ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​ នាំចូល​ម៉ាស៊ីនត្រជាក់​ពី​ចិន ​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​

ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​ នាំចូល​ម៉ាស៊ីនត្រជាក់​ពី​ចិន ​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​



​ភ្នំពេញ ​៖ ​ក្រុមហ៊ុន​ទ្រីភាព​គ្រុប​ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ និង​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ា​ស៊ីន​ត្រជាក់​ហាយ​សេន វី​អា​អេ​ហ្វ ​ជាមួយ​ក្រុមហ៊ុន​ចិន​Qingdao Hisense ដើម្បី​នាំចូល​ម៉ាស៊ីនត្រជាក់​ម៉ាក ហាយ​សេន វី​អា​អេ​ហ្វ​ ( Hisense VRF)​ មក​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​។ ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ចព្រមព្រៀង​ និង​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ាស៊ីន ត្រជាក់​ហាយ​សេន វី​អា​អេ​ហ្វ បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ ​នៅ​សណ្ឋាគារ​សុខា ដោយ​ចូលរួម​ធ្វើជា​សាក្សី​ពី ​លោក ​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

​លោក​ឧកញ៉ា ទ្រី ភាព អគ្គនាយក​ទ្រីភាព​គ្រុប​បាន​មានប្រសាសន៍ថា​ «​ដោយសារតែ​ប្រទេស មាន​ស្ថិរភាព និង​សុខ​សន្តិភាព ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខ្ញុំ អា​ច​មាន​លទ្ធភាព​នាំចូល​មុខ​ជំនួញ​ថ្មី​នេះ មកកាន់​ទីផ្សារ​កម្ពុជា​»។​ លោក​បាន​សន្យា​ថា ​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប នឹង​ជួយ​លើកស្ទួយ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​និង​ចូល​រួម​ចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។​

លោក Zhang Jiren អនុប្រធាន​ក្រុមហ៊ុន Qingdao Hisense Hitachi បាន​និយាយ​ថា​ «​ការ​នាំ​ចូល ម៉ា​ស៊ីន​ត្រជាក់​មកកាន់​កម្ពុជា គឺ​ដោយសារតែ​ប្រទេស​កម្ពុជា ជា​តំបន់​មួយ​ដ៏​ប្រសើរ សម្រាប់​អភិវឌ្ឍន៍​ឧស្សាហកម្ម ​និង​ជា​មជ្ឈមណ្ឌល​ចែកចាយ​ទៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត »។​

លោក Zhang បាន​បន្ថែម​ថា ការ​វិនិយោគ​នៅ​កម្ពុជា​នេះ​ ដោយសារ​មើលឃើញ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ មាន​សន្តិភាព ​និង​មាន​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ច​។​ នៅ​កម្ពុជា​នេះ​ វា​មិន​ត្រឹមតែ​ជា​មជ្ឈ​មណ្ឌល​សម្រាប់​នាំចូល​ផលិតផល និង​ដាក់​តាំង​ផលិតផល​នោះ​ទេ​ ​តែ​វា​ថែមទាំង​ជា​កន្លែង​សម្រាប់​បណ្តុះបណ្តាល ​និង​ជា​មជ្ឈមណ្ឌល​ផ្នែក​សេវាកម្ម​ និង​គ្រឿងបន្លាស់​ផង​ដែរ​។​

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ថា ​«​កិច្ចសហការ​ក្នុង​ការ​នាំចូល ​និង​ការ​ផលិត​ម៉ាស៊ីនត្រជាក់​នេះ នឹង​ជួយ​ជំរុញ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ឲ្យ​​ល្អ​ប្រសើរ ​ក៏ដូចជា​រួម​ចំណែ​ក​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​»​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​«​វា​ជា​សក្ដានុពល​មួយ​ ដែល​ក្រុមហ៊ុន Qingdao Hisense បាន​ជ្រើសរើស​កម្ពុជា​ជា​មជ្ឈមណ្ឌល ​សម្រាប់​ចែកចាយ​ផលិតផល​ទៅ​បណ្ដា​ប្រទេស​ដទៃទៀត​នៅ​អាស៊ី និង​អា​ស៊ា​ន​»​។​

លោក ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ស្លាក​យីហោ​ម៉ាស៊ីនត្រជាក់ Hisense VRF បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤ នៅ​លើ​ទីផ្សារ​ក្រៅ​ស្រុក និង​មាន​សាខា​នៅ​បណ្ដា​ប្រទេស​ជាច្រើន​ដូចជា​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា ជាដើម​៕

ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​ នាំចូល​ម៉ាស៊ីនត្រជាក់​ពី​ចិន ​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​

ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​ នាំចូល​ម៉ាស៊ីនត្រជាក់​ពី​ចិន ​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​
​ ​