មនុស្ស​​ស្រី​ ពេល​ការ​​ហើយ​ក្លាយ​ជា​​សត្វ​ខ្លា​?

ពេល​​​ស្នេហា​​​ដំបូង អូន​​ជា​ស្រី​ស្លូតបូត​រាបសា​គួរស្រឡាញ់​ ។ ប៉ុន្តែ​​ ក្រោយ​ពេល​ការ​ហើយ ​អូន​ក្លាយជា​សត្វ​ខ្លា​គួរ​ឱ្យ​​ខ្លាច ​។ នេះ​ជា​អារម្មណ៍​​របស់​មនុស្ស​ប្រុស​ជា​​ច្រើន បន្ទាប់​ពី​ពួក​គេ​បាន​រស់នៅ​ជាមួយ​ប្រ​ព​ន្ធ​​ជា​ច្រើន​ឆ្នាំ​មក ​។ តើ​ការ​ពិត​ដូច្នេះ​មែនឬ?

បុរស​ជា​ច្រើន​មាន​ទស្សន​:​បែប​នេះ​ ក៏​ដោយសារ​តែ​ប្រ​ព​ន្ធ​​របស់​ពួក​គេ ​មានការ​ហួងហែង​ខ្លាំង​ និង​កាច​ជាង​​ពេល​ដែល​​ទើប​ស្គាល់​គ្នា​ ឬ​ក៏​នៅ​ពេល​ដែល​នៅ​ជា​គូ​​សង្សារ​ ។ មាន​មនុស្ស​ប្រុស​ជា​ច្រើន ​ត្រូវ​ស្ត្រី​ជា​ប្រ​ព​ន្ធ​ទូរស័ព្ទ​រក​​ដេញដោល ពេល​ដែល​បុរស​ជា​ប្តី​ដើរ​​កម្សាន្ត​នៅ​ខាងក្រៅ​ផ្ទះ​ ។ តាម​ពិត​ទៅ​ សម្រាប់​ស្ត្រី​ជា​ប្រ​ព​ន្ធ ការ​ទូរស័ព្ទ​នោះ ​ក៏​ព្រោះតែ​ពួក​គេ​មានការ​ព្រួយបារម្ភ​ខ្លាំង​​ពី​ប្តី​ដោយ​ខ្លាច​ប្តី​ស្រវឹង​ ហើយ​បើកបរ​ ឬ​ក៏​ខ្លាច​ស្វា​មីខិលខូច​មាន​ស្រី​ខាងក្រៅ​ផ្ទះ​ ។

បុរស​ជា​ប្តី​ ត្រូវ​ទទួលស្គាល់​ថា​ ជា​ទូទៅ​ប្រ​ព​ន្ធ មានការ​ខ្វល់ខ្វាយ​ច្រើន​អំពី​ប្តី​ ដែល​នៅ​ខាងក្រៅ​ផ្ទះ​ ដោយ​ហេតុផល​ស្រឡាញ់​ និង​ការ​យក​ចិត្តទុកដាក់​ ។ ប៉ុន្តែ​បុរស​ជា​ប្តី​ខ្លះ​គិត​ថា​ នោះ​គឺជា​ការ​រំខាន ​និង​ធ្វើ​ឱ្យ​​ពួក​គេ​ខ្មាស់មិត្តភក្តិ​ ដែល​កំពុង​តែ​ផឹកស៊ី​ជាមួយ​ ។

ដូច្នេះ ​ការ​និយាយ​ថា​ ស្ត្រី​ភាគច្រើន​ក្លាយជា​សត្វ​ខ្លា​ ក្រោយ​ពេល​រៀប​ការ​រួច​​ប្រហែល​ធ្ងន់ធ្ងរ​ហួសហេតុ​ សម្រាប់​ស្ត្រី​ជា​ប្រ​ព​ន្ធ ។ ការ​យកចិត្តទុកដាក់​ និង​ការ​ខ្វល់ខ្វាយ ​មិន​គួរ​​ត្រូវ​បាន​បកស្រាយ​ថា​ ជា​អាកប្បកិរិយា​កាច​របស់​ប្រ​ព​ន្ធ​នោះ​ឡើយ​ ។

ចំណែក​​ស្ត្រី​ ក៏​ត្រូវ​តែ​យក​បញ្ហា​នេះ​ មក​ពិចារណា​ឡើង​វិញ​ផង​ដែរថា​ តើ​ខ្លួន​ពិតជា​កាច​ជ្រុល​​ចំពោះ​ប្តី​ រហូត​ដល់​ពួក​គេ​ចា​ត់ទុកជា​សត្វ​ខ្លា ​ឬ​យ៉ាងណា? ខណ​:​ដែល​​ការ​យកចិត្តទុកដាក់​ និង​ខ្វល់ខ្វាយ​ជា​រឿង​ល្អ​ សម្រាប់​ស្វា​មី ​។ ប៉ុន្តែ​ការ​ហួងហែង​ហួស​ហេតុ អាច​​នឹង​ធ្វើ​ឱ្យ​​បុរស​ជា​ប្តី​យល់​ថា ​មិន​មានការ​គោរព​គ្រប់គ្រាន់​​ចំពោះ​ពួក​គេ​ ។

ការ​យល់​ច្បាស់​អំពី​ចេតនា​​ល្អ​របស់​ប្រ​ព​ន្ធ ​និង​ការ​ផ្តល់​ការ​គោរព​ចំពោះ​ប្តី​ នឹង​អាច​សម្រាល​ការ​គិត​ពី​ខាង​បុរស ​។ ពេល​នោះ​ស្ត្រី​លែង​​ជា​សត្វ​ខ្លា​ទៀត​​ហើយ ប៉ុន្តែ​ជា​ប្រ​ព​ន្ធដ៏​គួរឱ្យ​​ស្រឡាញ់​បំផុត​ ។