សាច់​មាន់​ និង​សាច់​ក្រួច​ជាង​៤០០​គីឡូក្រាម​ ត្រូវ​បាន​​ដុត​បំផ្លាញ​ចោល

សាច់​មាន់​ និង​សាច់​ក្រួច​ជាង​៤០០​គីឡូក្រាម​ ត្រូវ​បាន​​ដុត​បំផ្លាញ​ចោល



ប៉ោយប៉ែត ​៖ ​គណៈកម្មការ​ចម្រុះ ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ​បាន​រក​ឃើញ ​សាច់​មាន់​​ និង​សាច់​ក្រួច​​ខូច​គុណភាព​​បង្កប់​ក្រោម​ទំនិញ​ផ្សេង​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​រទេះ​ ជាង​៤០០​គីឡូក្រាម ​ ​ហើយក៏​ឯកភាព​គ្នា​​យក​ទៅ​ដុត​បំផ្លាញ​ចោល​តែ​ម្ដង។

ចាប់ពី​ថ្ងៃ​ទី​១៣​និង​១៤ ខែ​ឧសភា ឆ្នាំ​២០១៦ គេ​បាន​ប្រទះឃើញ មាន​​ការ​លួច​បង្កប់​បទល្មើស​សេដ្ឋកិច្ច​ឆ្លងដែន​ ​​ជា​ប្រភេទ​គ្រឿង​បរិភោគ ដូចជា សាច់​មាន់​ និង​សាច់​ក្រួច ដែល​ឈ្មួញ​តែងតែ​ដឹក​យក​មកពី​ប្រទេស​ថៃ​មក​លក់​តាម​ទីផ្សារ​នានា​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ​និង​ខេត្ត​បន្ទាយមានជ័យ​ជាប្រចាំ​ ប៉ុន្តែ​នៅតែ​គេច​មិន​ផុត​ពី​ការ​តាមដាន​ និង​​ស៊ើប​អង្កេត​របស់​​មន្ត្រី​កាំកុងត្រូល​ ​​ប្រចាំ​នៅ​ទីនោះ។

គួរ​រំលឹក​ដែរ​ថា កន្លង​ទៅ​ គេ​បាន​​សង្កេត​ឃើញ​ មាន​ការ​នាំចូល​​​មាន់​រស់​ មាន់​ងាប់​ រាប់​រយ​តោន​ចេញពី​ច្រក​របៀង​នានា​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ក្រោម​ការ​ឃុបឃិត​គ្នា​ពី​មន្ត្រី​ខិលខូច​មួយ​ចំនួន​នៅ​តាម​ព្រំដែន​ ដូចជា​ ប៉ូលិស​​ ​ទាហាន​ និង​មន្ត្រី​បសុព្យាបាល​សត្វ​មួយ​ចំនួន​ទៀត។ ក្រោយ​មក​ក៏​មាន​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​​ពី​​សំណាក់​មន្ត្រី​កាំកុងត្រូល ​និង​ប៉ូលិស​​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច។

លោក​ស៊ាន ស៊ី​ណាត ប្រធាន​ស្នាក់ការ​កាំកុងត្រូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា កន្លងទៅ​ថ្មីៗ​នេះ កម្លាំង​របស់​លោក​បាន​ស្ទាក់​ចាប់​ និង​ត្រួតពិនិត្យ​លើ​រទេះ​ដឹកទំនិញ​ជាច្រើន ដើម្បី​ពិនិត្យ​រកមើល​គ្រឿង​បរិភោគ​ខូចគុណភាព និង​សម្ភារៈ​​ប្រើប្រាស់​ដូចជា ឡេ​ម្សៅ​ជាដើម។ ការ​ស្វែងរក​វត្ថុ​ទាំង​នោះ​ គឺ​សំដៅ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​នាំ​ចូល​​​គ្រឿង​ខូចគុណភាព ​មក​កាន់​ ​​ស្រុក​ខ្មែរ​​តទៅទៀត។

លោក​​​​បន្ត​ទៀត​ថា ជាក់ស្ដែង​​​រយៈពេល​២​ថ្ងៃនេះ ​​យើង​​បាន​បង្ក្រាប​​សាច់​មាន់​ និង​សាច់​ក្រួច​​​ជាង​៤០០​គីឡូក្រាម ​នៅ​ក្នុង​បាត​រទេះ​របស់​ជនខិលខូច​មួយ​ចំនួន។ ក្រោយមក​លោក​ក៏បាន​រឹបអូស​យក​ទៅ​ដុត​បំផ្លាញ​ចោល ឯ​ជន​បង្ក​ដែល​ជា​ម្ចាស់​ទំនិញ​នោះ​បាន​រត់​គេចខ្លួន។ ចំណែក​អ្នក​អូស​រទេះ​វិញ​​ ​យើង​បាន​ធ្វើ​ការអប់រំ​​ ​ដោយ​មិន​ឲ្យ​ពួកគាត់​ជឿ​​ទៅ​លើ​ឈ្មួញ​ខិលខូច ​​ហើយ​នាំ​យក​គ្រឿង​ទំនិញ​​​​​ខូច​គុណភាព​មក​​លក់​ឲ្យ​ខ្មែរ​​​ទទួលទាន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទៀត​នោះ​ទេ៕