ជួយ​វិភាគ​គ្នា ! ប៉ូលិស​អន់ ឬ​ចោរ​ពូកែ

ខេត្តរតនគិរី ៖ ចោរលួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​កូន​មុំ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​៤ ឃុំ​ត្រ​ពាំ​ច្រេស ស្រុក​កូន​មុំ រួច​ឃាត់ខ្លួន​នាំ​មក​អធិការដ្ឋាន​ស្រុក​កូន​មុំ ។

នគរបាល​ស្រុក​កូន​មុំ​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ម៉ុ​ន ប្រុស ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​ឡា​អិន ឃុំ​តឺ​ន ស្រុក​កូន​មុំ ហើយ​ជនសង្ស័យ​នេះ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ល្អិន​ចំការ ឃុំ​តឺ​ន ស្រុក​កូន​មុំ រួច​ឃាត់ខ្លួន​នាំ​មក​អធិការដ្ឋាន​ស្រុក​កូន​មុំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តរតនគិរី ។

នៅ​ថ្ងៃ​ទី​១៣​ឧសភា ជិត​ដល់​ម៉ោង​បញ្ជូន​ខ្លួន​​ទៅ​​សាលាដំបូង ស្រាប់តែ​ជនសង្ស័យ​ខាងលើ​កាច់​ចម្រឹង​​ប​ង្អូ​ចរត់​គេចខ្លួន​បាត់​​ភ្លាម​ៗ​តែ​ម្តងទាំង​ជើង​ជាប់ច្រវាក់ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៥ និង​៤២​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែឧសភា ពី​លោក​ភោគ បូ​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កូន​មុំ ។

លោក​អធិការ​រូប​នោះ​ប្រាប់​បន្ត​ទៀត​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ​កម្លាំង​របស់​លោក​រហូត​ដល់​ពេល​នេះ​មិន​ទាន់​រក​ជនសង្ស័យ​នោះ​ឃើញ​ទេ ឥឡូវ​កំពុង​តែ​ដាក់​កម្លាំង​ប្រចាំការ​ឃ្លាំមើល​ហើយ ៕