បារមីភ្នំរន្ទះបាញ់ ល្បីថាពូកែ

6 Videos


ពាក្យថារន្ទះបាញ់ជាបាតុភូតធម្មជាតិមួយដែលមានចរន្តឆក់បូកដកតែងកើតឡើងនៅពេលមេឃមានភ្លៀងធ្លាក់ ។ កុំថាឡើយស្នូររបស់វាសូម្បីគ្រាន់តែឮពាក្យរន្ទះបាញ់ម្នាក់ៗពិតជាភ័យខ្លាចទៅហើយ ។ តួយ៉ាងដូច ជាភ្នំរន្ទះបាញ់នេះជាដើមហាក់ដូចជាធ្វើឱ្យអ្នកដែលបានឮនិងបានទៅដល់ពិតជាមានអារម្មណ៍ព្រឺព្រួចមិន ខានពិសេសភ្នំដែលគេមានជំនឿថាមានបារមីដ៏ខ្លាំងពូកែមានប្រវត្តិទាក់ទងរន្ទះបាញ់ធ្វើឱ្យអ្នកជឿហើយ សរសើរគោរពកោតខ្លាចមហិទ្ធិឫទ្ធិមិនហ៊ានប្រមាថឡើយថែមទាំងបន់ស្រន់បានសម្រេចពូកែស័ក្តិសិទ្ធិ តម្រូវតាមគោលបំណងគ្រប់ៗគ្នាទៀតផង  ។

បារមីភ្នំរន្ទះបាញ់ ល្បីថាពូកែ

ភ្នំរន្ទះបាញ់ ឬ ភ្នំរន្ទះ ជាកូនភ្នំមួយដែលមានកំពូលទាបល្មមស្ថិតនៅដាច់ពីគេនាទឹកដីឃុំអង្គ ប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ។ ដើម្បីទៅដល់ទីនោះត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ២ ប្រមាណ ៣០ គីឡូម៉ែត្រពីទីរួមខេត្តទៅត្បូងហួសផ្សារកំពង់ជ្រៃបន្តិច រួចបត់ស្តាំចូលតាមខ្លោងទ្វារវត្តទេពប្រណម្យ ។ ស្ថិតនៅប្របជាប់នឹងជើងភ្នំជាវត្តពោធិវង្ស គណៈធម្មយុត្តិក និកាយ ចំណែកខ្នងភ្នំខាងលើវិញជាអាស្រម អ្នកត្រង់បង់បត់ដែលមានជណ្តើរឡើងចុះចំនួន ១៥៩ កាំ កសាងដោយក្រុមបារមីស្នងរូប ។ ឡើងដល់កំពូលភ្នំកាលណាម្នាក់ៗពិតជាមានអារម្មណ៍ប្លែកជាមួយនឹងរូបសំណាកផ្សេងៗមានដូចជា ព្រះគោ ព្រះកែវ ព្រះគណេស (ខ្លួនមនុស្សក្បាលដំរី) មេទ័ពទាំង ៥ សេះស ដំរីសភ្លុក ខៀវ និង  សំពៅត្រៃលក្ខណ៍ ជាដើម ។

ទីនោះក្រៅពីជាទីសក្ការបូជាក៏ជាបូជនីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ និង ធម្មជាតិមួយដែរ ។ មនុស្សម្នាតែងតែនាំគ្នាឡើងទៅដើម្បីបន់ស្រន់ ចាក់គម្ពីរ ទស្សនាទេសភាពនិងលម្ហែកាយ ផងដែរ ។ បើយើងឈរសម្លឹងពីកំពូលភ្នំនឹងបានឃើញផ្ទាំងធម្មជាតិភូមិស្រុក ផ្ទះសម្បែង និង ស្រែចម្ការរបស់ប្រជាពលរដ្ឋប្រកប ដោយសម្រស់ស្រស់ត្រកាលមានអារម្មណ៍ស្រស់ស្រាយ ។

