រឿង “ក្ដី​ស្រមៃ​របស់​ក្មេង​តូច”

កាល​ពី​នៅ​ក្មេង​ខ្ញុំ​មាន​ក្ដី​ស្រមៃ​ជា​ច្រើន​។ ដំបូង​ខ្ញុំ​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​ ដើម្បី​ផ្ទេរ​ចំណេះ​ដឹង​ដែល​ខ្លួន​មាន​ទៅ​អោយ​អ្នក​ដទៃ​។ ម៉្យាង​ទៀត​ដោយ​សារ​តែ​នៅ​ក្មេង​ ខ្ញុំ​មិន​ដឹង​ថា​មាន​ការងារ​អ្វី​ផ្សេង​ដែល​ខ្ញុំ​រំពឹង​ថា​ខ្លួន​ឯង​មាន​សមត្ថភាព​អាច​ធ្វើ​បាន​នោះ​ទេ​ គឺ​ខ្ញុំ​ស្រមៃ​មិន​ចេញ​នោះ​ទេ​ក្រៅ​ពី​ការងារ​ធ្វើ​ជា​គ្រូ​បង្រៀន​ដែល​ខ្ញុំ​សម្លឹង​ឃើញ​ជា​រៀង​រាល់​ថ្ងៃ​។ ខ្ញុំ​គិត​ថា​គ្រូ​បង្រៀន​ជា​ការងារ​មួយ​ដ៏​ល្អ​ ដោយ​សារ​សង្គម​ខ្មែរ​អោយ​តម្លៃ​ថា​ គ្រូ​គឺ​ជា​មាតាបិតា​ទី​ពីរ​។ លុះ​ធំ​បន្តិច​ទៅ​ខ្ញុំ​គិត​ថា​ ធ្វើ​ជា​គ្រូ​បង្រៀន​គឺ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់។​

