រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

សា​ម៉​ន​៖ ប្រពន្ធ​ស្អី​! មិន​ចេះ​គិតគូ​ប្តី​សោះ​! ស្មានថា​ខ្ញុំ​នឹង​ចង់​ដេក​ស្រ​ម៉ុ​ក​ហ្អី​! តែ​មិនដឹង​ថា​ធ្វើ​យ៉ាងម៉េច​! បើ​កំណើតកើតជា​វា​អីចឹង​ទៅ​ហើយ​!

ផៃ​ទាញ​ភួយ​មក​គ្រប​មុខ​ជិត ស្រែក​ពី​ក្នុង​ភួយ
ផៃ​៖ បើ​ខ្ញុំ​ដឹង​ថា​ឯង​ដេក​ស្រ​ម៉ុ​ក​អាក្រក់​យ៉ាងនេះ​! ខ្ញុំ​មិន​រៀប​ការ​ជាមួយនឹង​ឯង​ទេ​! ខកខ្លួន​អស់ហើយ​!
នៅ​ក្នុង​បន្ទប់​ម៉ា​ប់ ។ ម៉ា​ប់​កំពុង​ដេក​លក់​នៅ​លើ​គ្រែ​ស្រ​ម៉ុ​ក ឃើញ​ដៃ​ខ្មោច​សុទ្ធតែ​រោម ក្រចក​វែង លូក​តាម​បង្អួច​មក លូត​វែង​ទៅ​ៗ មក​ច្របាច់ករ​ម៉ា​ប់​។ ម៉ា​ប់​ស្រែក​ផង​រើ​ផង ម៉ា​ប់​ស្រែក​ឮ​តែ​ង៉ុ​ល​ៗ ម៉ា​ប់រើ​ត្រលប់​ត្រលិន​ពេញ​គ្រែ​។ ឃើញ​ម៉ា​ប់យក​ដៃ​ទាំង​ពីរ​ច្របាច់ក​ខ្លួនឯង រើ​ផង​ស្រែក​ផង​ទាល់តែ​ភ្ញាក់​ដឹងខ្លួន ស្ទុះ​ងើប​អង្គុយ ងាក​មើល​ឆ្វេង​ស្តាំ មុខ​ភ័យ
ម៉ា​ប់​៖ យើង​យលសប្តិ​សោះ​! ភ័យ​ចង់​អស់​ព្រលឹង​ទៅ​ហើយ​!

ឮ​សូរ​សម្លេង​ស្រី​យំ​នៅផ្ទះ​បាយ ម៉ា​ប់​ភ្នែក​ធំ​ៗ ធ្វើ​ភ្នែក​លេ​ម​លើ​ម ងាក់​មើល​ឆ្វេង​ស្តាំ
​ម៉ា​ប់​៖ ដូច​ជា​មិនមែន​យលសប្តិ​ទេ​! ខ្មោចលង​យើង​មែនទែន​ទេ​ដឹង​!

សម្លេង​ស្រី​យំ​ម្តង​ឮ ម្តង​បាត់ ពី​ក្នុង​ផ្ទះបាយ​។ ម៉ា​ប់​ស្ទុះ​ចុះ​ពីលើ​គ្រែ លប​ៗ ឃើញ​កែវ​ពីក្រោយ​ខ្នង កំពុង​អង្គុយ​យំ​តិច​ៗ​។ ម៉ា​ប់​ឃើញ​កែវ​ពីក្រោយ​ខ្នង​មើល​មិន​ច្បាស់​។ ម៉ា​ប់​ដើរ​ចេញពី​ក្នុង​បន្ទប់​ទៅ​បង្ហើប​ទ្វា​ក្រោយ វាង​លប​ៗ វាង​តាម​ផ្លូវ​ក្រោយ​ទៅ​រក​កែវ ដែល​អង្គុយ ឃើញ​តែ​ពីក្រោយ​។ ម៉ា​ប់​ស្រវា​បាន​ឈើ​ដុំ​ក្បែរ​មាត់ទ្វា​កាន់​ជាប់​នឹង​ដៃ រួច​ឈាន​លប​ៗ ចូល​ទៅ​រក​កែវ គិត​ក្នុង​ចិត្ត
ម៉ា​ប់​៖ (​ខ្មោច​ឬ​មនុស្ស​ទាល់តែ​សាកមើល​មួយ​ដំបង​សិន​ទើប​ដឹង​!)

ម៉ា​ប់លប​ៗ​មក​ដល់​ក្រោយខ្នង​កែវ លើក​ដំបង​បំរុង​សំពង​ក្បាល​កែវ កែវ​ងាក់​មុខ​មក​កែវ​លាបម្សៅ​ស​ពេញ​មុខ ។ ម៉ា​ប់​ឃើញ​មុខ​កែវ​ស​ស្កូ​ស សុទ្ធតែ​ម្សៅ នៅ​សល់​តែ​ប្រឡង់​ភ្នែក ម៉ា​ប់​ស្រែក ទម្លាក់​ដំបង​ចុះ​រត់ ។ កែវ​ស្ទុះ​ងើបឈរ​ងាក់​មើល​ឆ្វេង​ស្តាំ​របៀប​ខ្លាច រួច​ស្រែក​ស្ទុះ​រត់​តាម​ក្រោម​ម៉ា​ប់​ដែរ​។ មក​ដល់​មាត់ទ្វា​ផ្ទះ កែវ​រត់​តាម​ទាន់​ម៉ា​ប់ ចាប់​ទាញ​ចង្កេះ​ខោ​ម៉ា​ប់​ជាប់
កែវ​៖ បង​ម៉ា​ប់​ៗ ! គឺ​ខ្ញុំ​ទេ !

ម៉ា​ប់​ងាក​មើល​មុខ​កែវ ឃើញច្បាស់ ឈប់​រត់ រឹត​ដើមទ្រូង ផ្លូវ​ខ្យល់​តាម​មាត់
ម៉ា​ប់​៖ ហើយ ! នាង​កែវ ! លួស​ព្រលឹង​បង​អស់ហើយ ! ចុះ​ឯង​មក​សំកុក​ទួញ​យំ​អី​ក្នុង​ចង្ក្រាន​បាយ​ឯ​ហ្នេះ​ទៅ​វិញ ! កណ្តាល​យប់​កណ្តាល​អា​ធ្រា​ត្យ​មិន​ព្រម​ដេក​ពួក ធ្វើ​ឲ្យ​បង​ភ័យ​បេះ​សក់​ទៅ​ហើយ !

កែវ​ជូន​ទឹកភ្នែក​បណ្តើរ
កែវ​៖ គឺ​ខ្ញុំ​ចង់​ស្រែកយំ​ឲ្យ​អស់ចិត្ត​ហ្នឹង​ណា​! ខ្ញុំ​ពិបាកចិត្ត ! ខ្ញុំ​តូចចិត្ត ! ខ្ញុំ​ខកចិត្ត ! ហេតុ​អី​ក៏​ខ្ញុំ​កើតមក​សម្រាប់​តែ​ចាញ់​អូន​ម្លិះ​គ្រប់យ៉ាង​អីុចឹ​ង !

ម៉ា​ប់​ធ្វើ​ភ្នែក​ស្លឺ
ម៉ា​ប់​៖ នែ ! ឯង​និយាយ​យ៉ាងម៉េច​ហ្នឹង​! ឯង​និង​អូន​ម្លិះ​ឈ្លោះ​គ្នា​ហ្អី !
កែវ​៖ ខ្ញុំ​មិន​បាន​ឈ្លោះ​នៅ​ខាងក្រៅ​ទេ ! ខ្ញុំ​ឈ្លោះ​គ្នា​ក្នុង​អារម្មណ៍ !

ម៉ា​ប់​ធ្វើ​ភ្នែក​ស្លឺ
ម៉ា​ប់​៖ ស្អី​នឹង ! មាន​ឈ្លោះ​គ្នា​អីចឹង​ដែរ​ហ្អី​! កែវ !
កែម នឿ​ន​ជិះ​កង់​មួយ​ឌុ​ប​គ្នា​មក​ឈប់​មុខ​ផ្ទះ​វ៉ា​ន់ រួច​អើត​មើល
នឿ​ន​៖ ចុះ​អាវ៉ា​ន់ វា​ទៅ​ណា​បាត់​ហើយ ? ដូច​ជា​ស្ងាត់​ផ្ទះ ? ក្រែង​ថ្ងៃនេះ ណាត់គ្នា​មក​​សម​ភ្លេង​ហ្អី ? 

