ទិន្នផល​ធូរេន កំពត​ធ្លាក់ចុះ ​ខណៈ​ពេល​មេឃ​ក្តៅ​ខ្លាំង​

ទិន្នផល​ធូរេន កំពត​ធ្លាក់ចុះ ​ខណៈ​ពេល​មេឃ​ក្តៅ​ខ្លាំង​



​កំពត​ ៖ បងស្រី យ៉ាវ​ហាវ ជា​អាជីវករ និង​ក៏​ជា​អ្នក​ដាំ​ដើម​ធូរេន ចំនួន ១០០​ដើម ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក​ប្រា​ង ស្រុក​ទឹកឈូ ខេត្តកំពត បាន​ត្អូញត្អែរ​ថា ឆ្នាំនេះ​ផ្លែ​ធូរេន ធ្លាក់ចុះ​ច្រើន​រហូតដល់ ៣០% ដែល​ខុសពី​ឆ្នាំទៅ​សំបូរ​ផ្លែ​ច្រើន​ក្នុង​មួយ​ដើម ៥០ ទៅ ៧០​ផ្លែ ឥឡូវ​បែរ​មិនសូវ​ផ្លែ ​ដោយ​សារ​មេឃ​ក្តៅ​ខ្លាំង។​

​ ​បងស្រី យាវ​ហាវ បាន​មាន​ប្រសាសន៍​ទៀត​ថា រដូវ​ប្រមូល​ផល​ផ្លែ​ធូរេន ក្នុង​ខេត្តកំពត​នេះ ​ចាប់ផ្តើម​ប្រមូល​ផល​ពី​ថ្ងៃ​ទី​១០ ខែឧសភា រហូតដល់​ខែកក្កដា ដែល​ជា​រដូវ​សំបូរ​ផ្លែ​ធូរេន ហើយ​តម្លៃ​លក់​ក្នុង​ឆ្នាំនេះ​ទៀតសោត បាន​ថ្លៃ​ខ្ពស់​រហូត​ក្នុង ១​គីឡូ ថ្លៃ ២​ម៉ឺន​រៀល ឬ​លើស​នឹង​ទៀត ដោយ​ខុសពី ឆ្នាំ​ទៅ ផ្លែ​ធូរេន​កំពត​លក់​បានតែ ១១០០០​រៀល ទៅ ១៥០០០​រៀល​ប៉ុណ្ណោះ ដែល​មាន​ការ​នាំ​ចូល ទៅកាន់​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ អ្នកទទួល​ទាន​ផ្លែ​ធូរេន​កំពត លាន់មាត់​ថា ផ្លែ​ធូរេន​កំពត មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់ ដោយសារ​ខេត្ត​នេះ សម្បូរ​ទៅ​ដោយ​ផ្លែឈើ​ហូប​ផ្លែ​ច្រើន នៅក្នុង​ផ្ទៃដី​ដាំ​ដុះ​ចំនួន ៧៥០​ហិកតា។ ផ្ទៃដី​មួយ​ហិកតា អាច​ដាំ​ធូរេន​បាន ១០០​ដើម ដោយ​ផ្តល់​ទិន្នផល​មួយ​ផ្លែ​ពី ២​គីឡូ ៨​គីឡូ។ ធូរេន​ជា​ផ្លែឈើ​ពេញនិយម និង​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​របស់​ប្រជាជន​នៅក្នុង​តំបន់ អាស៊ីអាគ្នេយ៍​ថា ជា​ផ្លែឈើ​ដែល​ល្បីល្បាញ​ជាងគេ។

នៅ​ប្រទេស​កម្ពុជា​ទីតាំង​ដាំ​ធូរេន មាននៅ​ខេត្តកំពត និង​ខេត្តកំពង់ចាម ព្រោះ​លក្ខណៈ​អាកាសធាតុ និង​សណ្ឋាន​ដី អំណោយផល​ចំពោះ​ដំណាំ​នេះ​។ ធូរេន​កំពត មាន​ភាព​ល្បីល្បាញ និង​ជាទី​ពេញ​និ​យ​ម​របស់​ប្រជាជន​កម្ពុជា​ជា​យូរ​មក​ហើយ តាម​រយៈ​ រសជាតិ​ផ្អែម ក្លិន​ឈ្ងុយ​ប្រហើរ ដែល​ផ្លែ​របស់​វា​វិវឌ្ឍន៍​តាម​បែប​ធម្មជាតិ៕