បារមីភ្នំរន្ទះបាញ់ ល្បីថាពូកែ

លោកតា អ៊ឹម ឆេន គណៈកម្មការកសាងវត្តពោធិវង្សនេះបានមានប្រសាសន៍ឱ្យដឹងថា ឈ្មោះ ភ្នំនេះកំពុងស្ថិតក្នុងភាពមិនដាច់ស្រេចនៅឡើយ អ្នកខ្លះហៅថាភ្នំលន្ទះ ខ្លះហៅភ្នំរន្ទះខ្លះទៀត ហៅភ្នំអន្ទះ ។ ពាក្យទាំងបីនេះគាត់បានបកស្រាយតាមប្រវត្តិដើមថា ពាក្យលន្ទះ ក្លាយមកពី ពាក្យឡិនទះជាភាសាចាម ឡិនប្រែថាខ្ញុំទះប្រែថាវាយ ព្រោះកាលជំនាន់ដើមភ្នំនេះជាដីកោះដែលមានទឹកសមុទ្រព័ទ្ធជុំវិញយប់ឡើងជន   ជាតិចាមតែងជិះសំពៅមកដេកលើកោះដើម្បីដាក់ធ្នស់យកត្រី ។ ម្យ៉ាងទៀតកោះនេះសម្បូរមូសធំៗណាស់តែងខាំជនជាតិចាមរួចក៏ទះមូសឮផាច់ៗដូច្នេះក៏កើតទៅជាពាក្យថាឡិនទះបានន័យថាខ្ញុំវាយមូស ។

ចំណែកពាក្យអន្ទះវិញមានន័យថាប្រញាប់ប្រញាល់តែពុំមានប្រវត្តិទាក់ទងនឹងភ្នំនេះឡើយ ។ ដោយឡែកពាក្យរន្ទះទើបមានប្រវត្តិទាក់ទងនឹងភ្នំដូចពាក្យលន្ទះដែរតែយើងគួរនាំគ្នាហៅភ្នំនេះថា ភ្នំរន្ទះបាញ់ ឬ ភ្នំរន្ទះវិញត្រឹមត្រូវជាង ព្រោះប្រវត្តិដើមនិទានតៗគ្នាមកថាបន្ទាប់ពីព្រះនាងសក់ក្រអូបវិលមកពីសៀមវិញដោយ ជិះសំពៅ ហែហមដោយរាជបរិពារដើម្បីទៅជួបគាល់ព្រះស្វាមីគង់នៅភ្នំបាយ៉ង់កោរ តែដោយទៅមិនទាន់ព្រោះយប់ក៏បោះយុថ្កាចតសំពៅស្នាក់នៅលើកោះនោះទម្រាំភ្លឺនឹងបន្តដំណើរទៅមុខទៀត ។

បារមីភ្នំរន្ទះបាញ់ ល្បីថាពូកែ

ក្នុងយប់នោះមានខ្យល់ព្យុះ និង  ភ្លៀងធ្លាក់មួយមេយ៉ាងធំផ្លេកបន្ទោរភ្លឹបភ្លែតៗ និង មានរន្ទះបាញ់បែកផ្កាភ្លើងពេញកោះធ្វើឱ្យព្រះនាងនិងរាជបរិពារភ័យស្លន់ស្លោញ័រចំប្រប់ ។ អាស្រ័យហេតុនេះគេនាំគ្នាហៅថាកោះរន្ទះបាញ់រហូតដល់សមុទ្ររីងស្ងួតទើបដូរឈ្មោះទៅជាភ្នំរន្ទះបាញ់វិញ ។ សព្វថ្ងៃនាំគ្នាហៅខ្លីត្រឹមតែភ្នំរន្ទះហើយក៏យកភ្នំនេះបង្កើតទៅ ជាវត្តអារាម និងអាស្រមបារមីផ្លូវងងឹតសម្រាប់ធ្វើបុណ្យទាននិង គោរពបូជា ។

លោកតា អ៊ឹម ឆេន បន្តឱ្យដឹងថា មកដល់សម័យថ្មីនេះដោយមានស្ត្រីម្នាក់ នៅភ្នំពេញស្នងរូបបារមីនាងពៅទិព្វ ពៅឈូកស បានរំពឹងមើលតាមផ្លូវងងឹតឃើញថា លើភ្នំនេះមានបារមីមេទ័ព ទាំង ៥ ការពារដែលជាសេនានាងសក់ក្រអូបទើបចាត់កសាងរូបសំណាកឡើង។ ម្យ៉ាងទៀត គាត់ បានធ្វើកន្លែងលើភ្នំនោះឱ្យក្លាយ ទៅជាកន្លែងសក្ការបូជានិងមានបារមីខ្លាំងពូកែជាទី ចាប់អារម្មណ៍ជឿជាក់នៃអ្នកជំនឿជិតឆ្ងាយគ្រប់ទិសទាំង ៨ ផងដែរ ។

