ ទើប​គេ​នាំគ្នា​គេច​បាត់​អស់។

ប្រភព​មួយ​ផ្សេងទៀត​បាន​និយាយ​ថា ជន​ដែល​រង​របួស​ដោយសារ​គ្រាប់កាំភ្លើង​បាន​រត់​ទៅ​ទិសខាងកើត​ ហើយ​ក៏​មាន​រថយន្ត​វី​ហ្គូ​១​គ្រឿង​ បាន​បើក​មក​ទទួល​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ផងដែរ​។ ​មួយសន្ទុះ​ក្រោយមក ​ក្រុម​ដែល​មាន​អាវុធ​បាន​ទូរស័ព្ទ​ហៅ​គ្នីគ្នា​​មក​បន្ថែម ​ដែល​គេ​ឃើញ​មាន​មនុស្ស​ចំនួន​២​នាក់ ស្លៀកពាក់​ជា​ឯកសណ្ឋាន​ឈុត​ខ្មៅ​ បាន​ទៅ​ចុច​ពិល​ដើរ​ប្រមូល​យក​សំបក​ការទុស្ស​ដែលជា​វត្ថុតាង​ទៅ​អស់រលីង។
ដោយឡែក​ ម្ចាស់​ហាង​ក៏​ហាក់បីដូច​ជាមាន​ការជួយ​បិទបាំង​នូវ​បញ្ហា​នេះដែរ ព្រោះ​សូម្បី​តែ​ស្លាក​លេខ​ទូរស័ព្ទ​ដែល​សមត្ថកិច្ច​សរសេរ​ដាក់​បញ្ឈរ​នៅខាងមុខ​ហាង​ក៏​គេ​មិន​ទូរស័ព្ទ​ទៅ​ប្តឹង​ដែរ ដោយ​គេ​បាន​ព្យាយាម​ដុសលាង​ឈាម​ដែល​ប្រឡាក់​នៅតាម​សា​ឡុង​ និង​នៅ​លើ​ដី ​រហូត​អស់រលីង​ដែល​មើល​ទៅ​ហាក់ដូចជា​មិនមាន​រឿង​អ្វី​កើតឡើង​នោះឡើយ​។​

នៅពេល​សមត្ថកិច្ច​ចុះទៅ​សាកសួរ ក៏ដូចជា​ត្រួតពិនិត្យ​រក​វត្ថុតាង​ គឺ​គ្មាន​បន្សល់​អ្វី​ទាំងអស់​ ​ដោយ​នៅសល់តែ​ស្បែកជើង​មួយ​គូ​ប៉ុណ្ណោះ ហើយក៏​មិនដឹងថា​ជា​របស់​ភាគី​ណា​ដែរ​ ចំណែក​ម្ចាស់​ហាង​នៅតែ​បដិសេធ​ថា​ គ្រាន់តែ​ស្គាល់​មុខ តែ​មិនដឹងថា​ជន​ទាំងនេះ​នៅ​ទីណា​នោះឡើយ។​ ក្រោយមក​ទើប​គេ​ដឹងថា ជនរងគ្រោះ​ដែល​ទៅ​ផឹកស៊ី​មាន​ដាក់​ដាវ​សាំ​ម៉ូ​រ៉ៃ​ទៅជា​មួយ​ដើម្បី​
​កាង​ស្រី​នោះ​ មានឈ្មោះ សំ ប៊័រ​រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដែល​បច្ចុប្បន្ន​បាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​អ៊ីមេ​ចិន​ស៊ី។

នៅពេល​នេះ​ដែរ ទាំង​កម្លាំង​នគរបាល ក៏ដូចជា​កម្លាំង​កងរាជអាវុធហត្ថ កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​ដើម្បី​វែកមុខ​ជន​ដែល​ប្រើ​អាវុធ​បាញ់​បោះ​ក្នុង​ពេល​ផឹកស៊ី យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ ចំណែក​ជន​ដែល​រង​របួស​កំពុង​​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ក៏​គួរតែ​វាយ​ខ្នោះ​ដែរ នៅ​ពេល​ដែល​គេ​បានជា​សះស្បើយ៕
ផ្ទុះ​អាវុធ​ក្នុង​ពេល​ផឹកស៊ី បណ្តាល​ឲ្យ​ធ្លាយ​ពោះ​ម្នាក់​