មូល​ហេតុ ៦ យ៉ាង​ដែល Steve Jobs ធ្វើ​ឲ្យ Apple ទទួល​បាន​ជោគជ័យ

ថ្វី​ត្បិត​តែ Steve Jobs លោក​ បាន​លាចាក​លោក​ក៏​ពិត​មែន​តែ​អ្វី​ដែល​ជា​ស្នាដៃ​របស់​គាត់​គឺ​ធ្វើ​ឲ្យ​មនុស្ស គ្រប់​គ្នា​នៅ​តែ​ចង់​ចាំ​ពី​គាត់​ជានិច្ច ។

Steve Jobs បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង ដោយ​បង្កើត​នូវ​របស់​ម្យ៉ាង ដែល​យើង​ អាច​បញ្ជរ​ដោយ​ចុច​នៅ​លើ​អេក្រង់ ហើយ​មាន​មុខងារ​ជា​ច្រើន​យ៉ាង​ដូចជា ស្ដាប់​តន្ត្រី មើល​វីដេអូ​ លេង​អ៊ីនធឺណិត ថតរូប និង ប្រើ​សម្រាប់​ទាក់ទង​គ្នា​ជាដើម របស់​នោះ​​គឺ iPhone ។ ជាពិសេស Steve Jobs បាន​ធ្វើ​ឲ្យ​ពិភព​លោក​ដឹង​ថា​អ្វី​ជា​ក្រុមហ៊ុន Apple ទៀត​ផង។

តើ​អ្នក​ដឹង​ទេ​ថា​ហេតុ​អ្វី​បាន​ជា Steve Jobs អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន Apple ល្បី​មក​ដល់​សព្វ​ថ្ងៃ ?

ហេតុ​ផល​ដែល Steve Jobs ធ្វើឲ្យ Apple ល្បី​បាន​មាន ៦ យ៉ាង​គឺ ៖

1. បង្កើត​ផលិត​ផល​ដែរ​សូម្បី​តែ​អ្នក​ដែល​ផលិត​វា​ក៏​ចង់​ប្រើ​ប្រាស់​​ដែរ

ក្នុង​ដំណាក់​ការ​ផលិត Steve Jobs និង បុគ្គលិក​គឺ​ជា​អតិថិជន​ទី១ ហើយ​មុន​ពេល​សម្រេច​ចិត្ត​ថា ធ្វើ​អ្វី​ Steve Jobs រួម​ទាំង​បុគ្គលិក​ទាំង​អស់​ត្រូវ​សួរ​ខ្លួន​ឯង​ថា បន្ទាប់​ពី​ផលិត​បាន​ហើយ​ របស់​នោះ​ធ្វើ​ឲ្យ​យើង​ចង់​បាន​វា​ឬ​អត់ ? អាច​ធ្វើ​វា​ឲ្យ​ក្លាយ​ទៅ​ជា​របស់​ចាំ​បាច់​សម្រាប់​យើង​ដែរ​ឬ​អត់? មិន​មែន​ផលិត​នូវ​ ផលិតផល​ដោយ​គ្រាន់​តែ​យើង​អាច​ផលិត​បាន​នោះ​ទេ។

2. ផលិត​នូវ​ផលិត​ផល​ដែល​ងាយ​ស្រួល​ប្រើប្រាស់​

ផលិត​ផល​ដោយ​គ្រាន់​តែ​ទំនើប​មួយ​មុខ​គឺ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ ផលិត​ផល​ដែល​ផលិត​ចេញ​មក​ត្រូវ​តែ​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ផង​ដែរ ដូចជា iPhone ត្រូវ​បាន​ផលិត​ដោយ​ យើង​អាច​ប្រើប្រាស់ មុខងារ​ផ្សេងៗ ដោយ​គ្រាន់​តែ​យក​ដៃ​ទៅ​ចុច​​ឬ​អូស​វាស​លើ​ផ្ទៃ​អេក្រង់ ហើយ​យើង​ អាច​ត្រលប់​ក្រោយ​ទៅ​រក Home Screen ដោយ​គ្រាន់​តែ​ចុច​ទៅ​លើ Home Button។

3. ធ្វើ​អោយ​វា​ធម្មតា

ផលិត​ផល​របស់ Apple គឺ​មិន​មាន​ភាព​ស្មុគស្មាញ​នោះ​ទេ ឧទាហរណ៍ ដូចជា iPhone ត្រូវ​បាន​ផលិត​ជា​រៀងរាល់​ឆ្នាំ​តែ​មួយ​ម៉ូឌែល​​ប៉ុណ្ណោះ គឺ iPhone មិនមាន iPhone អ្វី​ផ្សេង​ទៀត​នោះ​ទេ។ ហើយ​ Accessory របស់ Apple សម្រាប់​ប្រភេទ​ផលិតផល​មួយ​គឺ​ដូចគ្នា។ (បញ្ជាក់​វា​ជា​ជំនាន់​របស់ Steve Jobs) ។

