បញ្ហា​ធំៗ​បែង​ចែក​លោក​ Trump និង​អ្នកស្រី​ Clinton ក្នុង​ការ​ប្រកួត​ចូល​កាន់​តំណែង​ប្រធានាធិបតី

លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ និងលោកស្រី Hillary Clinton មកពីគណបក្សប្រជាធិបតេយ្យ ហាក់បីដូចជាបេក្ខជនដែលនឹងត្រូវប្រកួតនៅក្នុងការបោះឆ្នោត នៅខែវិច្ឆិកាខាងមុខនេះ ដើម្បីក្លាយជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។

វ៉ាស៊ីនតោន — ក្នុងខណៈពេលដែលដំណើរការនៃការបោះឆ្នោតបឋមសម្រាប់គណបក្សនីមួយៗ កាន់តែខិតជិតដល់ទីបញ្ចប់ លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ និងលោកស្រី Hillary Clinton មកពីគណបក្សប្រជាធិបតេយ្យ ហាក់បីដូចជាបេក្ខជនដែលនឹងត្រូវប្រកួតនៅក្នុងការបោះឆ្នោត នៅខែវិច្ឆិកាខាងមុខនេះ ដើម្បីក្លាយជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។

ឆ្លងកាត់ការជជែកដេញដោលអស់រយៈពេលជាច្រើនខែ សុន្ទរកថា និងបទសម្ភាសន៍ជាច្រើន បានបង្ហាញពីជំហរខុសគ្នារវាងបេក្ខជននីមួយៗ ទៅលើគោលនយោបាយក្នុងប្រទេស និងគោលនយោបាយការបរទេសសំខាន់ៗ ខណៈពេលដែលពួកគេព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតទូទាំងប្រទេស។

បញ្ហា​ធំៗ​បែង​ចែក​លោក​ Trump និង​អ្នកស្រី​ Clinton ក្នុង​ការ​ប្រកួត​ចូល​កាន់​តំណែង​ប្រធានាធិបតី

រូបឯកសារ៖ លោកស្រីអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក Hillary Clinton ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យថ្លែងសុន្ទរកថានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុងAthens រដ្ឋ Ohio កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។

បញ្ហាការទូត

លោកស្រី Clinton ដែលធ្លាប់ជាមន្ត្រីការទូតកំពូលដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Obama ចង់ពង្រឹងទំនាក់ទំនងជាមួយនឹងសម័្ពន្ធមិត្តបច្ចុប្បន្ន និងបង្កើតទំនាក់ទំនងថ្មីផងដែរ។ លោកស្រីគាំទ្រកិច្ចព្រមព្រៀងអន្តរជាតិស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយលោកស្រីចង់រារាំងសកម្មភាពដ៏គឃ្លើនរបស់ចិន និងរុស្ស៊ីនៅក្នុងតំបន់របស់ពួកគេ។ លោក Trump ក៏គាំទ្រការពង្រឹងមិត្តភាពជាមួយនឹងប្រទេសសម្ព័ន្ធមិត្តផងដែរ ប៉ុន្តែលោកបានរិះគន់អង្គការ អូតង់ ថាចាស់គំរិល ហើយលោកបានសន្យាថានឹងធ្វើឲ្យសម្ព័ន្ធមិត្តរបស់អាមេរិកសងប្រាក់ចំណែកនៃការការពាររបស់ពួកគេ។ លោកថ្លែងថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ គឺជាមហន្តរាយ ហើយថ្លែងថា លោកគិតថាលោកនឹងមានទំនាក់ទំនងល្អជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។

អំពើភេរវកម្ម/ ក្រុមសកម្មប្រយុទ្ធ

លោក Trump ថ្លែងកាលពីខែមីនាថា លោកនឹងពិចារណាបញ្ជូនកងទ័ពជើងគោកចំនួន៣០.០០០ក្រុម ដើម្បីជួយប្រយុទ្ធនឹងក្រុមរដ្ឋឥស្លាម ប៉ុន្តែក្រោយមកលោកថ្លែងថា លោកនឹងមិនបញ្ជូនទ័ពអាមេរិកទៅទីនោះទេ។ លោកសន្យាម្តងហើយម្តងទៀតថាលោកនឹងកម្ចាត់ពួកក្រុមសកម្មប្រយុទ្ធ ប៉ុន្តែលោកមិនបានផ្តល់ជាគម្រោងជាក់លាក់ណាមួយនៅឡើយនោះទេ។ គម្រោងរបស់លោកស្រី Clinton គឺស្រដៀងគ្នានឹងគម្រោងរបស់រដ្ឋបាលលោកអូបាម៉ា ដោយពឹងផ្អែកទៅលើក្រុមទ័ពអាកាសចម្រុះ ដោយគាំទ្រក្រុមប្រយុទ្ធដីគោក និងធ្វើការដើម្បីបង្អាក់ផ្នែកហិរញ្ញវត្ថុរបស់ភេរវករហើយនិងបង្អាក់ការឃោសនាតាមប្រព័ន្ធអ៊ីនធឺណិត។