ពេល​នៅ​ថ្នាក់​បឋម​ ខ្ញុំ​ឃើញ​អ្នក​គ្រូ​ខ្ញុំ​យក​នំ​មក​លក់​ក្នុង​ថ្នាក់​រាល់​ថ្ងៃ​ ហើយ​ខ្ញុំ​មិន​ហ៊ាន​ចេញ​ទៅ​ទិញ​នំ​ ដែល​គេ​លក់​នៅ​ខាង​ក្រៅ​ថ្នាក់​មក​ញ៉ាំ​ទេ​ ខ្លាច​អ្នក​គ្រូ​អន់​ចិត្ត​។ ហើយ​គ្រូ​នៅ​ថ្នាក់​បឋម​ គាត់​តែង​តែ​ប្រមូល​លុយ​ពី​សិស្ស​សម្រាប់​ថ្លៃ​បង្រៀន​ជា​រៀង​រាល់​ថ្ងៃ​ ទោះ​បី​កន្លែង​បង្រៀន​ជា​សាលា​រដ្ឋ​ក៏​ដោយ​។ ឯ​គ្រូ​ប្រុស​ៗ​វិញ​ ខ្ញុំ​ឃើញ​គាត់​ក្រៅ​ពី​បង្រៀន​ គាត់​មាន​មុខ​របរ​មួយ​ទៀត​គឺ​រត់​ម៉ូតូ​ឌុប​។ នៅ​ថ្នាក់​បឋម​ គ្រូ​ម្នាក់​បង្រៀន​គ្រប់​មុខវិជ្ជា​ទាំង​អស់​របស់​ថ្នាក់​រៀន​មួយ​។ ហើយ​មាន​តែ​គ្រូ​ម្នាក់​នេះ​គត់​ ដែល​ជា​គ្រូ​ទទួល​បន្ទុក​ថ្នាក់​ប្រមូល​លុយ​ពី​សិស្ស​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ទប់ទល់​នឹង​ជីវភាព​។ តែ​ដល់​ថ្នាក់​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​ ចំនួន​គ្រូ​គឺ​បែង​ចែក​តាម​មុខ​វិជ្ជា​ផ្សេង​ៗ។​ ហើយ​ពួក​គាត់​មិន​លក់​នំ​ក្នុង​ថ្នាក់​ រឺ​ក៏​ប្រមូល​លុយ​ថ្លៃ​បង្រៀន​ទៀត​ទេ​ តែ​ប្ដូរ​មក​លក់​ឯកសារ​សម្រាប់​បង្រៀន​វិញ​ជា​រៀងរាល់​ម៉ោង​។ មួយ​ថ្ងៃ​ត្រូវ​រៀន​៤​ម៉ោង​ ថ្ងៃ​ណា​ដែល​៤​ម៉ោង​នោះ​មាន​មុខ​វិជ្ជា​ខុស​ៗ​គ្នា​ទាំង​អស់​ សិស្ស​ក៏​ត្រូវ​ទិញ​សំណៅ​ឯក​សារ​គ្រប់​ម៉ោង​។ ម៉្យាង​ទៀត​ មុខ​វិជ្ជា​ខ្លះ​ដែល​គ្រូ​អាច​បើក​គួរ​បង្រៀន​បាន​ដូច​ជា​ គណិត​វិទ្យា​ រូប​វិទ្យា​ គីមី​វិទ្យា​ ជីវវិទ្យា​ និង​ភាសា​ខ្មែរ​ គ្រូ​តែង​បើក​ម៉ោង​បង្រៀន​គួរ​ ហើយ​ក៏​មាន​គ្រូ​មួយ​ចំនួន​តូច​បាន​ដាក់​សំពាធ​ទៅ​លើ​សិស្ស​ដែល​មិន​មក​រៀន​គួរ​បន្ថែម​ជា​មួយ​គាត់​ ដោយ​ដាក់​ពិន្ទុ​អោយ​តិច​ ចំណែក​ឯ​សិស្ស​មក​រៀន​គួរ​ជា​មួយ​គាត់​ គឺ​តែង​បាន​ពិន្ទុ​ច្រើន​ និង​បាន​ដឹង​វិញ្ញាសា​ប្រលង​មុន​ជា​ដើម​។ ឯ​ឪពុកម្ដាយ​សិស្ស​វិញ​ គឺ​ដឹង​ពី​បញ្ហា​ផ្នែក​ជីវភាព​របស់​គ្រូ​ដែរ​ ក៏​អោយ​លុយ​កូន​យក​មក​សម្រាប់​ទិញ​សំណៅ​ឯកសារ​ និង​រៀន​គួរ​ជា​មួយ​គ្រូ​ទៅ។​ ចំពោះ​សិស្ស​ដែល​ក្រីក្រ​គ្មាន​លុយ​សម្រាប់​ទិញ​សំណៅ​ឯក​សារ​ និង​រៀន​គួរ​ត្រូវ​ប្រាប់​គ្រូ​មុន​ គ្រូ​នឹង​អនុញ្ញាត​អោយ​រៀន​ និង​បាន​សំណៅ​ឯក​សារ​ដោយ​មិន​ចាំ​បាច់​អស់​លុយ​ តែ​ត្រូវ​ប្ដូរ​មក​ធ្វើ​ជា​អ្នក​ប្រមូល​លុយ​រៀន​គួរ​ និង​ចែក​ឯកសារ​អោយ​សិស្ស​ដទៃ​ទៀត​ ជំនួស​ដៃ​ជើង​គ្រូ។

ពេល​ទំនេរ​ខ្ញុំ​ចូល​ចិត្ត​សួរ​ទៅ​មិត្តភ័ក្ដិ​ខ្ញុំ​ពី​រឿង​ថា​ ធំ​ឡើង​មាន​ក្ដី​ស្រមៃ​ចង់​ធ្វើ​អី​ណាស់​។ ខ្ញុំ​តែង​តែ​និយាយ​ថា​ ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​ ឯ​មិត្ត​ខ្ញុំ​វិញ​ ហាក់​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​សោះ​។ ឯ​ប៉ា​ម៉ាក់​ខ្ញុំ​គាត់​និយាយ​ថា​ ធ្វើ​គ្រូ​បង្រៀន​សម័យ​នេះ​បាន​ប្រាក់​ខែ​តិច​ណាស់​ បើ​មិន​រក​មុខ​របរ​មួយ​ទៀត​មក​ចិញ្ចឹម​ជីវិត​ទេ​ ច្បាស់​ជា​ដាច់​ខ្យល់​ស្លាប់​ហើយ​ មិន​ដូច​កាល​ពី​មុន​សម័យ​ប៉ុលពត​ ជំនាន់​ឆ្នាំ​ហា​-ហុក​សិប​ប្លាយ​នោះ​ទេ​។ កាល​សម័យ​នោះ​ មុខ​របរ​គ្រូ​បង្រៀន​គេ​អោយ​តម្លៃ​ណាស់​។ គាត់​ថា​បើ​ទៅ​ដណ្ដឹង​កូន​គេ​វិញ​ គ្រាន់​តែ​ប្រាប់​គេ​ថា​មុខ​របរ​ធ្វើ​គ្រូ​បង្រៀន​ គេ​លើក​កូន​អោយ​ដៃ​ដប់​។ តែ​សម័យ​ឥឡូវ​គ្មាន​នរណា​គេ​អោយ​តម្លៃ​ទៀត​ទេ​។ រហូត​គេ​បង្កើត​ជា​ពាក្យ​គន្លាស់​កាត់​បែប​កំប្លែង​ថា​៖ ‹‹ពី​ដើម​ គ្រូ​ប្រពន្ធ​ល្អ​ ឥឡូវ ក្រ​ប្រពន្ធ​ឡាអ៊ូ​(រអ៊ូ)››។ នេះ​មាន​ន័យ​ថា​ សម័យ​ដើម​បើ​ធ្វើ​ជា​គ្រូ​បង្រៀន​ គឺ​តែង​តែ​បាន​ប្រពន្ធ​ល្អ​ស្អាត​ ប៉ុន្តែ​សម័យ​ឥឡូវ​បើ​ធ្វើ​ជា​គ្រូ​បង្រៀន​ អ្នក​ដែល​ជា​ប្រពន្ធ​ច្បាស់​ជា​រអ៊ូ​ស្លាប់​ហើយ​ដោយ​សារ​បញ្ហា​ជីវភាព​។ ពេល​ឮ​ឪពុកម្ដាយ​ខ្ញុំ​និយាយ​ដូច្នោះ​ ហើយ​មើល​ទៅ​មុខ​របរ​គ្រូ​ជាក់​ស្ដែង​វា​ដូច្នេះ​មែន​ ខ្ញុំ​ក៏​មាន​អារម្មណ៍​គិត​ចង់​ប្ដូរ​ក្ដី​ស្រមៃ​មួយ​នេះ​ចេញ​ ទាំង​មាន​អារម្មណ៍​មិន​អស់​ចិត្ត​នឹង​សង្គម​មួយ​នេះ​។

ក្ដី​ស្រមៃ​បន្ទាប់​ ខ្ញុំ​ក៏​គិត​ថា​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​អាន​កំណាព្យ​ និង​មេសូត្រ​ផ្សេង​ៗ​ អោយ​តែ​ឡើង​ថ្នាក់​បាន​សៀវភៅ​ពុម្ព​ថ្មី​ ខ្ញុំ​តែង​បើក​រក​មើល​ទំព័រ​ដែល​មាន​មេសូត្រ​ រឺ​កំណាព្យ​ យក​មក​សូត្រ​លេង​។ តែ​គិត​ៗ​ទៅ​មុខ​របរ​នេះ​ ក៏​យ៉ាប់យ៉ឺន​មិន​ចាញ់​គ្រូ​បង្រៀន​ដែរ​។ ក្រោយ​មក​ ខ្ញុំ​ក៏​គិត​ថា​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​ដូច​ជា​ តារា​ចម្រៀង​ រឺ​តារា​សម្ដែង​ជា​ដើម​ មើល​ទៅ​ហាក់​ដូច​ជា​សប្បាយ​ ហើយ​ស្រួល​រក​លុយ​ណាស់។​ ពេល​ដែល​បាន​ល្បី​ឈ្មោះ​ មាន​គេ​ចាប់​អារម្មណ៍​ច្រើន​ ហើយ​បើ​និយាយ​ពី​សំលៀក​បំពាក់​វិញ​ គឺ​បាន​ស្លៀក​ពាក់​ស្អាត​ៗ និង​ឡូយ​ឆាយ​ទៀត​ផង​។ ប៉ុន្តែ​ខ្ញុំ​សាក​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ឯង​ទៅ​គ្មាន​ត្រង់​ណា​ស្អាត​អី​បន្តិច​សោះ​។ បើ​និយាយ​ពី​ចម្រៀង​វិញ​ខ្ញុំ​ចូល​ចិត្ត​ច្រៀង​លេង​ណាស់​បទ​ណា​ក៏​ចេះ​ដែរ​ តែ​បើ​និយាយ​ពី​សំឡេង​វិញ​ដូច​ទា​អួល​កន្ទក់​អញ្ចឹង​។ ខ្ញុំ​ក៏​បោះ​បង់​ក្ដី​ស្រមៃ​នេះ​ចោល​ទៀត​។ ហើយ​ក្រោយ​មក​ខ្ញុំ​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត​ ព្រោះ​ខ្ញុំ​ចង់​ជួយ​សង្គ្រោះ​ព្យាបាល​អ្នក​ជំងឺ​អោយ​ជា​សះ​ស្បើយ​។ ហើយ​ខ្ញុំ​ចង់​ឃើញ​ស្នាម​ញញឹម​របស់​អ្នក​ដែល​បាន​ធូរ​ស្រាល​ពី​រោគា​ ក្រោក​ឡើង​តស៊ូ​ក្នុង​ជីវិត​សារ​ជា​ថ្មី​។ ប៉ុន្តែ​ខ្ញុំ​រៀន​មុខ​វិជ្ជា​ដែល​ត្រូវ​ការ​សម្រាប់​ប្រលង​ចូល​សាលា​ពេទ្យ​មិន​ពូ​កែ​សោះ​។ ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា​គ្រួសារ​ខ្ញុំ​ពុំ​សូវ​មាន​ជីវភាព​ធូរ​ធារ​ទេ ​ដូច្នេះ​ប្រាកដ​ជា​មាន​ការ​លំបាក​ក្នុង​ការ​ផ្គត់​ផ្គង់​អោយ​ខ្ញុំ​រៀន​មុខ​ជំនាញ​នេះ​។ ដោយ​សារ​មុខ​ជំនាញ​នេះ​ ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន​ និង​ត្រូវ​ចំណាយ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។
ឯ​ថ្លៃ​សាលា​វិញ​ក៏​ត្រូវ​ចំណាយ​អស់​ច្រើន​ ហើយ​ពេល​ប្រលង​បំណាច់​ឆមាស​ម្ដង​ៗ​ គេ​ទម្លាក់​សិស្ស​អស់​ព្រោង​ព្រាត​ សិស្ស​ក៏​ត្រូវ​បង់​លុយ​ប្រលង​សង​ឡើង​វិញ​។ ជំនាន់​នោះ​ ខ្ញុំ​ឮ​ថា​មុខ​ជំនាញ​នេះ​ មាន​សិស្ស​ដាច់​ចិត្ត​បោះ​បង់​ក្ដី​ស្រមៃ​របស់​ខ្លួន​ ចោល​ពាក់​កណ្ដាល​ទី​រាប់​រយ​នាក់​។

ចុង​ក្រោយ​បង្អស់​ ខ្ញុំ​គិត​ថា​ខ្ញុំ​នៅ​តែ​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​វិញ​ដដែល​ ក្រោយ​ពេល​ខ្ញុំ​បាន​ចូល​រៀន​យក​ជំនាញ​ភាសា​ជប៉ុន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​។ ខ្ញុំ​គិត​ថា​ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​ទី​នោះ​ ទោះ​ជា​មាន​ជីវភាព​លំបាក​បន្តិច​ក៏​ដោយ​។ ខ្ញុំ​គិត​ថា​ដេប៉ាតឺម៉ង់​មួយ​នេះ​ទើប​តែ​បង្កើត​ឡើង​ថ្មី​ ហើយ​ខ្ញុំ​ជា​សិស្ស​ជំនាន់​ទី​ពីរ​ ច្បាស់​ជា​អាច​ត្រូវ​បាន​គេ​ជ្រើស​រើស​សម្រាប់​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​ទីនោះ​ជាក់​ជា​មិន​ខាន​។ បើ​បាន​ធ្វើ​ជា​គ្រូ​នៅ​សាកល​វិទ្យា​ល័យ​ គឺ​ពិត​ជា​នៅ​មាន​ជីវភាព​គ្រាន់​បើ​ជាង​ធ្វើ​គ្រូ​បង្រៀន​នៅ​ថ្នាក់​ក្រោម​។ ហើយ​ក្រៅ​ពី​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​ជប៉ុន​ បើ​សិន​ជា​អាច​ឆ្លៀត​បាន​ ខ្ញុំ​ក៏​អាច​បក​ប្រែ​ឯក​សារ​ផ្សេង​ៗមួយ​ចំនួន​ និង​ធ្វើ​ជា​អ្នក​បក​ប្រែ​ផ្ទាល់​មាត់​ក្រៅ​ម៉ោង​បាន​ វា​អាច​ជួយ​សម្រួល​ជីវភាព​បាន​មួយ​កម្រិត​ដែរ​។ នេះ​អាច​ជា​មុខ​របរ​ទី​ពីរ​របស់​ខ្ញុំ​ ជំនួស​អោយ​ការ​លក់​នំ​ និង​សំណៅ​ឯក​សារ​ក្នុង​ថ្នាក់​ដូច​គ្រូ​ថ្នាក់​ក្រោម​។ ទី​បំផុត​ក្ដី​ស្រមៃ​ដែល​ខ្ញុំ​មាន​តាំង​ពី​តូច​មក​ ក៏​ក្លាយ​ជា​ការ​ពិត​។ ពេល​នោះ​ក្នុង​ចំណោម​សិស្ស​ដែល​ចូល​រៀន​ជំនាន់​ទី​ពីរ​ដំណាល​ខ្ញុំ​ មាន​តែ​ខ្ញុំ​ម្នាក់​គត់​ដែល​ត្រូវ​បាន​ជ្រើស​រើស​អោយ​បង្រៀន​នៅ​ទី​នោះ​ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​សិស្ស​ជំនាន់​ទី​មួយ​ទាំង​អស់​។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ ពេល​នេះ​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យា​ល័យ​ ទាំង​ខ្ញុំ​ដឹង​ថា​ខ្លួន​ឯង​ពុំ​ទាន់​សាក​សម​នឹង​បង្រៀន​នៅ​ទីនោះ​ផង​។ ទោះ​ ជា​ការ​ធ្វើ​ការ​នៅ​ទីនោះ​ ធ្វើ​អោយ​ខ្ញុំ​មាន​បញ្ហា​លំបាក​ខាង​ជីវភាព​បន្តិច​មែន​ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​ការងារ​ដែល​ខ្ញុំ​ស្រឡាញ់​ចូល​ចិត្ត​តាំង​ពី​តូច​មក​ ដូច្នេះ​ខ្ញុំ​តែង​តែ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​សប្បាយ​រីករាយ ​ហើយ​តស៊ូ​អស់​ពី​កម្លាំង​កាយ​ចិត្ត​។