4. ផ្ដល់​នូវ​សេវា​កម្ម​ដ៏​ល្អ​បំផុត​ទៅ​អោយ​អតិថិជន

Steve Jobs មិន​ត្រឹម​តែ​គិត​គួរ​តែ​ផលិត​ផល​របស់​ខ្លួន​នោះ​ទេ តែ​សម្រាប់​សេវាកម្ម​បម្រើ​ជូន​ទៅ​ដល់ ​អតិថិជន ក៏​មិន​បាន​មើល​រំលង​ដែរ។ នៅ​ពេល​ដែល​​ផលិតផល Apple របស់​អតិថិជន​មាន​បញ្ហា​ គេ​អាច​យក វា​មក​​កាន់ Apple Store ដើម្បី​ធ្វើ​ការ​ជួសជុល ឬ​ផ្លាស់​ប្ដូរ​គ្រឿង​បន្លាស់។ Apple ​តែង​តែ​ស្ដាប់​រាល់​ការ រិះគន់​របស់​អតិថិជន​មក​កាន់​ក្រុមហ៊ុន រួច​ធ្វើការ​កែ​ប្រែ​កំហុស​ឆ្គង​ជូន​អតិថិជន​ ជាក់​ស្ដែង​ដូច​ជា​បញ្ហា ប្រព័ន្ធ​ប្រតិបត្តិការ​(iOS) ។

5. ផលិត​តែ​ផលិត​ផ​ល​ណា​ដែរ​គិតថា​នឹងល្អ​ជាង​គេ

Apple ក្រោម​ការ​គ្រប់​គ្រង់​របស់ Steve Jobs មិន​ងាយ​នឹង​ផលិត​នូវ​ផលិត​ផល​ថ្មី​នោះ​ទេ បើ​សិន​ជា​ Apple នឹង​ផលិត​មែន​នោះ​ផលិតផល​ដែរ​ផលិត​ចេញ​មក​ត្រូវ​តែ​ប្លែក​ពី​គេ​ ហើយ​មាន​ប្រយោជន៍​ជាង​គេ ។ ជាក់​ស្ដែង កំឡុង​ពេល​ដែល ពិភព​លោក កំពុង​តែ​ពេញនិយម​ជាមួយ​នឹង MP3 Player, Apple បាន​បង្កើត iPod ដែល​ជា​ឧបករណ៍ ដែល​អាច​ស្ដាប់​តន្ត្រី​បាន​ពីរោះ អាច​ថត​សំឡេង​បាន និង អាច​ផ្ទុក​ទិន្នន័យ​បទ​ចម្រៀង​បាន ច្រើន​ទៀត​ផង។

6. Apple បាន​ធ្វើការ​ជាមួយ​ផលិត​ផល​ថ្មី​របស់​ខ្លួន ​2 ​ឆ្នាំ​រួច​មក​ហើយ​មុន​នឹង​ចេញ​លើ​ទីផ្សារ​

ផលិតផល​របស់ Apple ត្រូវ​បាន​គេ​ឌីហ្សាញ និង គិត​គួរ​រួច​ជា​ស្រេច​យ៉ាង​តិច​ ២ ឆ្នាំ​មុន​នឹង​បង្ហាញ​ទៅ​ដល់​ពិភព​លោក ។ ជាក់​ស្ដែង​ដូចជា iPhone 4s ដែល​ត្រូវ​បាន​ចេញ​លក់ក្នុងឆ្នាំ 2011 ត្រូវ​បាន Apple ឌីហ្សាញ​រូបរាង និង គិត​គួរ​ពី​វា​តាំង​ពីឆ្នាំ 2009 មក​ម្ល៉េះ ។

Steve Jobs គឺ​ជា​បុរស​ម្នាក់​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ស្គាល់​កាន់​តែ​ច្បាស់​ថា Apple គឺ​ជា​អ្វី ។ ក្នុង​កំឡុង​ពេល​ដែល​គាត់​នៅ​រស់ គាត់​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ល្បី​ដោយ​សារ​ផលិតផល តែ​បើ​យើង​សង្កេត​មើល Apple សព្វ​ថ្ងៃ គឺ ផលិត​ផល​ល្បី​ដោយ​សារ​ក្រុមហ៊ុន​ទៅ​វិញ៕

អត្ថបទ​ដោយ ៖ Mr. Dee
ឯកសារ​យោង ៖ បរទេស


  • មូល​ហេតុ ៦ យ៉ាង​ដែល Steve Jobs ធ្វើ​ឲ្យ Apple ទទួល​បាន​ជោគជ័យ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កំសាន្ត
Tags: