អាថ៌កំបាំង ៦ យ៉ាង​ដែល​អ្នក​មិនទាន់​ដឹង​ពី​ស្បែកជើងផ្ទាត់​

6 Videos


នៅរដូវក្តៅដោយសារអាកាសធាតុក្តៅស្អុះស្អាប់ខ្លាំងស្បែកជើងផ្ទាត់ត្រូវបានក្លាយជាសម្ភារៈប្រើប្រាស់ដ៏ពេញនិយម ជាពិសេសរាល់ពេលមានដំណើរកម្សាន្តទៅតំបន់សមុទ្រភ្ញៀវទេសចរភាគច្រើនចូលចិត្តពាក់ស្បែកជើងផ្ទាត់ដើរលេងកម្សាន្តតាមឆ្នេរសមុទ្រ ។ រូបរាងស្បែកជើងផ្ទាត់មិនជាខុសគ្នាប៉ុន្មានទេវាច្រើនតែមានផ្ទៃរាបស្មើ និង រាងអក្សរ «Y» ដែលខ្សែរបស់វាភ្ជាប់ទៅនឹងបាតស្បែកជើងហើយជាទូទៅវាធ្វើពីកៅស៊ូ ។ ក្រៅពីរូបរាងសាមញ្ញនិងងាយស្រួលពាក់ស្បែកជើងផ្ទាត់នៅមានអាថ៌កំបាំង៦យ៉ាងដែលអ្នកមិនទាន់ដឹង ។

១ – ស្បែកជើងផ្ទាត់បានបង្ហាញវត្តមានតាំងពី ៦.០០០ ឆ្នាំមកម្ល៉េះ ហើយបើយោងតាមចម្លាក់បុរាណដែលមានអាយុរាប់ពាន់ឆ្នាំបានបង្ហាញថា ប្រជាជន សម័យបុរាណបានយល់ ដឹងពីរបៀបច្នៃស្បែកជើងនេះទៅហើយ ។ ជនជាតិ អេហ្ស៊ីបបានសាកល្បងច្នៃស្បែកជើងផ្ទាត់ពីដើមក្រចៅ ( Papyrus ) និងស្លឹកដូង ។ ជន ជាតិឥណ្ឌាជ្រើសរើសឈើមកធ្វើជាបាតស្បែកជើង រីឯជនជាតិចិននិងជប៉ុនបែរជាប្រើស្បូវច្នៃជាស្បែកជើងទៅវិញ ។ ចំណែកឯនៅប្រទេសអាហ្វ្រិកមិនសូវសម្បូរសម្ភារៈទាំងអស់នោះទេដូចនេះប្រជាជនចូលចិត្តយកស្បែកសត្វមកច្នៃធ្វើស្បែកជើង ។

អាថ៌កំបាំង ៦ យ៉ាង​ដែល​អ្នក​មិនទាន់​ដឹង​ពី​ស្បែកជើងផ្ទាត់​

២ – ពាក្យ «Zori» ជាភាសាជប៉ុនមានន័យថាស្បែកជើងផ្ទាត់ហើយស្បែកជើងប្រភេទនេះត្រូវបានពាក់គូគ្នាជាមួយសម្លៀកបំពាក់ប្រពៃណី។ ក្រោយពីបញ្ចប់សង្គ្រាមលោកលើកទី២កងទ័ពអាមេរិកសុទ្ធតែវិលត្រឡប់ មកមាតុភូមិវិញដោយនាំយកស្បែកជើងផ្ទាត់ «Zori» ទៅដែរ ។ ហេតុនេះនៅឆ្នាំ ១៩៦០ ស្បែកជើងផ្ទាត់ក៏បានក្លាយជាសម្ភារៈពេញនិយមនៅរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក ហើយមកដល់ពេលបច្ចុប្បន្ននេះ ទោះជាគេមិននិយមពាក់វាទៅធ្វើការ តែបើទៅកម្សាន្តតាមឆ្នេរសមុទ្រម្នាក់ៗប្រាកដជាជ្រើសរើសស្បែក ជើងផ្ទាត់មិនខាន ។

អាថ៌កំបាំង ៦ យ៉ាង​ដែល​អ្នក​មិនទាន់​ដឹង​ពី​ស្បែកជើងផ្ទាត់​

៣ – សម្រាប់ពាក្យ «Thong» វិញប្រហែលជាអ្នកខ្លះយល់ច្រឡំថាជា«ឈុតក្នុង»តែតាមពិតវាជាពាក្យមានប្រភពចេញពីប្រទេសអូស្ត្រាលីដែលមានន័យថាស្បែកជើងផ្ទាត់ ។ ប៉ុន្តែនៅប្រទេសនូវ៉ែលហ្សេឡង់ស្បែក ជើងផ្ទាត់ដែលលេងម៉ូដស្រស់ស្អាតពិសេសសម្រាប់បំពេញតម្រូវការយុវវ័យត្រូវបានហៅថា «Jandals»។

អាថ៌កំបាំង ៦ យ៉ាង​ដែល​អ្នក​មិនទាន់​ដឹង​ពី​ស្បែកជើងផ្ទាត់​

៤ – ក្រុមហ៊ុនហាវៀណាស (Havianas) ជាក្រុមហ៊ុនដែលចែកចាយ ស្បែកជើងផ្ទាត់ ក្នុងចំណោមក្រុមហ៊ុនល្បីៗលើសកលលោក ។ ក្រុមហ៊ុន នេះបានផលិតស្បែកជើងផ្ទាត់ តាំងពីឆ្នាំ ១៩៦២ រហូតមកដល់បច្ចុប្បន្ន ហើយលក់អស់យ៉ាងហោចណាស់ ១៥០ លានគូក្នុងមួយឆ្នាំៗ ។

៥ – ស្បែកជើងផ្ទាត់មើលទៅមានរូបរាងសាមញ្ញតែដោយសារគំនិតច្នៃប្រឌិតនិងរចនាដោយអង្កាំនិងត្បូងបានធ្វើឱ្យស្បែកជើងផ្ទាត់ដែលមានលក្ខណៈសាមញ្ញប្រែក្លាយជាស្អាតរហូតធ្វើឱ្យកូនក្រមុំជាច្រើនជ្រើស រើសពាក់ស្បែកជើងផ្ទាត់ក្នុងពិធីមង្គលការ របស់ខ្លួន ។

អាថ៌កំបាំង ៦ យ៉ាង​ដែល​អ្នក​មិនទាន់​ដឹង​ពី​ស្បែកជើងផ្ទាត់​

៦ – ទោះជាស្បែកជើងផ្ទាត់ពិតជាផ្តល់លក្ខណៈងាយស្រួយដល់អ្នកប្រើប្រាស់ តែពេលខ្លះវាក៏ងាយបង្កឱ្យអ្នកពាក់រងរបួសដែរ ។ ការពាក់ស្បែកជើងផ្ទាត់នៅកន្លែងសើមឬលើឥដ្ឋរលោងខ្លាំងអាចធ្វើអ្នកពាក់ងាយ រអិលបណ្តាលឱ្យរបួសគ្រេចថ្លោះឬអាចបាក់ឆ្អឹង ។ លើសពីនេះស្បែកជើងផ្ទាត់មិនអាចទ្រទម្ងន់ជើងរបស់យើងបានទាំងស្រុងនោះទេ ដូច្នេះសូមកុំពាក់ស្បែកជើងផ្ទាត់រយៈពេលយូរប្រសិនបើអ្នកមិនចង់ឱ្យជើងអ្នកមានបញ្ហា ៕ ថាវរិទ្ធ