ជារៀងរាល់ថ្ងៃតែងមានអ្នកឡើងទៅបន់ស្រន់មិនដែលដាច់ដែលមានបារមីភ្នំគឺព្រះគោ ព្រះកែវ និង ព្រះនាងសក់ ក្រអូបជាដើម អ្នកខ្លះហៅថានាងស្រីសស្អាតបាតភ្នំ ។ លោកតា ខៀវ យូ អាចារ្យវេនវត្តពោធិវង្សបានមានប្រសាសន៍ឱ្យដឹងដែរថាជាការពិតណាស់ប្រវត្តិភ្នំរន្ទះ ឬ ភ្នំរន្ទះបាញ់ ដូចការរៀបរាប់របស់លោកតា  អ៊ឹម ឆេន ដែរ ។ មួយទៀតគេជឿថាគ្រាប់រន្ទះស្ថិតនៅបាតភ្នំបានក្លាយទៅជារបស់ស័ក្តិសិទ្ធិរួមចំណែកធ្វើ ឱ្យភ្នំនេះកាន់តែ ពូកែមកដល់សព្វថ្ងៃ ។ ជាក់ស្តែងការបន់ស្រន់រាល់ថ្ងៃរបស់អ្នកជំនឿបើមិនស័ក្តិសិទ្ធិគេក៏មិន មកដែរ ប្រាថ្នាអ្វីបានហ្នឹងតាមគោលបំណង ។

កន្លងមកគេបន់បានសម្រេចកិច្ចការផ្សេងៗដូចជារកឃើញរបស់បាត់ បានជាពីជំងឺ ធ្វើតេស្តិ៍ជាប់ទៅបរទេស រកស៊ីមានបាន និង លក់ដីធ្លីឆាប់ដាច់ ជាដើម ។ ពិសេសឱ្យតែដល់ខែជិតប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ និង មធ្យមសិក្សាទុតិយភូមិ ពួកកូនសិស្សប្រុសស្រីតែងឡើងមកបន់ស្រន់សុំឱ្យប្រឡងជាប់គ្រប់ៗគ្នាមិនសូវដែលធ្លាក់ទេ ឱ្យតែបានមកដល់កន្លែងនេះដូចជាពេលនេះជាដើមជិតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពួកកូនសិស្សស្រីៗបាននាំគ្នា ឡើងមកបន់ស្រន់ និង ចាក់គម្ពីរផ្សងសុំឱ្យប្រឡងជាប់ ។

លោកតា ខៀវ យូ បានឱ្យដឹងទៀតថា  បារមីភ្នំរន្ទះបានផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅរបស់ពួកអ្នកស្រុកភូមិ ពេលកើតបញ្ហាគ្រោះរាំងស្ងួតគេតែងនាំគ្នាឡើងទៅធ្វើពិធីបួងសួងសុំទឹកភ្លៀងសម្រាប់ផ្គត់ផ្គង់ប្រព័ន្ធធារា សាស្ត្រ អំណោយផលដល់វិស័យកសិកម្មដាំដុះ ។

មិនត្រឹមតែប៉ុណ្ណោះទេគេបន់សុំលេខឆ្នោត អ្នក ខ្លះចាក់ត្រូវ អ្នកខ្លះក៏មិនត្រូវដែរ ហើយអ្នកដែលសម្រេចបំណងគេតែងទិញ ទៀន ធូប ផ្លែឈើ យកទៅថ្វាយលាបំណន់ ។ បើបន់បានសម្រេចហើយតែភ្លេចពាក្យសន្យាបារមីភ្នំរន្ទះទៅចាក់រុកមិនឱ្យនៅសុខឡើយលុះត្រាតែយកតង្វាយមកថ្វាយទើបរួចខ្លួន ៕ កែវ សិលា