ប្រកាស​មុខ​តំណែង ​និង​បំពាក់​ឋានន្តរសក្ដិ​ជូន​មន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ

ប្រកាស​មុខ​តំណែង ​និង​បំពាក់​ឋានន្តរសក្ដិ​ជូន​មន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ



កំពង់ស្ពឺ​ ៖ ​​ដោយ​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ និង​មាន​ការ​អនុញ្ញាត​ពី​​ឯកឧត្ដម​​​នាយ​ឧត្ដមសេនីយ៍​ សៅ សុខា អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយ​បាន​ប្រគល់​ជូន​ឲ្យ​មេបញ្ជាការ​អង្គភាព​ធ្វើ​ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​សក្ដិ​ ជូន​នាយ​ទាហាន​ នាយ​ទាហាន​​រង ទើប​នៅ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​រសៀល​ថ្ងៃ​ទី​១៤ ​ខែ​មេសា ឆ្នាំ​២០១៦ ​មាន​មន្ត្រី​ចំនួន​៦៩ នាក់​ ដែល​ត្រូវ​បាន​ទទួល​ឋានន្តរសក្ដិ​ ចាប់ពី​ពលបាលឯក ទៅដល់​អនុសេនីយ៍ឯក ដែល​អ្នក​ទាំង​​នោះ​បាន​បម្រើ​ជាតិ​មាតុភូមិ រួមចំណែក​​ក្នុង​ការ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​រីកចម្រើន​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នៅ​ក្នុង​ដំណាក់កាល​អនុវត្ត​កំណែ​ទម្រង់​របស់​កងរាជអាវុធហត្ថ​​ជា​ជំហាន​ៗ​ ដើម្បី​ដំណើរការ​រលូន​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​នោះ​ការរៀបចំ​កែសម្រួល​រចនាសម្ព័ន្ធ​ចាត់តាំង ឆ្លងកាត់​ការ​បំពេញ​ភារកិច្ច​នា​ពេល​កន្លង​ទៅ​ ដោយ​ពិនិត្យ​ឃើញ​មាន​ភាព​រីកចម្រើន​ជាច្រើន ជា​មោទនភាព​របស់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដែល​ត្រូវ​ផ្តល់​ជូន​វិញ​​នូវ​កិត្តិយស ឋានន្តរសក្ដិ​ឲ្យ​ស្របតាម​តួនាទី ​និង​ភារកិច្ច។

លោក​ឧត្ដមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​លើក​ឡើង​ថា ក្នុង​នាម​លោក​ជា​សាមី​អង្គភាព​បាន​ទទួល​នៅ​ក្តី​សោមនស្ស​រីករាយ និង​ចូលរួម​សាទរ​ជាមួយនឹង​អស់លោក លោកស្រី​ជា​នាយ​ទាហាន​ នាយ​ទាហាន​រង​នៃ​កង​រាជ​អាវុធ​ខេត្ត​ទាំងអស់​ ដែល​ទទួល​មុខតំណែង និង​ត្រូវបាន​ដំឡើង​ឋានន្តរសក្ដិ​នា​​ឱកាស​នេះ។ លោក​មេបញ្ជាការ​បាន​បន្ត​ថា ពិតមែនតែ​លទ្ធផល​នេះ​មិនបាន​ជាទី​គាប់ចិត្ត​សម្រាប់​ទាំងអស់គ្នា​ក៏ពិតមែន ​ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា វា​ជា​លទ្ធផល​មួយផ្នែក ដែល​យើង​បាន​អនុវត្ត​មួយ​ជំហាន​ម្តងៗ​ ហើយក៏​ជាការ​ខិតខំ​ប្រឹងប្រែង​របស់​យើងទាំងអស់គ្នា​ដែរ។ ក្នុងនោះ​អង្គភាព​នៅតែ​​សង្ឃឹម​ជឿជាក់​ដល់​ការ​ប្រឹងប្រែង​របស់​នាយ​ទាហាន​ នាយ​ទាហាន​រង​ទាំងអស់​បន្តការងារ បង្ការ បង្ក្រាប សង្គ្រោះ ធានា​សុខ​សន្តិភាព​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ការពារ ជាតិ​សា​នា ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់។

ដើម្បី​បាន​ក្លាយ​ខ្លួនជា​មន្ត្រី​អាវុធ​ដែល​ស្មោះត្រង់​បម្រើ​​​ជាតិ​មាតុភូមិ​បានល្អ មុខងារ​ជា​ទាហាន​​​ត្រូវ​គោរព​វិន័យ​ ពេលវេលា​ម៉ោង​ការងារ ឋានានុក្រម របៀប​ធ្វើ​ការងារ​កងទ័ព​ ​សមត្ថភាព​ខ្លួនឯង គោរព​បទបញ្ជាផ្ទៃក្នុង​របស់​អង្គភាព មាន​ស្មារតី​អង់អាច​ក្លាហាន ប៉ិនប្រសព្វ​ឆ្លាត​វៃ សុភាពរាបសារ ស្អាតស្អំ ស្មោះត្រង់ ជាពិសេស​មាន​សាមគ្គីភាព។

អង្គភាព​មួយ​ដែលមាន​ភាព​ប្រសើរ​ទៅបាន​លុះត្រាតែ​យើង​ទាំងអស់គ្នា​រួម​សាមគ្គី ឯកភាព​ជា​ធ្លុង​មួយ ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​ទៅតាម​ជំនាញ​ និង​តួនាទី នីមួយៗ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់៕