ខ្ញុំ​សង្ឃឹម​ថា​ថ្ងៃ​ណាមួយ​ទីនោះ​នឹង​កែ​ប្រែ​ និង​អោយ​តម្លៃ​ដល់​គ្រូ​អោយ​បាន​ច្រើន​ជាង​នេះ​។ មិនមែន​អោយ​គ្រូ​រស់​បាន​តែ​មួយ​ក្រពះ​ៗ ដូច​សព្វ​ថ្ងៃ​នេះ​ទេ។ ហើយ​មិន​មែន​តែ​ទី​នោះ​ទេ​ សង្គម​ខ្មែរ​ទាំង​មូល​នឹង​កែ​ប្រែ​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន​។ ខ្ញុំ​រំពឹង​ថា​ គេ​នឹង​អោយ​តម្លៃ​ដល់​អ្នក​ដែល​ខំប្រឹង​ធ្វើ​ជា​គ្រូ​បង្រៀន​ ទោះ​បី​មិន​ដូច​កាល​ពី​សម័យ​ម្ដាយ​ឪពុក​ខ្ញុំ​នៅ​រៀន​ក៏​ដោយ​ ក៏​អោយ​សម​ទៅ​នឹង​តម្លៃ​ការងារ​ ជា​អ្នក​អប់រំ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​របស់​ពួក​គាត់​ដែរ​។ ខ្ញុំ​មិន​ចង់​ឮ​ពាក្យ​ចំអក​អោយ​អ្នក​ដែល​មាន​មុខ​របរ​ជា​គ្រូ​បង្រៀន​ថា​៖ ‹‹ពី​ដើម​គ្រូ​ប្រពន្ធ​ល្អ​ ឥឡូវ​ក្រ​ប្រពន្ធ​ឡា​អ៊ូ​(រអ៊ូ) នោះ​ទៀត​ទេ​››៕

 

ដកស្រង់ចេញពីសៀវភៅ ‹‹មនោសញ្ចេតនា ស្រុកខ្ញុំស្រុកខ្មែរ›› ដោយ​ ៖

CAMBOMAG ទទួលបានសិទ្ធិក្នុងការផ្សព្វផ្សាយរឿងនេះ ពីលោក
ហាមដាច់ខាតយករឿងមួយនេះ ដាក់ក្នុង វេសាយរបស់ខ្លួនដោយគ្មានការអនុញ្ញាត។


  • រឿង “ក្ដី​ស្រមៃ​របស់​ក្មេង​តូច”已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:វីដេអូ
Tags: