ញាក់សាច់! កំពុងតែជិះកងបង្វិល យ៉ាងសប្បាយ ស្រាប់តែដាច់ធ្លាក់ចុះមក លទ្ធផលអាណោចអាធ័ម (មានវីដេអូ)

ឥណ្ឌា៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងញាក់សាច់មួយ បានកើតឡើង ខណៈពេលដែល មនុស្សជាច្រើន កំពុងតែជិះនៅលើកងបង្វិល ឈ្មោះថា «Disco Dancer» លេងយ៉ាងសប្បាយ ស្រាប់តែដាច់ធ្លាក់ចុះមកដី បណ្តាលឲ្យមនុស្សនៅលើនោះ ស្លាប់ និងរងរបួស យ៉ាងអាណោចអាធ័ម។

បើតាមខ្សែវីដេអូឃ្លីប មានរយៈពេល ៣០វិនាទី ដែលថតបានទិដ្ឋភាព នៅពេលកើតហេតុទាំងមូល បានបង្ហាញឲ្យឃើញ មនុស្សជាច្រើនបានស្រែក និងសើចយ៉ាងសប្បាយ នៅពេលបានជិះកងបង្វិលនោះ ប៉ុន្តែមួយរំពេចក្រោយមក រឿងហេតុអកុសល ក៏ស្រាប់តែបានកើតឡើងតែម្តង ដោយកងបង្វិលនោះ បានដាច់ធ្លាក់ចុះមកដី និងគ្រវែង អ្នកជិះនៅលើនោះចេញ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស ចំនួន៧នាក់ផ្សេងទៀត រងរបួសធ្ងន់។

គួរបញ្ជាក់ផងដែរថា មនុស្សចំនួន ២៨នាក់ ដែលបានជិះ នៅលើកងបង្វិល Disco Dancer នោះ គឺសុទ្ធសឹងតែជាកម្មករ នៅឯឧស្យានមួយកន្លែងឈ្មោះ Chennai Kishkinta Amusement Park ស្ថិតក្នុងប្រទេសឥណ្ឌា។ 

គួររំលឹកឲ្យដឹងផងដែរថា កងបង្វិលនោះបានខូច និងបាក់ បន្ទាប់ពីមានទឹកជំនន់ជន់លិច តែក្រោយមកត្រូវបានជួសជុលវិញ។ ដោយសារតែ ចង់ដឹងថា វាដំណើរវិញ ឬក៏អត់ ម្ចាស់របស់វា ក៏បានឲ្យកម្មករទាំងអស់នោះ ឡើងជិះសាកល្បង ហើយក៏ជួបរឿងអកុសល នេះតែម្តង។

កម្មករម្នាក់ ឈ្មោះ Lokesh អាយុ១៧ឆ្នាំ ដែលបានស្ថិតនៅលើកងបង្វិល នៅពេលកើតហេតុ បានប្រាប់ឲ្យដឹងថា «យើងបាននិយាយថា យើងនឹងមិនចូលរួម សាកល្បងឡើយ ប៉ុន្តែយើងត្រូវបានគេបង្ខំឲ្យសាកល្បង ហើយបន្ទាប់ពីកងនោះ បង្វិលបាន២ជុំ ស្រាប់តែមានសម្លេងចម្លែកបន្លឺឡើង តែម្តង។ កម្មករជាច្រើននាក់ បានស្រែក និងចង់ចុះទៅវិញ ប៉ុន្តែអ្នករៀបចំ នៅតែបន្តបង្វិលវាដដែល»។

លោក Velan ឪពុករបស់ Lokesh បានបន្ថែមថា «Lokesh ត្រូវគេបង្ខំឲ្យឡើងជិះ។ ឥឡូវនេះ ដៃរបស់ Lokesh ត្រូវបាក់ ចំនែកឯផ្ទៃមុខ និងជើង ក៏រងរបួសស្រាលទៀត។ ខ្ញុំមិនគួរណាឲ្យគេ ទៅធ្វើការនោះឡើយ»។

យ៉ាងណាមិញ ក្រោយពេលកើតហេតុ ម្ចាស់ និងអ្នកគ្រប់គ្រង នៅទីនោះ ត្រូវបានប៉ូលិសឃាត់ខ្លួន យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕

សូមទស្សនាវីដេអូ នៅពេលកើតហេតុទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ញាក់សាច់! កំពុងតែជិះកងបង្វិល យ៉ាងសប្បាយ ស្រាប់តែដាច់ធ្លាក់ចុះមក លទ្ធផលអាណោចអាធ័ម (មានវីដេអូ)