បើក​រថយន្ត​ទៅ​បុក​អ្នក​ជិះ​កង់​ទាំង​កម្រាល​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​អ្នក​ជិះ​កង់​រង​របួស​ធ្ងន់

បើក​រថយន្ត​ទៅ​បុក​អ្នក​ជិះ​កង់​ទាំង​កម្រាល​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​អ្នក​ជិះ​កង់​រង​របួស​ធ្ងន់



បន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​កង់​តាម​ផ្លូវ​ជាតិ​ត្រូវ​រថយន្ត​បើក​ទៅ​បុក​ពេញទំហឹង​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​អ្នក​ជិះ​កង់​រង​របួស​ធ្ងន់​នៅ​កន្លែង​កើតហេតុ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​159C ត្រង់​ចំណុច ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី​រស់​សំបូរ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ​ផាត សេរី ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ រស់ នៅ​ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

លោក​រស់​សំបូរ​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ​នោះ​មាន​រថយន្ត​ដឹកទំនិញ​ធុន​តូច​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​កណ្តាល 2A-3732 មួយ​គ្រឿង បើក​ដោយ​ឈ្មោះ លន់ ម៉េង ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ ​នៅ​រស់​ក្នុង​ភូមិ​ស្បែង ឃុំ​ស្បែង ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់ធំ ដោយ​ល្បឿន​លឿន​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​នោះ​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​នឹង​អ្នក​ជិះ​កង់​ពេញទំហឹង​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​អ្នក​ជិះ​កង់​រង​របួស​ធ្ងន់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​បាត់ដំបង​ចំណែក​រថយន្ត​ខូច​ធ្ងន់ និង កង់​ក៏​ខូច​ធ្ងន់​ដែរ​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