ងោក​មួយភាំង របួសធ្ងន់​ស្រាល​៧​នាក់

រាជធានី​ភ្នំពេញ ៖ អ្នក​បើករថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​ម្នាក់​កៀប​ជាប់​ក្នុង​រថយន្ត​បាក់ជើង និង​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសធ្ងន់ ព្រមទាំង​៥​នាក់​ទៀត​រង​របួសស្រាល ក្នុង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ងងុយដេក​ងោក​រួច​ក៏​រេ​ចង្កូត​ទៅ​បុក​ជាប់​បង្កាន់ដៃស្ពាន​កៀប​ជាប់​រថយន្ត​ទៅ​មុខ​លែង​រួច ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ស្ពាន​ទី​១ ក្បែរ​វត្ត​ព្រែក​លៀប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ជា​រថយន្តក្រុង​របស់​ក្រុមហ៊ុន ថោ​ង ស៊ី​ន ដឹក​អ្នកដំណើរ ពី​ខេត្តព្រះវិហារ​មក​ភ្នំពេញ មាន​ដឹក​មនុស្ស​សរុប​ទាំងអស់​១៤​នាក់ ដោយ​ចេញដំណើរ​ពី​ខេត្តព្រះវិហារ​តាំងពី​ម៉ោង​៦​ល្ងាច​រហូត​មក លុះដល់​ចំណុច​ស្ពានថ្ម​ទី​១ ស្រាប់តែ​អ្នកបើកបរ​ងងុយដេក​ងោក​មួយភាំង​បណ្ដាល​រេ​ចង្កូត​ទៅ​បុក​ជាប់​បង្កាន់ដៃ​ស្ពានថ្ម​ធ្វើ​ឲ្យ​រថយន្ត​កៀប​ជាប់​បង្កាន់ដៃស្ពាន ធ្លាក់​អ្នកដំណើរ​ជា​ស្ត្រី​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​មុខ​រង​របួសធ្ងន់ និង​៥​នាក់​ទៀត​រង​របួសស្រាល ចំណែក​អ្នក​បើករថយន្ត​កៀប​ជាប់​ក្នុង​រថយន្ត​បាក់ជើង​គាស់​តាំងពី​យប់​រហូត​ដល់​ម៉ោង​៧​ព្រឹក​ទើប​អាច​គាស់​យក​ចេញ​បាន ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​មិន​បាន​ក្រឡាប់​ឬ​ធ្លាក់​ចូល​ប្រឡាយ​ទេ គឺ​រេ​ចង្កូត​ទៅ​បុក​ជាប់​នឹង​បង្កាន់ដៃស្ពាន​ធ្វើ​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ និង​ដាច់​កង់​ជ្រុះ​កញ្ចក់ ចំណែក​បង្កាន់ដៃស្ពាន​បាក់​អស់​មួយ​ប្រលោះ ។

ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួសធ្ងន់​២​នាក់​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ចំណែក​អ្នក​រង​របួសស្រាល​៥​នាក់​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ។ ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