ទម្លាក់​ឆត្រយោង ចាញ់បោក​គេ​ទាំង​ព្រឹក

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​ក្រុម​ទម្លាក់​សំណរ​ឆបោក​ដែល​គេ​ហៅ​ថា ទម្លាក់​ឆត្រ យក​អស់ទ្រព្យ​សម្បត្តិ​ទាំង​ព្រឹក​ក្រោយ​ចេញពី​ផ្សារ​ទិញ​ម្ហូប​នៅ​មុខ​ផ្សារ​រ៉ា​ថ្មី ស្ថិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​ជិត​១០ ថ្ងៃ​ទី​១៥ ឧសភា ២០១៦ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​គឺ​ន ណុ​ន អាយុ​34​ឆ្នាំ ជា​កម្មករ​អូស​រទេះ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត​។ ស្ត្រី​រង​គ្រោះ​ប្រាប់​ថា ដំបូង​គាត់​ទៅ​រក​ទិញ​ម្ហូប​នៅ​ផ្សារ​ខាងលើ លុះ​ចេញ​មក​ដល់​មុខ​ផ្សារ​វិញ ស្រាប់តែ​មាន​បុរស​ចំណាស់​ម្នាក់​និយាយ​សួរ​នាង​ថា ឃើញ​កាបូប​ប្រាក់​គាត់​ទេ គាត់​បាត់​កាបូប​ប្រាក់​ហើយ ។ ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា ភ្លាម​នោះ ស្រាប់តែ​មាន​ស្ត្រី​២​នាក់​ផ្សេង​ទៀត ម្នាក់​ក្មេង ម្នាក់​ចាស់ ធ្វើ​ជា​រើស​បាន​កាបូប​ប្រាក់​ពណ៌​ក្រហម ហើយ​និយាយ​ជាមួយ​នាង​ថា កុំ​មាត់​ចាំ​គេ​ចែក​ឲ្យ​ខ្លះ បន្ទាប់​មក​ក៏​នាំ​គ្នា​ចេញពី​ចំណុច​កើតហេតុ​ទៅ​រក​កន្លែង​បើក​មើល​។

ស្ត្រី​ខាងលើ​បន្ត​ថា ដំបូង​បើក​ថង់​ក្រណាត់​ពណ៌​ក្រហម​នោះ​ឃើញ​មាន​សុទ្ធតែ​មាស​ក្រហមច្រាល​ប្រហែល​៥​ដំឡឹង ហើយ​ស្ត្រី​សង្ស័យ​២​នាក់​នោះ​និយាយ​ថា ទៅ​រក​កន្លែង​ចែក​គ្នា ដោយ​គេ​ដឹក​នាង​ជាមួយ​ស្ត្រី​ម្នាក់​តាម​ម៉ូតូ​១​គ្រឿង ឯ​ស្ត្រី​សង្ស័យ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​១​គ្រឿង ។ លុះ​ទៅ​ដល់​ចំណុច​កាស៊ីណូ​ផ្កាយ​៥ ក្នុងភូមិ​ក្បាលស្ពាន 01 ស្ត្រី​រង​គ្រោះ​សង្ស័យ​ត្រូវ​ថ្នាំ​គេ​ៗ​ដោះ​យក​អស់​ខ្សែ​.​ក​មាស​ទម្ងន់​៤​ជី និង​យក​ប្រាក់​ជាង​១០​ម៉ឺន​រៀល និង​ប្រាក់​ថៃ​ជាង​១​ម៉ឺន​បាត រួច​គេ​ឲ្យ​ថង់​ក្រហម​១​មក​នាង រួច​ក្រុម​ជនសង្ស័យ​គេចខ្លួន​បាត់​អស់ ក្រោយមក​ស្ត្រី​រង​គ្រោះ​មានការ​សង្ស័យ​ក៏​បើក​មើល ស្រាប់តែ​ឃើញ​សុទ្ធតែ​ជា​សំណរ​ទៅ​វិញ​។

លោក​អ៊ឹម សុ​ភារៈ មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ ខាង​លោក​កំពុង​សាកសួរ​ជន​រង​គ្រោះ ដើម្បី​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​៕