ខ្យល់​កន្ត្រាក់​​បោកបក់​ផ្ទះ​អ្នក​ភូមិ​និង​អគារ​រដ្ឋ​នៅ​ស្រុក​​ពួក​អស់​ជិត​៤០០​ខ្នង

ខ្យល់​កន្ត្រាក់​បាន​បោក​បក់​ខ្លាំង​ប៉ះ​​​ឃុំ​ចំនួន​៧ របស់​ស្រុក​ពួក ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​ក្រុង​សៀមរាប ដោយ​​បំផ្លាញ​ផ្ទះ​សម្បែង អគារ​សាលាស្រុក និង​សាលារៀន​អស់​ប្រមាណ​ជិត ៤០០​ខ្នង កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ឧសភា។

អធិការ​នគរបាល​ស្រុក​ពួក គឺ​លោក​ ទេព ពុំសែន។ លោក​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​ឧសភា ថា ខ្យល់​កន្ត្រាក់​ក្នុង​ពេល​មាន​ភ្លៀង​​លាយឡំ​នឹង​​ព្រិល​ផង បាន​​​បោកបក់​ខ្លាំង​លើ​ឃុំ​​ចំនួន​៧ របស់​ស្រុក​ពួក កាល​ពី​វេលា​ម៉ោង​ជាង ៤​ល្ងាច ថ្ងៃ​ទី​១៣ ខែ​ឧសភា កន្លង​ទៅ។ ខ្យល់​នេះ​​បាន​បោក​បក់​លើ​ឃុំ​ខ្នាត ឃុំ​សំរោងយា ឃុំ​ពួក ឃុំ​រើល ឃុំ​ល្វា ឃុំ​សសរស្ដម្ភ និង​ឃុំ​យាង ដោយ​​បំផ្លាញ​​ផ្ទះ​ចំនួន ៦០​ខ្នង ឱ្យ​ដួល​រលំ​ដល់​ដី និង​ផ្ទះ​ សាលាស្រុក ព្រមទាំង​សាលា​រៀន​ចំនួន ៣២០​ខ្នង​ផ្សេង​ទៀត​ខូច​ខាត​ដំបូល៖ «តាំង​ពី​យប់​មិញ​មក គឺ​កម្លាំង​របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ដែល​ដឹក​នាំ​ដោយ​ឧត្ដមសេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្ត​ ការិយាល័យ​ពាក់ព័ន្ធ​ក្នុង​ខេត្ត កម្លាំង​អធិការ​នគរបាល​ស្រុក និង​ប្រជា​ការពារ ​គឺ​បាន​ចុះ​ជួយ​សង្គ្រោះ ហើយ​យើង​នឹង​ត្រៀម​ជួយ​សាងសង់​ផ្ទះ​ខូច​ខាត​ឡើង​វិញ»

ខ្យល់​ព្យុះ ស្រុក​ពួក សៀមរាប ៨៥៥ ២០១៦
សមត្ថកិច្ច​ចម្រុះ​ខេត្ត​សៀមរាប នាំ​គ្នា​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ដួល​​រលំ​នៅ​ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Hang Savyouth

​​

ហេតុការណ៍​គ្រោះមហន្តរាយ​ធម្មជាតិ​នេះ ក្រៅ​តែ​ពី​ធ្វើ​​ឱ្យ​ផ្ទះ​សម្បែង​ខូចខាត ក៏​បណ្ដាល​​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់​រង​របួស​ដោយ ២​នាក់ ក្នុង​ចំណោម​នោះ​រង​របួស​ធ្ងន់ ក៏​ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ទេ។

ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ១​រូប ដែល​កំពុង​ចុះ​ជួយ​សង្គ្រោះ​ការ​ខូច​ខាត​ផ្ទះសម្បែង​នៅ​តាម​ភូមិ លោក ឡាច សាវិន មាន​ប្រសាសន៍​ថា ខ្យល់​កន្ត្រាក់ មិន​ត្រឹម​តែ​បោក​បក់​បំផ្លាញ​ផ្ទះសំបែង​នៅ​ស្រុក​ពួក ប៉ុណ្ណោះ​ទេ គឺ​វា​ក៏​បាន​បោក​បក់​​​ប៉ះ​លើ​ស្រុក​មួយ​ចំនួន​ទៀត​របស់​ខេត្ត​សៀមរាប ក៏​ប៉ុន្តែ​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​​ប្រមូល​​តួលេខ​នៃ​ការ​ខូចខាត​ទាំង​អស់ បាន​ថា​មាន​ទំហំ​ប៉ុណ្ណា​​ច្បាស់​លាស់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។