កែម​ចុះ​ពីលើ​កង់ អើត​មើលទៅ​ទីធ្លា​ផ្ទះ
កែម​៖ ទ្វារ​អត់​ចាក់សោរ​ទេ ប្រហែល​វា​សម្ងំ​ក្នុងផ្ទះ​ហើយ ! ថ្ងៃត្រង់​ទៅ​ហើយ​វា​នៅ​​បិទទ្វារ​សម្ងំ​ធ្វើ​អី​ទៀត ? 

កែម នឿ​ន ដើរ​ចូល​ទៅ​រុញ​ទ្វារ ។
នៅ​ក្នុង​បន្ទប់​វ៉ា​ន់​។ នៅ​លើ​គ្រែ វ៉ា​ន់​ដេក​ដណ្តប់ភួយ​ជិត​ក្បាល ជើង​ត្រង់​ភ្លឹង ។ នឿ​ន និង​កែម​ចូល​មក​ដល់​នាំ​គ្នា​បើកភ្នែក​ធំ​ៗ ងាក​មើល​មុខ​គ្នា​ស្រឡាំងកាំង ។
កែម​៖ ណែ អា​នឿ​ន ! ថ្មើរ​នេះ​ទៅ​ហើយ ម៉េច​ក៏​អាវ៉ា​ន់​វា​នៅ​ដេក​ត្រង់​ស្តូក​អ​ញ្ចឹ​ង ? តិច​វា​... វា​គិត​ខ្លី​ទេ​ដឹង ?

នឿ​ន​និង​កែម​ខិត​ទៅ​ជិត​ខ្លួន​វ៉ា​ន់ ឃើញ​វ៉ា​ន់​ដេក​បិទ​ភ្នែក​ជិត ដាក់​ដៃ​ផ្គុំ​លើ​ទ្រូង​ដូច​សាកសព​។ នឿ​ន​និង​កែម​បើកភ្នែក​ធំ​ៗ ចាប់​អង្រួន​វ៉ា​ន់​ទឹកមុខ​តក់ស្លុត
នឿ​ន​៖ អាវ៉ា​ន់​ៗ ! ម៉េច​ក៏​ឯង​គិត​ខ្លី​យ៉ាងហ្នឹង ? ឯង​ឆ្កួត​ទេ​ហ្អី ? គ្រាន់តែ​ខូចចិត្ត​រឿង​    ​ស្នេហា​ប៉ុណ្ណឹង ដល់​ថ្នាក់​លេបថ្នាំ​សម្លាប់​ខ្លួន ! ឯង​ពិតជា​ឆ្កួត​មែន​ៗ !

កែម​ចាប់​អោប​វ៉ា​ន់ ទ្រោប​ក្បាល​ទៅ​លើ​ថ្ងាស​វ៉ា​ន់​យំ
កែម​៖ ម៉េច​ក៏​ឯង​ដាច់​ចិត្ត​ទៅ​ចោល​ពួក​យើង​បែប​នេះ ? អាវ៉ា​ន់​អើយ​អាវ៉ា​ន់ ! បាន​អ្នក​ណា​ជួយ​លេងភ្លេង​! បាន​អ្នក​ណា​ឈ្លោះ​ជាមួយ​ពួក​អញ​ទៀត ? ឯង​កុំទៅ​ចោល​អញ​ទាំង​បែប​នេះ​អី​! ឯង​ត្រូវ​តែ​មក​វិញ​! ងើបឡើង​ៗ! ងើប​មក​ជួយ​លេងភ្លេង​អញ ! ជិត​ដល់​ថ្ងៃ​បុណ្យ​ដា​លៀន​ហើយ​វើ​យ ! គេ​ត្រៀម​សប្បាយ​ពេញ​ភូមិ ហើយ​ម៉េច​ក៏​ឯង​មក​ស្លាប់​អី​ងាយ​ៗ​យ៉ាងនេះ ?

កែម​និង​នឿ​ន យំ​ផង អង្រួន​ខ្លួន​វ៉ា​ន់​ផង​។ វ៉ា​ន់​បើកភ្នែក​ក្រឡង់​ភ្ញាក់​ដឹងខ្លួន ។ កែម​និង​នឿ​ន ឃើញ​វ៉ា​ន់​បើកភ្នែក នាំ​គ្នា​ស្រែក​ភ្ញាក់​ស្ទុះ​រត់ ជល់​ជញ្ជាំង​ដួល​ព​ព្រីស​ពព្រូស

(​នៅ​មាន​ត​)