​ករណី​អ្នក​ប្រឌិត​រឿង​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​លោក អេង ឆៃអ៊ាង ស្នើ​ឲ្យ​អ្នកច្បាប់​ចាត់ការ​

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកណ្តាល និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានបញ្ជាក់នៅនៅចុងសប្តាហ៍នេះថាគណបក្សសង្គ្រោះជាតិមិនមែនជាអ្នកនៅពីក្រោយករណីអ្នកប្រឌិតរឿងលោក ហ៊ុន ម៉ាណែត មិនមែនជាកូនលោក ហ៊ុន សែន នោះទេ ហើយថាបើអ្នកប្រឌិតនោះពិតជាមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនឹងមិនឲ្យរួចខ្លួនឡើយ ពោលគឺនឹងមានវិធានការដាក់វិន័យមិនខាន។

លោក អេង ឆៃអ៊ាង បានពន្យល់ថាដោយសារតែអ្នកប្រឌិតរឿងលោក ហ៊ុន ម៉ាណែត មិនមែនជាកូនលោក ហ៊ុន សែន មិនមែនជាមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ វាធ្វើឲ្យគណបក្សសង្គ្រោះជាតិមិនអាចដាក់វិន័យលើពួកគេបានឡើយ ព្រោះវាគ្មានសមត្ថកិច្ច។ ចំពោះមុខបញ្ហានេះ លោក អេង ឆៃអ៊ាង ជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានស្នើឲ្យមានការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងបុគ្គល ឬក៏ក្រុមដែលប្រឌិតរឿងលោក ហ៊ុន ម៉ាណែត មិនមែនជាកូនលោក ហ៊ុន សែន ព្រោះគណបក្សសង្គ្រោះជាតិតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានប្រតិកម្មទៅនឹងអ្នកដែលបានប្រឌិតករណីរឿងលោក ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់លោក ហើយលោកចាត់ទុកសកម្មភាពប្រឌិតរឿងអាស្រូវនោះថាជាការប្រមាថមកលើក្រុមគ្រួសាររបស់លោក និងធ្វើឲ្យមានការភ័ន្តច្រឡំជាសាធារណៈពីសំណាក់សាធារណជន។

ជុំវិញបញ្ហាខាងលើនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ជាបន្តបន្ទាប់ថា គណបក្សសង្គ្រោះជាតិគ្មានគោលនយោបាយឲ្យសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនធ្វើសកម្មភាពឃោសនាខុសសីលធម៌ផ្ទុយពីការពិត និងផ្ទុយច្បាប់របស់រដ្ឋនោះទេ ព្រោះវាមិនបានធ្វើឲ្យប្រទេសជាតិរីកចម្រើន ហើយថែមទាំងអាចធ្វើឲ្យបែកបាក់ជាតិ។ ប្រភពដដែលបានសង្កត់ធ្ងន់ថា គណបក្សង្គ្រោះជាតិមិនមែនជាគណបក្សមានគោលនយោបាយលាបពណ៌ទៅលើគណបក្សផ្សេង ឬបុគ្គលណាទេ តែផ្ទុយទៅវិញគណបក្សសង្គ្រោះជាតិជាជនរងគ្រោះពីការលាបពណ៌៕

​ករណី​អ្នក​ប្រឌិត​រឿង​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​លោក អេង ឆៃអ៊ាង ស្នើ​ឲ្យ​អ្នកច្បាប់​ចាត់ការ​

ប្រភពៈ moneaksekar