៥ ព័ត៌មានដ៏​កក្រើក​របស់​តារា​ល្បីៗ​ផ្ទុះឡើង​ដើមឆ្នាំ ២០១៦

គ្រាន់តែបើកឆាកឆ្នាំថ្មី ២០១៦ ភ្លាម មានរឿងរ៉ាវជាច្រើនរបស់តារាសិល្បៈបានផ្ទុះឡើងគួរឱ្យកត់សម្គាល់ ។ បើគិតត្រឹមដើមខែមេសា ឆ្នាំ ២០១៦ នេះ មានរឿងរ៉ាវរបស់តារាល្បីៗជាច្រើនត្រូវបានទម្លាយ និង ល្បីតៗគ្នា ដែលធ្វើឱ្យរឿងទាំងនោះឆេះងំនៅក្នុងសង្គមសិល្បៈ និង មិនងាយរសាត់ចេញឆ្ងាយពីអារម្មណ៍ប្រិយមិត្តទស្សនិកជន ។

ព័ត៌មានទាំង ៥ របស់តារាប្រុសស្រីល្បីៗ ដែលផ្ទុះឡើងល្បីសុសសាយ និង ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ មានទាំងរឿងពិត និង រឿងចចាមអារ៉ាម ហើយក្នុងនោះក៏មានរឿងអកុសលខ្លះដែរ ដែលកើតមានឡើងចំពោះមិត្តសិល្បករ-ការិនីរបស់យើង ។ នៅពេលនេះ «ប្រជាប្រិយ» សូមរំឭកជូននូវព័ត៌មានដ៏ល្បីសុសសាយ និង កក្រើកពេញសង្គមសិល្បៈខ្មែរទាំងនោះ មានដូចជា ៖

១-ព័ត៌មាន មរណភាពរបស់តារាចម្រៀង វណ្ណ មករា
នេះជាព័ត៌មាននឹកស្មានមិនដល់ និង រន្ធត់មួយ ដែលបានកើតឡើងចំពោះតារាចម្រៀង វណ្ណ មករា ដោយលោកបានទទួលមរណភាពភ្លាមៗក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តមួយ នៅចំណុចផ្លូវជាតិលេខ ៤ ផ្លូវទៅខេត្តព្រះសីហនុ ។ ព័ត៌មាននេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និង មានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងក្រោយឮដំណឹងដ៏អកុសលមួយនេះ ។ គួរបញ្ជាក់ថា តារាចម្រៀង វណ្ណ មករា បានទទួលមរណភាពនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៦ នាវេលាម៉ោង ៤ ទៀបភ្លឺ លើកំណាត់ផ្លូវជាតិលេខ ៤ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ។

៥ ព័ត៌មានដ៏​កក្រើក​របស់​តារា​ល្បីៗ​ផ្ទុះឡើង​ដើមឆ្នាំ ២០១៦
៥ ព័ត៌មានដ៏​កក្រើក​របស់​តារា​ល្បីៗ​ផ្ទុះឡើង​ដើមឆ្នាំ ២០១៦

២-ព័ត៌មាន ជម្លោះពាក្យសម្តីរវាង ដេននី ក្វាន់ និង អាណិកជនខ្មែរនៅបារាំង
នេះក៏ជាព័ត៌មានដ៏កក្រើកមួយដែរ ព្រោះតែសិល្បការិនីដែលទើបមានឈ្មោះបោះសំឡេងម្នាក់ឈ្មោះ ដេននី ក្វាន់ ត្រូវបានអាណិកជនខ្មែររស់នៅប្រទេសបារាំងម្នាក់ឈ្មោះ Gary ben រិះគន់ថានាងលេងខ្លួនសិចស៊ីជ្រុល និង លាបថ្នាំសក់ពណ៌ភ្លាវ ដែលធ្វើឱ្យបាត់បង់នូវតម្លៃក្នុងនាមជានារីខ្មែរ ដោយពាក្យសម្តីអសុរោះកប់ៗមាត់ ។ ដែលព័ត៌មានមួយនេះគេចាត់ទុកជាឆាកប្រយុទ្ធពាក្យសម្តីដ៏ញាក់សាច់មួយរវាងតារាសិល្បៈសិចស៊ី ដេននី ក្វាន់ និង អាណិកជនរូបនោះ ព្រោះថាម្នាក់ៗសុទ្ធតែបង្ហោះសារវាយប្រហារគ្នាដោយពាក្យសម្តីអសុរោះជាច្រើន រហូតដល់មហាជនលាន់មាត់គ្រប់គ្នាថា នេះជាឆាកប្រយុទ្ធពាក្យសម្តីដ៏ញាក់សាច់បំផុត ក្នុងដើមឆ្នាំ ២០១៦ នេះ ។

៥ ព័ត៌មានដ៏​កក្រើក​របស់​តារា​ល្បីៗ​ផ្ទុះឡើង​ដើមឆ្នាំ ២០១៦
៥ ព័ត៌មានដ៏​កក្រើក​របស់​តារា​ល្បីៗ​ផ្ទុះឡើង​ដើមឆ្នាំ ២០១៦

៣-ផ្ទុះព័ត៌មាន ខេមរៈ ស្រីពៅ ឈឺធ្ងន់
ព័ត៌មានដ៏សែនកក្រើក និង ល្បីរហ័ស ដែលផ្ទុះឡើងថា តារាចម្រៀង ខេមរៈ ស្រីពៅ មានជំងឺមហារីកស្បែកកម្រិតធ្ងន់រហូតដេកដួលលើកន្ទេលងើបមិនរួច នោះក៏ជាប្រធានបទក្តៅងំក្នុងដើមឆ្នាំ ២០១៦ នេះដែរ ។ ព័ត៌មាននេះត្រូវបានបងប្រុសបង្កើត និង បងថ្លៃស្រីរបស់នាងអះអាងថាគ្រាន់តែជាព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ តែយ៉ាងណាលោក ខេមរៈ សិរីមន្តក៏ទទួលស្គាល់ដែរថា ប្អូនរបស់លោកគឺ ខេមរៈ ស្រីពៅ ពិតជាមានបញ្ហាសុខភាពបន្តិចបន្ទួចមែន តែមិនមែនជាប្រភេទជំងឺដែលលេចឮ និង ល្បីនោះទេ ។

៥ ព័ត៌មានដ៏​កក្រើក​របស់​តារា​ល្បីៗ​ផ្ទុះឡើង​ដើមឆ្នាំ ២០១៦
៥ ព័ត៌មានដ៏​កក្រើក​របស់​តារា​ល្បីៗ​ផ្ទុះឡើង​ដើមឆ្នាំ ២០១៦

៤-ព័ត៌មាន កូនភ្លោះប្រុសរបស់ ឈិន សុធារី ប្រឈមគ្រោះថ្នាក់ដល់ជីវិត
បើងាកមកព័ត៌មាននេះវិញ ក៏ចាត់ទុកជាព័ត៌មានដែលរំជួលចិត្ត និង រន្ធត់មួយដែរ នៅដើមឆ្នាំនេះ ។ ដំណឹងដែលថាកូនភ្លោះប្រុសក្នុងផ្ទៃរបស់សិល្បការិនី ឈិន សុធារី មានបញ្ហាប្រឈមគ្រោះថ្នាក់ដល់ជីវិត ដោយសារខ្សត់ទឹកភ្លោះខ្លាំងនេះ បានធ្វើឱ្យមហាជនកើតក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពកូនម្នាក់នេះ ។ ប៉ុន្តែរហូតមកដល់ពេលនេះ កូនភ្លោះទាំងពីរ ជាពិសេសកូនភ្លោះប្រុសដែលជួបបញ្ហាអកុសលនោះ បានសម្រាលរួចហើយ ហើយក៏មានសុខភាពល្អដែរ ក្រោយពីតាមដាន និង ពិនិត្យដ៏យកចិត្តទុកដាក់របស់គ្រូពេទ្យជំនាញ ។

៥ ព័ត៌មានដ៏​កក្រើក​របស់​តារា​ល្បីៗ​ផ្ទុះឡើង​ដើមឆ្នាំ ២០១៦
៥ ព័ត៌មានដ៏​កក្រើក​របស់​តារា​ល្បីៗ​ផ្ទុះឡើង​ដើមឆ្នាំ ២០១៦

៥-ព័ត៌មាន បទចម្រៀងរបស់ ពេជ្រ សោភា ត្រូវក្រសួងព័ត៌មានហាមមិនឱ្យចាក់ផ្សាយ
សម្រាប់ព័ត៌មាននេះក៏ល្បីសុសសាយណាស់ដែរ ព្រោះថាម្នាក់តែងតែនិយាយតៗគ្នាស្ទើរគ្រប់មាត់ ដោយសារតែបទចម្រៀងដែលមានចំណងជើងថា «ស្អាតជានិច្ច» របស់ ពេជ្រ សោភា និង លោក ដេវីដ ត្រូវបានក្រសួងព័ត៌មានចេញសេចក្តីប្រកាសហាមមិនឱ្យចាក់ផ្សាយតាមគ្រប់រូបភាព ដោយយោងថាបទនេះប្រាសចាកពីអត្ថន័យដើមនៃបទចម្រៀង និង អាចធ្វើឱ្យក្មេងខូច ។ យ៉ាងណា ក្រោយពីចេញសេចក្តីប្រកាសនេះ ពេជ្រ សោភា ក៏មិនបានអាក់អន់ស្រពន់ចិត្តអ្វីដែរ ពោលគឺនាងបាននិយាយប្រាប់«ប្រជាប្រិយ»ថា នាងគ្មានបញ្ហាអ្វីទេ បើក្រសួងចេញប្រកាសបែបណា នាងនឹងគោរពធ្វើតាមក្រសួងជានិច្ច ៕ សាកល

៥ ព័ត៌មានដ៏​កក្រើក​របស់​តារា​ល្បីៗ​ផ្ទុះឡើង​ដើមឆ្នាំ ២០១៦
៥ ព័ត៌មានដ៏​កក្រើក​របស់​តារា​ល្បីៗ​ផ្ទុះឡើង​ដើមឆ្នាំ ២០១៦