លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន អញ្ជើញ​ចែក​ទឹក​ជូន​ពលរដ្ឋ​៥៥៧​គ្រួសារ

ប្រជាពលរដ្ឋ​ចំនួន​៥៥៧​គ្រួសារ មក​ពី​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត ត្រូវ​បាន​លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត រួម​នឹង​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តកំពត​ជា​ច្រើន​ទៀត បាន​នាំ​យក​ទឹកបរិសុទ្ធ និង​ទឹក​ស្អា​តទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នានា​រដូវប្រាំង​នេះ ។

ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​បរិវេណ​វត្ត​ព្រែក​ទប់ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច កាលពី​ពេល​ថ្មី​ៗ នេះ ។ ជួសមុខ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រែក​ក្រឹស​ទាំងមូល លោក​អភិ​បាល​រង​ស្រុក​កំពង់ត្រាច បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន និង​ប្រតិភូ​អមដំណើរ ដែល​ជា​និច្ចកាល​តែង​ចុះ​ជាប់ និង​យក​ចិត្ត​ទុក​ដាក់​ដល់​សុខទុក្ខ ព្រមទាំង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​កំពុង​ទទួល​រង​គ្រោះ​ធម្មជាតិ​នានា ដូច​ជា​គ្រោះ​រាំង​ស្ងួត និង​គ្រោះ​ទឹកជំនន់​ជាដើម​។ មាន​ប្រសាសន៍​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន បាន​មាន​ប្រសាសន៍​ថា ទោះបី​ការ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃនេះ មិន​គ្រប់​តាម​តម្រូវការ​ក៏​ពិតមែន  តែ​វា​អាច​ជួយ​ដោះស្រាយ​ការ​ប្រើប្រាស់ និង​បរិភោគ​របស់​បងប្អូន​បាន​មួយ​គ្រា​ៗ​ផង​ដែរ ។

លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​តែ​ទាំ​សុខភាព ព្រោះ​រដូវ​នេះ​ជា​រដូវក្តៅ ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ទើប​អាច​ជៀស​ផុត​ពី​ជំងឺឆ្លង​ផ្សេង​ៗ​បាន ។ លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន បាន​ជម្រុញ​ដល់​អាជ្ញាធរ​ដែនដី និង​ក្រុមការងារ​ចុះ ជួយ​ស្រុក​កំពង់ត្រាច ត្រូវ​ចុះ​ជាប់​ជាមួយ​ប្រជា​ពលរដ្ឋ​ដោះស្រាយ​រាល់​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក ដោយ​អនុវត្ត​ឱ្យ​បាន​នូវ​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺ​មិន​ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ខ្វះ​ទឹក​ប្រើប្រាស់​ឡើយ ។ លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន បាន​ចែក​ជូន​ទឹកបរិសុទ្ធ​ដល់​ប្រជាពលរដ្ឋ​ទាំង​៥៥៧​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ទឹកបរិសុទ្ធ​២​ធុង ស្មើនឹង​៤០​លី​ត្រ និង​ទឹក​ស្អាត​តាម​តម្រូវការ​ជាក់ស្តែង ៕