អ្នក​ឃុំ​ស្វាយជ្រុំ សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ជួយ​បញ្ចុះតម្លៃ​អគ្គិសនី និង​ទឹកស្អាត

អ្នក​ឃុំ​ស្វាយជ្រុំ សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ជួយ​បញ្ចុះតម្លៃ​អគ្គិសនី និង​ទឹកស្អាត



កណ្ដាល​ ៖​ ក្នុង​វេទិកា​សាធារណៈ​មួយ​ ដែល​ធ្វើឡើង​នៅ​​ឃុំ​​ស្វាយជ្រុំ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល ដើម្បី​ផ្សព្វផ្សាយ​ការ​អភិវឌ្ឍ​​ក្នុងឃុំ​ស្វាយជ្រុំ ឆ្នាំ​២០១២-២០១៧ និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​បន្ត​យល់​ពី​បញ្ហា​ប្រឈម​នឹង​តម្រូវ​ការរួម​របស់​ប្រជាជន។

លោក​ម៉ី វ៉ាន់​ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំ​មូលដ្ឋាន​ឃុំស្វាយជ្រុំ បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​អាជ្ញាធរ​មូលដ្ឋាន នឹង​នាំយក​សំណើ​ដែល​ជា​សំណូមពរ​រួម​របស់​ប្រជាជន​មូលដ្ឋាន​នេះ​ ទៅ​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពិនិត្យ​លទ្ធភាព​ និង​រក​វិធី​ដោះស្រាយ​ជូន ដែល​នៅ​ក្នុង​វេទិកា​នេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​បញ្ចុះតម្លៃ​អគ្គិសនី និង​ទឹកស្អាត ជួយ​កសាង​ផ្លូវ​បេតុង​ខ្សែ​ទី​២ និង​ជួយ​ជួសជុល​ផ្លូវលំ ២​ខ្សែ​ទៀត​។

លោក ម៉ី វ៉ាន់ បាន​បញ្ជាក់ថា កន្លងមក​នៅ​មូលដ្ឋាន​ឃុំ​ស្វាយជ្រុំ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ជូន​នូវ​សមិទ្ធផល​ជាច្រើន​ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វត្ត​សំខាន់ៗ​ចាំបាច់​សម្រាប់​ជា​មធ្យោបាយ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ​ទោះជា​យ៉ាងណាក្តី សេចក្តីត្រូវការ​នៃ​ការអភិវឌ្ឍ​ពុំ​មាន​ទី​បញ្ចប់​ទេ។ ចំពោះ​សំណូមពរ​ប្រជាពលរដ្ឋ ដែល​បានលើកឡើង​ក្នុង​វេទិកា​នេះ គឺជា​សេចក្តីត្រូវការ​រួម ​ដែល​លោក​នឹង​ស្នើ​សុំ​រាជរដ្ឋាភិបាល​រក​វិធី​ដោះស្រាយ​ជូន។

ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានឃុំស្វាយជ្រុំ មាន​ក្តី​រីករាយ​ ដោយ​មាន​ឱកាស​លើកឡើង​ពី​បញ្ហា​ដែល​គាត់​ជួបប្រទះ​ប្រាប់​ដល់​ក្រុមការងារ​តំណាង​រាជរដ្ឋាភិបាល​ដោយ​ផ្ទាល់​តាមរយៈ​វេទិកា​សាធារណៈ​នេះ ដោយ​ក្តី​សង្ឃឹមថា កង្វល់​នឹង​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​មាន​ត្រូវបាន​រាជរដ្ឋាភិបាល​ដឹង​ និង​ជួយ​ដោះស្រាយ៕


អ្នក​ឃុំ​ស្វាយជ្រុំ សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ជួយ​បញ្ចុះតម្លៃ​អគ្គិសនី និង​ទឹកស្អាត

អ្នក​ឃុំ​ស្វាយជ្រុំ សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ជួយ​បញ្ចុះតម្លៃ​អគ្គិសនី និង​ទឹកស្អាត