ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ ឧស្សាហ៍​រាករូស​អឺចឹង​?

ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ ឧស្សាហ៍​រាករូស​អឺចឹង​?

​បើសិន​ជា​អ្នក ធ្លាប់មាន​បញ្ហា​រាករូស ច្រើន​ជាង​បី​ដង​ក្នុង​មួយថ្ងៃ អ្នក​មាន​អាការៈ​ជំងឺរាក​ស្រួចស្រា​វ​ហើយ​។ ការ​រាក​ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​កើតមាន​ជា​ញឹកញាប់​។ យ៉ាងណាមិញ ជំងឺរាក​នេះ មិនមែន​មានន័យថា មាន​អ្វី​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ឡើយ​។

​ការ​រាក មិន​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ ៖

  • ​វីរុស​
  • ​បាក់តេរី​
  • ​ឈឺ​ក្រពះ​
  • ​ព្រូ​ន ឬ​សត្វល្អិត​ក្នុង​ពោះវៀន​
  • ​ពុល​អាហារ​
  • ​ការប្រើប្រាស់​ថ្នាំ​.

​មាន​ជំងឺ​មួយចំនួន ក៏​អាច​ធ្វើឲ្យកើត ជាការ​រាករូស​ជា​ញឹកញាប់​ដែរ ដូចជា ជំងឺ​រលាក​ពោះវៀន ជំងឺ​រលាក​ពោះវៀនធំ ជំងឺ Celiac និង​រលាក​និង​ដំបៅ​ពោះវៀន (Ulcerative Colitis)​។

​ការ​រាក ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ ៖

ការផ្លាស់ប្តូរ​របប​អាហារ​
ស្ត្រី​ជា​ច្រើន បាន​ផ្លាស់ប្តូរ​របប​អាហារ​យ៉ាង​ខ្លាំងក្លា នៅ​ពេល​ពួកគេ​ដឹងថា ខ្លួនឯង​មាន​ផ្ទៃពោះ​។ ការផ្លាស់ប្តូរ​ភ្លាមៗ​បែបនេះ អាច​នឹង​ធ្វើឲ្យ​ក្រ​ពះមាន​បញ្ហា និង​បង្ក​ជាការ​រាក​ទៅ​។

ញ៉ាំ​អាហារ​ថ្មី​មិន​បាន​
ក្រៅពី​ពោះធំ​ហើយ​នោះ ស្ត្រី​មាន​ផ្ទៃពោះ អាច​នឹង​មាន​ការប្រែប្រួល រាងកាយ​ច្រើន​បន្ថែមទៀត​។ ការ​ញ៉ាំ​អាហារ​ថ្មី​មិន​បាន ក៏​អាច​កើត​មាន​ដែរ​។ អាហារ​ដែល​អ្នក​មិន​ធ្លាប់​ញ៉ាំ​ពីមុន ហើយ​បែរជា​ញ៉ាំ​ក្នុងពេល​មាន​ផ្ទៃពោះ នឹង​ធ្វើឲ្យ​កើត​ជា​ខ្យល់ ច្រើន​ក្នុង​ពោះវៀន ឈឺ​ក្រពះ និង​រាក​ថែមទៀត​ផង​។

ការប្រើ​វីតាមីន ក្នុងពេល​មាន​ផ្ទៃពោះ​
ការប្រើ​ថ្នាំ​វីតាមីន ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​សំខាន់​សម្រាប់​សុខភាព និង​ការលូតលាស់​របស់​ទារ​ក​។ យ៉ាងណាមិញ វីតាមីន​ទាំងនេះ អាច​នឹង​ធ្វើឲ្យ​ក្រពះ​ឈឺ និង​បង្ក​ការ​រាករូស​ដែរ​។

បម្រែបម្រួល​អ័រម៉ូន​
អ័រម៉ូន ប្រហែល​ជា​ធ្វើឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើការ​យឺត​ជាង​មុន ដូច្នេះ ការ​ទល់លាមក អាច​ជា​បញ្ហា​មួយ​ក្នុង​រឿង​នេះ​ដែរ​។ អ័រម៉ូន ក៏​អាច​បង្កើន​ល្បឿន ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ បង្ក​ជា​ការ​រាករូស​តែម្តងទៅ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​រាករូស​នេះ ភាគច្រើន កើតឡើង​នៅក្នុង​ពេល​ត្រីមាស​ទី​បី នៃ​ការ​មាន​ផ្ទៃពោះ​។

ករណី​រាករូស​ក្នុងពេល​មាន​ផ្ទៃពោះ​នេះ ភាគច្រើន គឺ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃក្រោយ ព្រោះ​ថា​មូលហេតុ​របស់​វា ច្រើន​តែ​ទាក់ទង​នឹង​ការពុល​អាហារ បង្កឡើង​ដោយ​វីរុស ឬ​បាក់តេរី​។ ដូច្នេះ គួរតែ​ធ្វើ​យ៉ាងណា​ញ៉ាំ​ទឹក ឲ្យបាន​គ្រប់គ្រាន់​។

បើសិន​ការប្រើប្រាស់​ថ្នាំ​របស់​អ្នក កំពុងតែ​បង្ក​ជាការ​រាក រាងកាយ​នឹង​ផ្លាស់ប្តូរ​ទៅតាម​គ្នា ដើម្បី​បញ្ឈប់​ការ​រាក​វិញ នៅ​ពេល​អ្នក​ប្តូរ​ថ្នាំ​ផ្សេង​។ តែ​បើ​សិន​ជា​ប្តូ​រហើយ នៅតែ​មិន​បាត់​ទៀត វា​គួរតែ​ដល់ពេល ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។

មាន​អាហារ​ជាច្រើន ដែល​ធ្វើឲ្យ​ការរាក​កាន់តែ​ធ្ងន់ធ្ងរ ដូចជា អាហារ​សម្បូរ​ខ្លាញ់ អាហារ​ចៀន អាហារ​ហឹរ ទឹកដោះគោ និង​អាហារ​មាន​ជាតិ​សរសៃ​ច្រើន​។ ដូច្នេះ បើសិន​ជា​អ្នក​មាន​អា​ការៈរាកហើយ អ្នក​គួរតែ​ចៀសវាង អាហារ​ទាំងនេះ​សិន​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។