ការសួរចម្លើយ

លោក អូបាម៉ា បានហាមឃាត់វិធីសាស្ត្រក្នុងការសួរចម្លើយមួយចំនួន រួមមានការដាក់ក្រណាត់គ្របមុខ និងជះទឹកពីលើ ក្នុងអំឡុងពេលដែលលោកស្រី គឺជាគណៈរដ្ឋមន្ត្រីមួយរូបរបស់លោក។ លោកស្រីថ្លែងថា លោកស្រីនឹងមិនអនុញ្ញាត ឬអនុវត្តការធ្វើទារុណកម្មបែបនេះទេ ប្រសិនបើលោកស្រីជាមេដឹកនាំសហរដ្ឋអាមេរិក។ លោក Trump ថ្លែងថា ក្រុមសកម្មប្រយុទ្ធកំពុងធ្វើសកម្មភាពអាក្រក់ជាងនេះឆ្ងាយណាស់ ហើយលោកគាំទ្រឲ្យមានការសួរចម្លើយ ដោយប្រើក្រណាត់គ្របមុខ និងជះទឹកពីលើ ឡើងវិញ។

ជនចំណាកស្រុក /ជនម៉ូស្លីម

បន្ទាប់ពីមានការវាយប្រហារដោយអំពើភេរវកម្មនៅទីក្រុងប៉ារីស លោក Trump បានថ្លែងថា លោកនឹងហាមឃាត់អ្នកកាន់សាសនាឥស្លាមទាំងអស់ មិនឲ្យចូលមកកាន់សហរដ្ឋអាមេរិកនោះ រហូតដល់អ្នកតំណាងរបស់អាមេរិកអាចដោះស្រាយបញ្ហាដែលកើតមានឡើងបានសិន។ ក្រោយមកទៀតលោកបានថ្លែងថា «ឥស្លាមស្អប់ពួកយើង» ហើយកាលពីដើមខែឧសភានេះ លោកបានប្រាប់ទូរទស្សន៍ MSNBC ថា ជនចំណាកស្រុកកំពុងតែបំផ្លាញអឺរ៉ុប។

លោកស្រី Clinton ថ្លែងថា ការស្អប់ខ្ពើមទៅលើជនម៉ូស្លីមអាចធ្វើឲ្យអាមេរិកឃ្លាតឆ្ងាយពីសម្ព័ន្ធមិត្តរបស់ខ្លួន ហើយវាជាអំពើខុសឆ្គងមួយក្នុងការបិទទ្វាមិនទទួលយកកុមារកំព្រា ដោយសារសង្គ្រាម ឬក៏ប្រើច្បាប់រើសអើងសាសនាចំពោះជនណាដែលរត់គេចខ្លួនពីការធ្វើទុកបុកម្នេញនោះ។

បញ្ហា​ធំៗ​បែង​ចែក​លោក​ Trump និង​អ្នកស្រី​ Clinton ក្នុង​ការ​ប្រកួត​ចូល​កាន់​តំណែង​ប្រធានាធិបតី

រូបឯកសារ៖ លោក Donald Trump បេក្ខជនប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋបានលើកបរដាមួយដែលគាំទ្រគម្រោងរបស់លោកក្នុងការសាងសង់ជញ្ជាំងមួយខណ្ឌសហរដ្ឋអាមេរិកនិងម៉ិចសិក នៅទីក្រុង Fayetteville កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។

បញ្ហាអន្តោប្រវេសន៍

លោក Trump ចង់សង់ជញ្ជាំងការពារនៅព្រំប្រទល់ប៉ែកខាងត្បូងរវាងអាមេរិកនិងប្រទេសម៉ិកសិក ហើយឲ្យរដ្ឋាភិបាលប្រទេសម៉ិកសិកបង់ថ្លៃសង់ជញ្ជាំងនោះ។ លោកបានចោទប្រកាន់ជនជាតិម៉ិកសិក ថាបាននាំឧក្រិដ្ឋកម្ម និងភាពក្រីក្រមកកាន់សហរដ្ឋអាមេរិក។ លោកក៏ចង់និរទេសខ្លួនមនុស្សរាប់លាននាក់ ដែលកំពុងរស់នៅខុសច្បាប់ក្នុងសហរដ្ឋអាមេរិក បង្កើនភ្នាក់ងារពង្រឹងជនអន្តោប្រវេសន៍បីដង និងបញ្ចប់ការផ្តល់សញ្ជាតិដល់ជនបរទេស ដែលបង្កើតកូននៅសហរដ្ឋអាមេរិកផងដែរ។

លោកស្រី Clinton បានហៅគម្រោងសង់ជញ្ជាំងរបស់លោក Trump ថា ជាការស្រមើស្រមៃ។ លោកស្រីស្នើឲ្យមានការធ្វើកំណែទម្រង់ផ្នែកជនអន្តោប្រវេសន៍ ដែលរួមមានដំណើរឈានទៅការចូលសញ្ជាតិ ហើយលោកស្រីថ្លែងបន្ថែមថា លោកស្រីនឹងការពារបទបញ្ជាប្រធានាធិបតីរបស់លោក Obama ដែលការពារជនអន្តោប្រវេសន៍ជាច្រើននាក់ពីការនិរទេសខ្លួន។

ពាណិជ្ជកម្ម

បេក្ខជនទាំងពីរប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដែលចូលរួមដោយប្រទេសទាំង១២។ លោក Trump ថែមទាំងបានថ្លែងប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាមេរិកខាងជើង (NAFTA) ដែលត្រូវបានអនុម័តក្នុងអំឡុងពេលដែលលោក Bill Clinton ដែលជាស្វាមីរបស់លោកស្រី Clinton ដែលកាន់តំណែងជាប្រធានាធិបតីនៅក្នុងអំឡុងទសវត្សរ៍១៩៩០។ លោក Trump ក៏បានស្នើឲ្យមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មឡើងវិញ ដោយដាក់ពន្ធខ្ពស់សម្រាប់ទំនិញពីប្រទេសចិន និងម៉ិកសិក។ លោកថ្លែងថា លោកមិនខ្លាចនឹងធ្វើសង្គ្រាមពាណិជ្ជកម្មនៅពេលដែលអាមេរិកមានឱនភាពពាណិជ្ជកម្មរាប់ពាន់លានដុល្លាររួចទៅហើយនោះទេ។

សេដ្ឋកិច្ចក្នុងស្រុក

ទាំងលោក Trump និងលោកស្រី Clinton ចង់ឲ្យកាត់បន្ថយពន្ធរបស់ពួកវណ្ណៈកណ្តាល។ ចំពោះប្រាក់ខែអប្បបរិមា លោកស្រី Clinton បានថ្លែងថាលោកស្រីគាំទ្រឲ្យបង្កើនប្រាក់ខែសម្រាប់បុគ្គលិកសហព័ន្ធ និងបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលក្នុងស្រុក ដើម្បីផ្តល់ប្រាក់ខែកាន់តែខ្ពស់ជាងនេះផងដែរ។ លោក Trump បានថ្លែងនៅដើមយុទ្ធនាការថា ប្រាក់ខែអប្បបរមា គឺខ្ពស់ពេកណាស់ទៅហើយ ប៉ុន្តែឥឡូវលោកបែរជានិយាយថា លោកបើកឲ្យមានការតំឡើងប្រាក់ខែ។ លោកប្រឆាំងនឹងកម្មវិធីធានារ៉ាប់រងសុខភាព Obama Care ខណៈដែលលោកស្រី Clinton ថា លោកស្រីនឹងការពារ និងអនុវត្តកម្មវិធីនេះ។

បញ្ហានៃការឡើងកម្តៅផែនដី

លោកស្រី Clinton បានហៅ បញ្ហានៃការប្រែប្រួលអាកាសធាតុថា ជាការគំរាមកំហែងបន្ទាន់មួយ ហើយថា បញ្ហានេះគឺជាការប្រឈមមួយក្នុងពេលបច្ចុប្បន្ននេះ។ លោកស្រីចង់កាត់បន្ថយការបំពុលជាតិកាបូនក្នុងប្រទេសនេះ ហើយជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចថាមពលពណ៌បៃតង។ លោក Trump បានថ្លែងថា លោកមិនជឿថា មនុស្សគឺជាអ្នកដែលបង្កឲ្យមានបញ្ហាប្រែប្រួលអាកាសធាតុនេះនោះទេ។ លោកធ្លាប់បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា បញ្ហានេះគឺបង្កើតឡើងដោយប្រទេសចិនដើម្បីធ្វើឲ្យវិស័យឧស្សាហកម្មរបស់អាមេរិកមានការប្រកួតប្រជែងតិចជាងមុន៕

ប្រភពៈ VOA