អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​គ្រោង​ដាំ​កូន​ឈើ​លើ​ដី​ព្រៃ​លិច​ទឹក​៨២៣​ហិកតារ​ដែល​ត្រូវ​ភ្លើង​ឆេះ

អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជលផល កំពុង​ការពារ​ផ្ទៃដី​ទំហំ​ជាង ៨០០​ហិកតារ​ដែល​ជា​ដី​ព្រៃ​លិច​ទឹក​ត្រូវ​ភ្លើង​ឆេះ​កាល​ពី​ពេល​កន្លង​ទៅ ដោយ​ដាំ​កូន​ឈើ​ឡើង​វិញ។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​អភិរក្ស​ធនធាន​ជលផល បញ្ជាក់​ថា ព្រៃ​លិច​ទឹក​មាន​សារសំខាន់ ដែល​រក្សា​មិន​ឲ្យ​អាកាសធាតុ​ប្រែប្រួល​ខ្លាំង និង​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ត្រី​ពង​កូន។

បញ្ហា​ភ្លើង​ឆេះ​រាល​ដាល​កាល​ពី​ខែ​មេសា និង​បន្ត​រហូត​មក​ដល់​ដើម​ខែ​ឧសភា នេះ បាន​ធ្វើ​ឲ្យ​ព្រៃ​លិច​ទឹក​នៅ​ស្រុក​បរិបូរណ៍ ៥៣០​ហិកតារ​ខូចខាត នៅ​ស្រុក​កំពង់លែង ២៨០​ហិកតារ និង​នៅ​ស្រុក​ជលគីរី ចំនួន ១៣​ហិកតារ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ខេត្ត។

ប្រធាន​មន្ទីរ​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ឆ្នាំង លោក ម៉ម ឈឿម ថ្លែង​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ថា បច្ចុប្បន្ន​គេ​មិន​សូវ​បារម្ភ​រឿង​ភ្លើង​ឆេះ​ព្រៃ​ទៀត​ទេ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លះ​ហើយ។ ចំពោះ​ព្រៃ​លិច​ទឹក​ដែល​ឆេះ​ទៅ​ហើយ​នោះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជលផល គ្រោង​ដាំ​កូន​ឈើ​ជួស​ឡើង​វិញ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ ហើយ​កូន​ឈើ​ដែល​ឆេះ​ក៏​អាច​រស់​ឡើង​វិញ​ខ្លះ​ដែរ៖ «វិធានការ គឺ​ដី​ហ្នឹង​មិន​ឲ្យ​ប្រើប្រាស់​ទេ​ត្រូវ​ការពារ​ទុក​វិញ ហើយ​គេ​ត្រៀម​ចុះ​ទៅ​បោះ​ស្លាក​សញ្ញា​ហាម​ឃាត់​កុំ​ឲ្យ​រុក​រាន ហើយ​ទី​ពីរ ថា​សួរ​ទៅ (មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល) ថា កូន​ឈើ​វា​មិន​ឆេះ​អស់​ទាំង​ស្រុង​ទេ ពេល​ណា​យើង​ការពារ​ទៅ​វា​ដុះ​ឡើង​វិញ»

វិទ្យុ​អាស៊ីសេរី មិន​ទាក់ទង​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង ទទួល​បន្ទុក​ជលផល លោក ចេង ញ៉ាន់ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​លម្អិត​លើ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ដោយ​ទូរស័ព្ទ​មិន​ចូល ខណៈ​ដែល​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​ប្រាប់​ថា​លោក​កំពុង​ជាប់​រវល់។

មន្ត្រី​សម្រប​សម្រួល​សហគមន៍​នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក សុផាត ថា​ការ​បាត់បង់​ព្រៃ​លិច​ទឹក គឺ​ដូចជា​បាត់​ជម្រក​ត្រី មនុស្ស និង​សត្វ​ដែរ។ ភ្លើង​បាន​ឆេះ​រាល​រាយប៉ាយ​នៅ​តំបន់​បី ហើយ​ព្រៃ​អភិរក្ស​ទំហំ ៨​ហិកតារ​នៅ​ចំណុច​បឹង​ទន្លាប់​នៃ​ស្រុក​បរិបូរណ៍ ក៏​ឆេះ​ស្ទើរ​ទាំង​ស្រុង​ដែរ។ លោក​ថា អាជ្ញាធរ និង​អង្គការ​របស់​លោក គ្រោង​ដាំ​កូន​ឈើ​ឡើង​វិញ​នៅ​តំបន់​នោះ៖ «ខាង​អង្គការ Fact គឺ​ថា​មាន​កម្មវិធី​ដាំ​កូន​ឈើ​ដែល​ជា​ព្រៃ​លិច​ទឹក​ឡើង​វិញ​នៅ​តំបន់​អភិរក្ស ហើយ​អាជ្ញាធរ​កំពុង​មាន​វិធានការ​ចំពោះ​ព្រៃ​ដែល​បាន​ឆេះ​ហ្នឹង គឺ​ថា​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ទៅ​កាប់​រុក​រាន​យក​ដី​ធ្វើ​ស្រែ ឬ​ចម្ការ​ទេ»

ករណី​ភ្លើង​ឆេះ និង​សកម្មភាព​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ទៅ​ធ្វើ​កម្មសិទ្ធិ ក៏​កើត​មាន​ខ្លះ​ដែរ​នៅ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​រលាប្អៀរ នៃ​ខេត្ត​កំពង់ឆ្នាំង។ បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​ត្រី​ពង​កូន​នៅ​រដូវ​ទឹក​ឡើង​ឆ្នាំ​នេះ ខណៈ​ដែល​ធនធាន​មច្ឆជាតិ​កាន់​តែ​ថមថយ​ទៅ​ហើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។