សង្គមស៊ីវិល​ មិន​ទាន់​ច្បាស់លាស់​រឿង​រៀបចំ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​នៅ​ថ្ងៃ​ចន្ទ​ក្រោយ​

គិតត្រឹមថ្ងៃសៅរ៍នេះ គេមិនទាន់ឃើញមានការប្រកូកប្រកាស ឫអំពាវនាវឲ្យមានការចូលរួមស្លៀកពាក់ខ្មៅនៅក្នុងយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” ដូចកាលពីសប្តាហ៍មុននោះទេ។ មន្រ្តីសង្គមស៊ីវិល និង សកម្មជនដីធ្លីដែលបានចូលរួមយុទ្ធនាការនេះកាលថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានបង្ហាញភាពស្ទាក់ស្ទើរក្នុងការលើកឡើងពីលទ្ធភាពនៃរៀបចំយុទ្ធនាការស្លៀកពាក់ខ្មៅនៅថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយនេះ។

ក្រុមមន្ត្រីសង្គមស៊ីវិល និងសកម្មជនដីធ្លី បានលើកឡើងថា នៅពេលនេះពួកគេមិនទាន់បានដឹងច្បាស់នៅឡើយទេពីគម្រោងនៃការជួបជុំគ្នាស្លៀកពាក់ខ្មៅ ដើម្បីចូលរួមក្នុងយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ។ មន្ត្រីសង្គមស៊ីវិល និងសកម្មជនដីធ្លី ហាក់កំពុងរង់ចាំមើលគ្នាទៅវិញទៅមកជុំវិញការរៀបចំប្រមូលផ្តុំគ្នាស្លៀកពាក់ឈុតខ្មៅនេះ។ ពួកគេបានស្ទាក់ស្ទើរក្នុងការលើកឡើងពីលទ្ធភាពនៃការកើតមានយុទ្ធនាការនេះម្តងទៀត ឫក៏យ៉ាងណានោះ។

ភាពមិនច្បាស់លាស់របស់មន្ត្រីទាំងនេះ បានកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានខ្លាំងៗកាលពីថ្ងៃអង្គារ ថាមិនអនុញ្ញាតឲ្យអ្នកណាធ្វើខុសច្បាប់ឡើយ ដោយលោកសង្កត់ធ្ងន់ថា ទោះបីពណ៌អ្វីក៏ដោយ ឲ្យតែធ្វើខុសច្បាប់នឹងមានវិធានការទាំងអស់។ លោកនាយករដ្ឋមន្ត្រីក៏បានព្រមានដល់អ្នកបំផុសឲ្យមានគំនិតធ្វើយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” និង អ្នកដែលចេញប្រាក់បោះពុម្ភអាវឲ្យមានការប្រយ័ត្នប្រយែងខ្លួនផងដែរ។ ការព្រមានពីនាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងមួយថ្ងៃតែប៉ុណ្ណោះ ក្រោយពីសង្គមស៊ីវិល និងសកម្មជនដីធ្លីមួយចំនួនបានរៀបចំយុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” ដោយនាំគ្នាស្លៀកពាក់ខ្មៅ។ យុទ្ធនាការកាលថ្ងៃចន្ទដើមសប្តាហ៍នេះ អាជ្ញាធរបានចាប់ឃាត់ខ្លួនមន្ត្រីសង្គមស៊ីវិល និង សកម្មជនដីធ្លីចំនួន៨នាក់ក្នុងនោះជនបរទេសចំនួនពីរនាក់ដែលបម្រើការឲ្យអង្គការសិទ្ធិមនុស្សលីកាដូ។ ការឃាត់ខ្លួននោះ ត្រូវបានក្រសួងមហាផ្ទៃអះអាងថា គ្រាន់តែធ្វើការសាកសួរ ធ្វើកំណត់ហេតុ អប់រំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតវ៉ា និងរក្សាទុកជាឯកសារសម្រាប់បម្រើដល់ផ្លូវច្បាប់ទៅថ្ងៃក្រោយ។

លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងថា មន្ត្រីសង្គមស៊ីវិល និងសកម្មជនដីធ្លីទាំងនេះ នឹងគោរពទៅតាមអ្វីដែលពួកគេសន្យា ថានឹងមិនប្រព្រឹត្តបែបនេះទៀតនោះទេ។ តែទោះជាយ៉ាងណា លោកព្រមានថា ប្រសិនបើពួកគេធ្វើសកម្មភាពទៀតនោះ នឹងបញ្ហាមួយផ្សេងទៀត ដោយកិច្ចសន្យាដែលពួកគេបានចុះហត្ថលេខានោះ នឹងជាលិខិតភស្តតាងបម្រើផ្លូវច្បាប់។

យុទ្ធនាការ “ថ្ងៃចន្ទពណ៌ខ្មៅ” ត្រូវបានសង្គមស៊ីវិល និងសកម្មជនដីធ្លីរៀបចំធ្វើឡើង ដើម្បីទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកចំនួន៤នាក់ និងមន្ត្រីគណៈកម្មការជាតិរៀបចំការបោះឆ្នោតម្នាក់ទៀតឲ្យមានសេរីភាពឡើងវិញ។ ពួកគេទាំងនោះ កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារ ក្រោមការប្រកាន់ពីបទ “សូកប៉ាន់សាក្សី” និង “សមគំនិតក្នុងរឿងសូកប៉ាន់សាក្សី” នៅក្នុងសំណុំរឿងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំដែលកំពុងមានរឿងអាស្រូវសេ្នហាជាមួយលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ៕

សង្គមស៊ីវិល​ មិន​ទាន់​ច្បាស់លាស់​រឿង​រៀបចំ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​នៅ​ថ្ងៃ​ចន្ទ​ក្រោយ​មន្ត្រីសង្គមស៊ីវិលត្រូវបានឃាត់ខ្លួននៅក្នុងយុទ្ធនាការស្លៀកពាក់ខ្លៅកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦

ប្រភពៈ RFI