ព័ត៌មាន​ចុង​ក្រោយ ពី​ព្រះសង្ឃ​កាន់​ក្បាល​មីក្រូ​ច្រៀង

ខេត្តកំពង់ស្ពឺ ៖ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​ចែកចាយ​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ពី​សកម្មភាព​របស់​ព្រះសង្ឃ ឌូ វណ្ណ​ឌឿ​ន ឡើង​ច្រៀង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​មួយ ដែល​ការ​ប្រគំ​តន្ត្រី​នោះ ត្រូវ​បាន​គេ​អះអាង​ថា ធ្វើ​ឡើង​នៅ​ក្នុង​វត្ត​ដែល​ព្រះ​អង្គ​គ​ង្គ​នៅ ។ ការ​ប្រគំ​តន្ត្រី​នោះ​ផង​ដែរ​ត្រូវ​គេ​បញ្ជាក់​ថា ធ្វើ​ឡើង​ពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ដែល​ទើប​កន្លង​ទៅ​ថ្មី​ៗ ។ យោង​តាម​វី​ដេ​អូ​ឃ្លី​ប​ដែល​ត្រូវ​បាន​បង្ហោះ ព្រះសង្ឃ ឌូ វណ្ណ​ឌឿ​ន បាន​ច្រៀង​ចម្រៀង​មួយ​ចំនួន​ដូច​ជា ពង្សាវតា​ខ្មែរ​, ស្រអែម​ផល្លា និង​មើល​ផ្កា​ក្នុង​សួន ។

បន្ទាប់​ពី​ព្រះ​តេជគុណ ឌូ វណ្ណ​ឌឿ​ន ឣ​តី​ត​មេគណ​ខេត្ត មានរឿង​ឣា​ស្រូវ​កាន់​ក្បាល​មីក្រូ​ច្រៀង​លើ​ឆាក​តន្ត្រី​ថ្ងៃ​ចូល​ឆ្នាំ​នា​ពេល​កន្លង​មក​នោះ ពេល​នេះ​ត្រូវ​បាន​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​សម្រេច​ដកហូត​តួនាទី​ជា​មេគណ​ហើយ ដោយ​ដាក់​ព្រះ​បាឡាត់​គណ​ជំនួស​វិញ ។

លោក សរ សុ​ពុ​ត្រា ឣ​ភិ​បាល​រង​ខេត្ត​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ថា កាលពី​ព្រឹក​ថ្ងៃ​៧​កើត ខែ​ពិសាខ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​វត្ត​ដំណាក់​ត្រាច ក្នុង​ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ប្រារព្ធ​ធ្វើ​ពិធីសែនក្រុងពាលី និង​ស្រោច​ព្រះ​សុគន្ធវារី​ថ្វាយ​ព្រះ​មេគណ​ខេត្ត​ស្តីទី កែវ ច​ន្ថា នៅ​វត្ត​កំណើត​របស់​លោក ដើម្បី​ប្រាប់​ដល់​បារមី​វត្ត និង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​ដល់​ព្រះ​អង្គ​ផង និង​ដល់​ពុទ្ធបរិស័ទ​ទាំងឡាយ​ផង ។

លោក​ឣ​ភិ​បាល​រង​ខេត្ត​បន្ត​ថា ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ពុទ្ធបរិស័ទ និង​ព្រះ​គ្រូ​ចៅអធិការ​គ្រប់​វត្ត​ក្នុងស្រុក ហើយ​មានការ​ចូលរួម​ពី​ព្រះ​អនុគណ​គ្រប់​ស្រុក​ទូ​ទាំង​ខេត្ត និង​អាជ្ញាធរ​ខេត្ត ស្រុក ឃុំ​ផង​ដែរ ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​មេគណ​ព្រះ​តេជគុណ ឌូ វណ្ណ​ឌឿ​ន ត្រូវ​បាន​ដក​តំណែង ព្រះ​បាឡាត់​គណ កែវ ច​ន្ថា ក៏​បាន​ឡើង​តំណែង​ជា​ស្តីទី​ជំនួស ហើយ​ក៏​នឹង​ត្រៀម​ក្លាយជា​មេគណ​ខេត្ត​ពេញ​សិទ្ធិ​ផង​ដែរ ។

តាម​ច្បាប់​នៅ​ពេល​ដែល​ឣ​វត្តមាន​មេគណ​ខេត្ត គឺ​ព្រះ​បាឡាត់​ត្រូវ​ឡើងជា​មេគណ​ដោយ​ស្វ័យប្រវត្តិ ។ ការ​ឡើងជា​មេគណ​នេះ គឺ​បន្ទាប់​ពី​ព្រះ​ឣ​ង្គ ឌូ វណ្ណ​ឌឿ​ន បាន​យក​ត្រា​មេគណ​ទៅ​ប្រគេន​ដល់​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​កាលពី​ថ្ងៃ​ទី​២ ខែឧសភា កន្លង​ទៅ ៕